Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងឆាប់រហ័សតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តតាកែវ និងខេត្តកំពង់ស្ពឺ

នៅរសៀលថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងឆាប់រហ័សតាមបណ្ដោយផ្លូវជាតិលេខ៣ ម្តុំផ្សារត្រាំខ្នារ និងផ្សារប៉ាង្គសី ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។

សូមជម្រាបថា ស្ថានភាពទឹកភ្លៀងចុងឆ្នាំ២០២៤ ក្នុងរយៈពេលពីរបីថ្ងៃនេះបានធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនបានបង្កឱ្យមានជំនន់ទឹកភ្លៀងដែលបាននិងកំពុងជន់ឡើងជាហេតុបណ្តាលឱ្យមានការលិចលង់នៅតាមកំណាត់ផ្លូវជាតិលេខ៣ ម្តុំផ្សារត្រាំខ្នារ ចន្លោះគីឡូម៉ែត្រលេខ៤១ ដល់គីឡូម៉ែត្រលេខ៤៣ ស្ថិតក្នុងស្រុកគងពិសី និងម្ដុំផ្សារប៉ាង្គសី ចន្លោះគីឡូម៉ែត្រលេខ៥៣ ដល់គីឡូម៉ែត្រលេខ៥៥ ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា ជាដំណោះស្រាយបន្ទាន់ ក្រុមការងារអាជ្ញាធរមូលដ្ឋានស្រុកគងពិសី ខេត្តកំពង់ស្ពឺ សហការជាមួយអាជ្ញាធរស្រុក ក្នុងខេត្តតាកែវបានសម្រេចកាយប្រឡាយបើកមុខទឹក ដើម្បីរំដោះការជន់លិចលើកំណាត់ផ្លូវជាតិលេខ៣ និងពីតំបន់ជុំវិញអគាររោងចក្រ ទំលាក់ទៅតាមស្ទឹងស្លាគូ។ ជាមួយគ្នានេះដែរ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ក៏បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺជាបណ្តោះអាសន្ន ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន រហូតដល់មានសេចក្តីជូនដំណឹងសារជាថ្មី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×