(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ កាលពីម្សិលមិញនេះ វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែងស្នាដៃរចនាស្ថាបត្យកម្មទេសភាព «សហគមន៍បៃតង ឧទ្យាន មេគង្គ លែន» បានប្រព្រឹត្តឡើង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, និងការអញ្ជើញចូលរួមរបស់ ឯកឧត្តម ហង្ស សុតសំភារ អនុរដ្ឋលេខាធិការ និងអគ្គលេខាធិការគណៈស្ថាបត្យករកម្ពុជា, និង ការអញ្ជើញចូលរួមរបស់ អ្នកឧកញ៉ា ជាម ឃុនណាត ដែលជាអគ្គនាយក បុរី មេគង្គ លែន ដើម្បីបើកសន្ទរកថានៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែងស្នាដៃរចនាស្ថាបត្យកម្មទេសភាពនោះផងដែរ ។ លើសពីនេះ ក៏មានគណៈកម្មការវាយតម្លៃរហូតដល់ ១១រូប មកពីស្ថាប័នរដ្ឋ និងឯកជនដែលមានជំនាញនិងបទពិសោធន៍ផ្នែកស្ថាបត្យកម្មជាច្រើនឆ្នាំដូចជា៖
១. ឯកឧត្តម ជា ច័ន្ទថែបរ៉ាស អគ្គលេខារងនៃអគ្គលេខាធិកាដ្ឋានគណៈស្ថាបត្យករកម្ពុជា,
២. លោក បេងហុង សុជាតិសិលា ប្រធានផ្នែកចុះបញ្ជី និងគុណវុឌ្ឍនៃគណៈស្ថាបត្យករកម្ពុជា,
៣. លោក អ៊ុនផេង ពុធវិសាល ប្រធានសមាគមស្ថាបត្យករនៃកម្ពុជា,
៤. លោក ហ៊ុន ចាន់សាន អនុប្រធានសមាគមស្ថាបត្យករនៃកម្ពុជា,
៥. លោកស្រី ណុំ សុធារី អនុប្រធានសមាគមស្ថាបត្យករនៃកម្ពុជា,
៦. លោក ឆេង សូច័ន្ទណាវង្ស ជំនួយការអគ្គនាយក បុរី មេគង្គ លែន,
៧. លោក ឃីម សេរីវុឌ្ឍ អនុប្រធានផ្នែករចនា និងផែនការ បុរី មេគង្គ លែន,
៨. លោក សុខ ផេងបូណា អនុប្រធានសមាគមស្ថាបត្យករនៃអង្គរ,
៩. លោក ប៉ិល ដារ៉ារិទ្ធ អគ្គលេខាធិការសមាគមស្ថាបត្យករអង្គរ,
១០. លោកស្រី Sarunya Lormaneenopparat Director and landscape architect Saladesign Cambodia,
និង ១១. លោក Ruben Castillero Mortera Architect-Dean of Architecture Department, Paragon International University បានវាយតម្លៃ និងដាក់ពិន្ទុជូនដល់ក្រុមបេក្ខជន បេក្ខនារី ដោយតម្លាភាព និងសុក្រឹតភាពបំផុត ដោយរកឃើញក្រុមជ័យលាភីឆ្នើមចំនួន ៣ក្រុម៖
១. ក្រុមជ័យលាភីចំណាត់ថ្នាក់ទី១៖ ក្រោមប្រធានបទ The Mekong Park ដែលមានប្រធានក្រុមឈ្មោះ ឈឹម សុខពិសិទ្ធិ និងសមាជិកក្រុម ប្រុស សុខឃា និង ហ៊ាង ហ៊ុនថឺយ ទទួលបានពាន ១ និងថវិកា ១០,០០០,០០០រៀល។
២. ក្រុមជ័យលាភីចំណាត់ថ្នាក់ទី២៖ ក្រោមប្រធានបទ The Mekong Central Park ដែលមានប្រធានក្រុមឈ្មោះ នង សិលា និងសមាជិកក្រុម ឡេង ចាន់ទី និង ឡាយ វិសិដ្ឋ ទទួលបានពាន ១ និងថវិកា ៥,០០០,០០០រៀល។
៣. ជ័យលាភីចំណាត់ថ្នាក់ទី៣៖ ក្រោមប្រធានបទ ឧទ្យាន មេគង្គ លែន ៥ហិកតា ដែលមានបេក្ខជនឈ្មោះ ហ៊ុន តូហូរ ទទួលបានពាន ១ និងថវិកា ២,៥០០,០០០រៀល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបង្ហាញពីសេចក្តីពេញចិត្តជាខ្លាំងមកកាន់កម្មវិធីប្រកួតប្រជែងស្នាដៃរចនាស្ថាបត្យកម្មទេសភាព «សហគមន៍បៃតង ឧទ្យាន មេគង្គ លែន» នេះ ព្រោះវាជាការឆ្លើយតបដ៏មានប្រសិទ្ធភាពទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយសង្គមជាតិតាមរយៈស្ថាបត្យកម្ម។ លើសពីនេះទៅទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរនូវស្នាដៃគំនិតច្នៃប្រឌិតរបស់ប្អូនៗបេក្ខជនបេក្ខនារី និងអបអរសាទរចំពោះទេពកោសល្យស្នាដៃដែលស័ក្តិសមនឹងការទទួលបានពានរង្វាន់នេះ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ហង្ស សុតសំភារ អនុរដ្ឋលេខាធិការ និងអគ្គលេខាធិការគណៈស្ថាបត្យករកម្ពុជា បានមានប្រសាសន៍ក្នុងការបើកកម្មវិធីថា៖ «ការចូលរួមរបស់ប្អូនៗដែលជាបេក្ខភាព និងទស្សនិកជននៅថ្ងៃនេះជាសក្ខីភាពបញ្ជាក់អំពីការចូលរួមកសាងកម្លាំងរបស់ស្ថាបត្យកររបស់យើង ហើយខ្ញុំសង្ឃឹមថាការចូលរួមមួយនេះគឺជាការចូលរួមចំណែកយ៉ាងធំធេងមួយ ដែលជាការចាប់ផ្តើមរបស់យើងទាំងអស់គ្នា ហើយសកម្មភាពនៃកម្មវិធីប្រកួតប្រជែងមួយនេះ ជាគំរូដល់ក្រុមហ៊ុនឯកជនអចលនទ្រព្យផ្សេងៗទៀត ឱ្យផ្តោតនិងងាកមកមើលពីសារសំខាន់នៃការចូលរួមរបស់គណៈស្ថាបត្យករ ក្រោមការត្រួតពិនិត្យ និងការរៀបចំច្បាស់លាស់លើ សមិទ្ធផល និងស្នាដៃថ្មីៗ ដែលកើតចេញពី សមត្ថភាពរបស់ស្ថាបត្យករជំនាន់ក្រោយ»។
អ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយក បុរី មេគង្គ លែន បានថ្លែងអំណរគុណដល់ការសហការដ៏ល្អរបស់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងការរៀបចំកម្មវិធីនេះឡើងបានយ៉ាងរលូន ដែលជាការលើកទឹកចិត្តដល់ប្អូនៗយុវជនជំនាន់ក្រោយ។ ហើយអ្នកឧកញ៉ាក៏បានថ្លែងបន្តពីបេសកកម្មរបស់ បុរី មេគង្គ លែន ដែលមានគោលជំហរច្បាស់លាល់ក្នុងការចូលរួមលើកស្ទួយវិស័យអប់រំស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បុរី មេគង្គ លែន តែងតែផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតនូវថ្លៃសិក្សាទាំងស្រុងរហូតដល់ចប់បរិញ្ញាប័ត្រ លើជំនាញ សំណង់ស៊ីវិល និង ស្ថាបត្យកម្ម។ ហើយកម្មវិធីប្រកួតប្រជែងស្នាដៃរចនាស្ថាបត្យកម្មទេសភាពនេះទៀតសោត បានសបញ្ជាក់ពីការបន្តយកចិត្តទុកដាក់ចំពោះប្អូនៗនិស្សិតជំនាន់ក្រោយឱ្យមានឱកាសបានបង្ហាញពីទេពកោសល្យ និងលើកកម្ពស់វិស័យស្ថាបត្យកម្មនៅកម្ពុជា។ ជាក់ស្តែង ស្នាដៃដ៏អស្ចារ្យរបស់ក្រុមជ័យលាភីនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះក្នុង បុរី មេគង្គ លែន ជាមួយការជឿជាក់ថាសួនមួយនេះ បានដើរស្របនឹងទស្សនៈវិស័យរបស់ បុរី មេគង្គ លែន ក្នុងការផ្តោតទៅលើគុណភាពនៃការរស់នៅរបស់អតិថិជនដោយផ្តល់ជូននូវបរិដ្ឋានរស់នៅដែលពោររពេញដោយធម្មជាតិដ៏ស្រស់ត្រកាល ខ្យល់អាកាសបរិសុទ្ធ និងក្នុងគម្រោងទាំងមូលហ៊ុមព័ទ្ធទៅដោយដើមឈើត្រឈឹងត្រឈៃ ទេសភាពបៃតង ព្រមទាំងសួនច្បារដ៏ធំល្វឹងល្វើយដែលមានមុខងារដ៏ច្រើនសម្បូរបែប ដើម្បីធានាការរស់នៅប្រកបដោយគុណភាព ប្រណីតភាព ផាសុកភាព និងបរិយាកាសរស់នៅសុខដុមរមនា ជូនដល់អតិថិជនបន្តទៀត។
បុរី មេគង្គ លែន ក៏បានចូលរួមអបអរសាទរដល់ក្រុមជ័យលាភីទាំង ៣ក្រុម ដែលបានទទួលជ័យជំនះក្នុងកម្មវិធីប្រកួតប្រជែងស្នាដៃរចនាស្ថាបត្យកម្មទេសភាព «សហគមន៍បៃតង ឧទ្យាន មេគង្គ លែន» និងកោតសរសើរនូវទេពកោសល្យរបស់ប្អូនៗ, ការខិតខំប្រឹងប្រែង និងការចំណាយពេលវេលា រិះរកគំនិតច្នៃប្រឌិតថ្មី ធ្វើឱ្យបទបង្ហាញរបស់ប្អូនៗមានភាពទាក់ទាញជាខ្លាំងញក្នុងការប្រកួតប្រជែងនេះ។ ដោយឡែក សម្រាប់បេក្ខភាពក្រុមដែលមិនទទួលបានជ័យលាភី បុរី មេគង្គ លែន សូមលើកទឹកចិត្តដល់ប្អូនៗឱ្យខិតខំបន្ថែមទៀត ថ្វីត្បិតមិនបានជ័យលាភី តែប្អូនៗទទួលបានបទពិសោធន៍ថ្មី បណ្តាញទំនាក់ទំនងសង្គមថ្មី ក៏ដូចជាទទួលបានបច្ចេកទេស និងចំណេះដឹងថ្មីៗសម្រាប់ការអភិវឌ្ឍរបស់ប្អូនៗនៅថ្ងៃក្រោយ។
រៀបចំដោយ៖
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC)
គណៈស្ថាបត្យករនៃកម្ពុជា (BAC)
សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC)
សមាគមស្ថាបត្យករនៃកម្ពុជា (AAC)
សមាគមស្ថាបត្យករអង្គរ (AAA)
បុរី មេគង្គ លែន
ឧបត្ថម្ភទាំងស្រុងដោយ៖
បុរី មេគង្គ លែន
បុរី មេគង្គ លែន ផ្តើមជីវិតរីករាយនិងជោគជ័យនៅទីនេះ!