Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត​ បានអញ្ជើញជួបជជែកលេងជាមួយលោក ម៉ិច ដារ៉ា លើប្រធានបទជាច្រើន រួមទាំងសិទ្ធិសេរីភាព និងការទទួលខុសត្រូវ របស់អ្នកសារព័ត៌មាន

ភ្នំពេញ ៖ នៅថ្ងៃទី ២៥ តុលា ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានអញ្ជើញជួបជជែកលេងជាមួយប្អូនប្រុស ម៉ិច ដារ៉ា លើប្រធានបទជាច្រើន រួមទាំងសិទ្ធិសេរីភាពនិងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ដែលចាំបាច់ត្រូវផ្សព្វផ្សាយព័ត៌មានពិត និងដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានខុសពីការពិត នាំឲ្យអ្នកស្ដាប់ឬអ្នកអានព័ត៌មាន មានការយល់ច្រឡំខុស។

សម្តេចមហាបវរធិបតី បានបញ្ជាក់ថា “ខ្ញុំធ្លាប់ស្គាល់ប្អូនប្រុស ម៉ិច ដារ៉ា កន្លងទៅជាច្រើនឆ្នាំមកហើយ ប៉ុន្តែយើងមិនដែលមានឱកាសបានអង្គុយជជែកគ្នាលេងដូចពេលនេះ”។

លោក ម៉ិច ដារ៉ា ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ ដោយ​លោក​ទទួល​​បាន​អនុញ្ញាត​ឱ្យចាកចេញ​ពី​ពន្ធនាគារ​ ខេត្ត​កណ្ដាល កាល​ពីក្រោយ​ម៉ោង​ ១២ ថ្ងៃ​ត្រង់​​ នៃ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​តុលា បន្ទាប់​ពី​លោក​បាន​​សុំទោសចំ​ពោះ ​សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​​ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាម​រយៈ​វីដេអូ​ឃ្លីប កាល​ពី​យប់​ថ្ងៃទី២៣ ខែតុលា ឆ្នាំ​២០២៤ ។

លោក ម៉ិច ដារ៉ា ត្រូវបានតុលាការចោទ​ប្រកាន់​ ហើយក៏​​ជាប់​បម្រាម​តុលាការ​ចំនួន​ ៤ចំណុច គឺ​ទី​១ លោក ម៉ិច ដារ៉ា មិន​អាច​ចេញ​ក្រៅ​ប្រទេសបាន ​ទី​២ មិន​អាច​ផ្លាស់​ប្ដូរលំនៅ​​ដោយ​គ្មាន​ការ​អនុញ្ញាត ទី​៣ ត្រូវ​ឆ្លើយតបតាមការកោះហៅរបស់មន្ត្រីមានសមត្ថកិច្ច និង​ទី​៤ លោក ម៉ិច ដារ៉ា ត្រូវ​បង្ហាញ​ខ្លួន​​ចំពោះ​ប៉ូលិស​​ប៉ុស្តិ៍ផ្សារ​ដើម​ថ្កូវ នៅ​រៀងរាល់​បួន​សប្ដាហ៍​​ម្ដង ។

លោក ម៉ិច ដារ៉ាត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី30 ខែកញ្ញា ឆ្នាំ​២០២៤ ក្រោម​បទញុះញង់ទាក់ទងនឹងការបង្ហោះតាមបណ្ដាញ​សង្គម ដែលលោក​បានធ្វើកាលពីដើមខែកញ្ញា ។ តុលាការបានច្រាន​ចោល​សំណើសុំនៅក្រៅឃុំរបស់ លោក ម៉ិច ដារ៉ា កាលពីសប្ដាហ៍មុន ។
លោក ម៉ិច ដារ៉ា ជាអ្នកសារព័ត៌មានកម្ពុជា ដែលបាន​រាយការណ៍យ៉ាងសកម្ម អំពីការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា ហើយ​ក្នុងឆ្នាំ២០២៣ លោកឈ្នះបានពានរង្វាន់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រាប់​ការរាយការណ៍អំពី​អំពើជួញដូរមនុស្ស ។

លោក ម៉ិច ដារ៉ា ធ្លាប់ជាអ្នកសារព័ត៌មាននៃ​ស្ថាប័នសារព័ត៌មានឯករាជ្យមួយចំនួន ដូចជា សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) សារព័ត៌មានភ្នំពេញប៉ុស្តិ៍ និងវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី​ មុនពេលអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយមួយនេះត្រូវបានដកហូតកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ។ មុន​ពេល​ចាប់​ខ្លួន លោក ម៉ិច ដារ៉ា ជាអ្នកសារព័ត៌មានឯករាជ្យ​ (Freelance Journalist) ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×