Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការចាប់យកបរិវត្តកម្មឌីជីថល៖ អភិបាលកិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្ដាលស្ដីពី “ការចាប់យកបរិវត្តកម្មឌីជីថល៖ អភិបាលកិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល” ជូនអនុប្រធាន និងសមាជិកនៃ គ.រ.ឌ. នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំពីក្រសួង ស្ថាប័នពាក់ព័ន្ធ អនុប្រធាន និងសមាជិកនៃ គ.រ.ឌ. ទាំងអស់ ដែលមានចំនួនសរុបប្រមាណ ១០០នាក់។

វគ្គបណ្ដុះបណ្ដាលស្ដីពី “ការចាប់យកបរិវត្តកម្មឌីជីថល៖ អភិបាលកិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល” ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីអភិបាលកិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជូនដល់ថ្នាក់ដឹកនាំ និងសមាជិកទាំងអស់នៃ គ.រ.ឌ. ដើម្បីចូលរួមចំណែកក្នុងការពង្រឹងសេវាសាធារណៈប្រកបដោយទំនុកចិត្ត តម្លាភាព និងប្រសិទ្ធភាពខ្ពស់។
វគ្គបណ្ដុះបណ្ដាលនេះបានរៀបចំឡើង ដោយមានរួមបញ្ចូលវគ្គបទឧទ្ទេសនាម កិច្ចពិភាក្សា និងការចែករំលែកអំពីប្រធានបទសំខាន់ៗ និងបទពិសោធនានាពីសាស្ត្រាចារ្យ និងវាគ្មិនកិត្តិយសពីស្ថាប័នអន្តរជាតិពាក់ព័ន្ធនឹងនិន្នាការនៃការរីកចម្រើនរបស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដូចជាការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងវិស័យសាធារណៈនិងវិស័យឧស្សាហកម្ម ការកំណត់អត្តសញ្ញាណ និងកាត់បន្ថយហានិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការយល់ដឹងពីគោលការណ៍ចម្បងនិងក្របខណ្ឌនៃអភិបាលកិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដើម្បីបង្កើនប្រសិទ្ធភាព និងទាញយកផលប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ទស្សនៈវិស័យរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល គឺប្រែក្លាយដំណើរការការងាររដ្ឋាភិបាលកម្ពុជាឱ្យទៅជារដ្ឋាភិបាលឈ្លាសវៃដោយបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការផ្តល់សេវាសាធារណៈឱ្យបានល្អប្រសើរ និងបង្កើនទំនុកចិត្តពីធុរកិច្ចនិងប្រជាជនក្នុងរយៈពេល១៥ឆ្នាំ ដើម្បីជាឧត្តមប្រយោជន៍នៃការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×