ភ្នំពេញ៖ ទីបំផុតលោក លី សាម៉េត ហៅគ្រូមា បានចូលសារភាព ហើយបាននាំខ្លួនពីខេត្តព្រះសីហនុ មកដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នាព្រលប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក លី សាម៉េត ហៅគ្រូមា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញមុខបកស្រាយ និងទទួលស្គាល់កំហុសទាំងអស់ដែលខ្លួនបានប្រព្រឹត្តកាលពេលកន្លងទៅ ព្រោះតែការលោភលន់។
ក្នុងវីដេអូដែលមានរយៈពេល៥នាទី លោក លី សាម៉េត បានសុំទោសទៅកាន់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលកន្លងទៅខ្លួនពិតជាបានយកឈ្មោះរបស់សម្ដេចតេជោ ហ៊ុន សែន ដើរបោកប្រាស់អ្នកដទៃប្រាកដមែន ហើយសកម្មភាពបោកប្រាស់នោះ មិនជាប់ពាក់ព័ន្ធជាមួយសម្ដេចបន្ដិចនោះឡើយ។ លោកបន្ដទៀតថា ការដែលខ្លួនយកឈ្មោះសម្ដេចតេជោ ទៅប្រើប្រាស់ដើម្បីផ្ដល់ទំនុកចិត្តដល់អ្នកដទៃ។
លោក លី សាម៉េត បន្ថែមទៀតថា រាល់អំពើបោកប្រាស់ដែលខ្លួនបានប្រព្រឹត្ត គឺធ្វើដោយចិត្តឯង មិនជាប់ពាក់ព័ន្ធបន្ដិចណាសោះជាមួយសម្ដេចតេជោនោះទេ។ លោកបញ្ជាក់ថា ខ្លួនមិនដែលទៅផ្ទះសម្ដេចសូម្បីតែម្ដង ហើយក៏មិនស្គាល់ផ្ទះសម្ដេចបែបមុខទៅណាដែរ ប៉ុន្ដែបានកុហកអ្នកដទៃថា ខ្លួនចេញចូលផ្ទះសម្ដេចពេលណាក៏បានដែរ។
បន្ទាប់ពីឃើញវីដេអូសារភាព និងសូមទោសរបស់ លោក លី សាម៉េត ចំពោះកំហុសរបស់ខ្លួនកន្លងទៅ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឱ្យសមត្ថកិច្ចនាំខ្លួន លោក លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី ដោយសម្តេចបានបញ្ជាក់ថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោស ត្រូវបានរួចខ្លួននោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖”ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និង
សូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។
ជំនួយការខ្ញុំម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោសដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ លី សាម៉េត នេះ។
ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួនហើយសូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។
លី សាម៉េត បានសុំពេលព្យាបាលខ្លួននៅផ្ទះមុនពេលចូលខ្លួនឱ្យតុលាការកាត់ទោស។ មិនអាចធ្វើបែបនេះបានឡើយនគរបាលយុត្តិធម៌ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី។
ខ្ញុំសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ”៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី