Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ត្រាលីប្តេជ្ញាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ

ភ្នំពេញ ៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃទី៣១ខែតុលានេះ បានចេញផ្សាយព័ត៌មានថា កាលពីសប្តាហ៍មុន លោកជំទាវ Stephanie Copus Campbell ឯកអគ្គរដ្ឋទូតអូស្ត្រាលីទទួលបន្ទុកការងារសមភាពយេនឌ័រ បានជួបជាមួយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដើម្បីពិភាក្សាអំពីវឌ្ឍនភាពរបស់កម្ពុជា ចែករំលែកបញ្ហាប្រឈម និងការរៀនសូត្រក្នុងការលើកកម្ពស់ស្ត្រី និងកុមារី។

អូស្ត្រាលីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍផែនការសកម្មភាពអំពើហិង្សាផ្អែកលើយេនឌ័ររបស់កម្ពុជា និងគោលនយោបាយសមាហរណកម្មយេនឌ័រផ្សេងទៀត។ កិច្ចពិភាក្សាបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជំរុញអាទិភាពរួមគ្នា ដោយធានាថាបុគ្គលទាំងអស់ ជាពិសេសស្ត្រី និងកុមារីអាចចូលរួមដោយស្មើភាពគ្នាទាំងក្នុងជីវិតសង្គម សេដ្ឋកិច្ច និងនយោបាយ។
យើងមានមោទនភាពក្នុងការគាំទ្រដល់ការបើកដំណើរការ និងផ្សព្វផ្សាយរបស់ក្រសួងនូវយុទ្ធសាស្ត្រនារីរតនៈទី៦ (២០២៤-២០២៨) តាមរយៈ កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដោយភាពធន់ (CAPRED)។

បើតាមការផ្សាយរបស់ក្រសួងកិច្ចការនារី បានឲ្យដឹងថា លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានជួបលោកជំទាវ Stephanie Campbell ឯកអគ្គរាជទូតអូស្ត្រាលី ទទួលបន្ទុកការងារសមភាពយេនឌ័រ ជាសកល ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកិច្ចការនារី ។

នៅក្នុងជំនួបនេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរាជទូត បានផ្លាស់ប្តូរគ្នាអំពីបទពិសោធន៍និងលទ្ធផលសម្រេចបានរបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីលើវិស័យអប់រំ វិស័យសេដ្ឋកិច្ច និងក្នុងភាពជាអ្នកដឹកនាំ ។ លោកជំទាវក៏បានបង្ហាញបញ្ហាប្រឈមមួយចំនួនដែលផ្តោតសំខាន់ទៅលើអំពើហិង្សាផ្អែកលើយេនឌ័រតាមប្រព័ន្ធអនឡាញ អំពើហិង្សាក្នុងគ្រួសារ និងការគិតគូរអំពីថវិកាឆ្លើយតបយេនឌ័រ។

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានចែករំលែកអំពីក្របខណ្ឌយុទ្ធសាស្ត្រ ច្បាប់ និងផែនការសកម្មភាពជាតិ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ៥ឆ្នាំនារីរតនៈទី៦ និងយន្តការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី, គណៈកម្មាធិការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ, យន្តការបញ្ជ្រាបយេនឌ័រនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, កន្លែងផ្តល់សេវាចម្រុះជួយជនរងគ្រោះ, ការផ្តល់វគ្គបណ្តុះបណ្តាលដល់ស្ត្រីនៅមជ្ឍមណ្ឌលអភិវឌ្ឍន៍ស្ត្រី, និងការលើកកម្ពស់ភាពជាអ្នកដឹកនាំដល់ស្ត្រី ។
លោកជំទាវឯកអគ្គរដ្ឋទូតបានបង្ហាញនូវយន្តការសំខាន់ៗដែលអូស្ត្រាលីសម្រេចបានក្នុងការលើកកម្ពស់ សមភាពយេនឌ័រតាមរយៈការដាក់ចេញនូវថវិកាផ្អែកលើយេនឌ័រ (Gender Based Budgeting), ការបង្កើតវគ្គបណ្តុះបណ្តាញជំនាញវិជ្ជាជីវៈសម្រាប់យេនឌ័រ (TVET for Gender Equality), ស្ត្រីនិងបច្ចេកវិទ្យា (Women and Tech), ស្នាក់ការផ្តល់សុវត្ថិភាព (E-safety Commission), ការលើកកម្ពស់ការអប់រំដល់ស្ត្រី និងការគិតគូរអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើស្ត្រី ។

នៅចុងបញ្ចប់នៃកិច្ចជំនួបនេះ ស្ថាប័នទាំងពីនឹងពិនិត្យមើលទៅលើលទ្ធភាពក្នុងការគាំទ្រគ្នាទៅវិញទៅមកក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងក្មេងស្រី និងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី តាមរយៈទស្សនកិច្ចសិក្សា និងកិច្ចសហការលើគម្រោងនានា ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×