Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រនៃកម្ពុជា មានព្រះរាជឱង្កាអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន រួបរួមសាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋយើង ដើម្បីរួមចំណែកការពារ និង កសាងមាតុភូមិលើគ្រប់វិស័យ

ភ្នំពេញ ៖ ក្នុងមិទ្ទីញមហាជនអបអរសាទរខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅទីលានខាងមុខព្រះទីនាំងចន្ទច្ឆាយា ព្រះបរមរាជវាំង ព្រះអង្គបានមានព្រះរាជឱង្កាថា មហាសាមគ្គីជាតិទាំងមូលនេះ ជាមូលដ្ឋានធ្វើឱ្យស្ថានភាពសង្គមជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជាប្រភពកំណត់នៃការអភិវឌ្ឍលើវិស័យនានា ជាពិសេសវិស័យសេដ្ឋកិច្ច ដែលជាដង្ហើមរបស់ជាតិយើង។

ព្រះអង្គបានមានព្រះរាជឱង្កាបន្តថា សមិទ្ធផលដ៏ធំធេងទាំងឡាយ ដែលយើងសម្រេចបាននេះ ពិតជាបានមកតាមរយៈការខិតខំពង្រីកនូវវប្បធម៌សន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ការគោរពសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូរ របស់មនុស្ស ការការពារសន្តិសុខ សុវត្ថិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ការកែលម្អ អភិបាលកិច្ចដើម្បីលើកស្ទួយវិស័យសាធារណៈ និងសមធម៌សង្គម និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីបម្រើសំណូមពរនៃការអភិវឌ្ឍជាតិ ។ ព្រះករុណា ព្រះមហាក្សត្រក៏បានលើកឡើងផងដែរថា រយៈពេលកន្លងមក មាតុភូមិកម្ពុជា និងប្រជាពលរដ្ឋយើង មានការប្រែប្រួលមុខមាត់ថ្មី គួរឱ្យកោតសរសើរ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដ៏ឆ្លាតវៃ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយដ៏ ត្រឹមត្រូវក្នុងការប្រតិបត្តិតាមមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ កិត្យានុភាពជាតិល្បីរន្ទឺលើឆាកអន្តរជាតិ ស្របតាមគោលមាគ៌ាបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ជាព្រះរាជបណ្តាំបន្ថែមចុងក្រោយរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត នៅក្នុងឆ្នាំ២០១១។ ជាមួយគ្នានេះ យើងកំពុងតែសប្បាយរីករាយ និងទទួលផលជាវិជ្ជមានដែល ផ្តើមចេញពីកម្លាំងកសាង និងការពារជាតិ មាតុភូមិ ប្រកបដោយសុខដុមរមនារបស់ជនរួមជាតិយើង។

ព្រះករុណា ព្រះមហាក្សត្រ គូសបញ្ជាក់ទៀតថា តាមរយៈមហាមិទ្ទីញដ៏ឧត្តុង្គឧត្តមអធិកអធមនេះ យើងអាចសន្និដ្ឋានបានថា មាតុភូមិ និងប្រជាជនកម្ពុជាយើងពិតជានឹងទទួលបានអនាគតភ្លឺស្វាងក្នុងក្តីសង្ឃឹមខ្ពស់ រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយដែលធានាបានការឯកភាពជាតិដ៏រឹងមាំ។ ក្រោមទង់ដ៏ជាញជ័យនៃ មហាសាមគ្គីជាតិ ក្រោមទង់ដ៏សុខសាន្តនៃព្រះពុទ្ធសាសនា និងក្រោមបារមី ព្រះមហាក្សត្រ ដែលបុព្វបុរសជាតិ ជាព្រះស្ថាបនិកដ៏ល្បាញល្បីនៃការកសាងប្រាង្គប្រាសាទដ៏ល្អប្រណិត ស្កឹមស្កៃគ្រប់ទិសទីក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជាយើង ពិតជាពុំអាចមានសត្រូវណាមួយ រំលោភឈ្លានពានលើបូរណភាពទឹកដីបានឡើយ។ ព្រះអង្គ ក៏បានកោតសរសើរដោយស្មោះ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ប្រធាន ព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំនៃគ្រប់ក្រសួង-ស្ថាប័ន ដែលបានផ្តួចផ្តើម រៀបចំមហាមិទ្ទិញខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ ក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងមានស្ថិរភាពនយោបាយ និងសន្តិសុខជាតិត្រូវបានធានាពេញលេញ និងស្របពេលដែលរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា បានបំពេញភារកិច្ចដ៏ឧត្តមយ៉ាង សកម្មតាមតួនាទីរបស់ខ្លួន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×