ខេត្តកំពង់ចាម: ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងកំពង់ចាម បានថ្លែងចូលរួមអបអរសាទរ ចំពោះ លទ្ធផល នៃកិច្ចខិតខំប្រឹងប្រែង និងជូនដំណើរបន្តការសិក្សា ដល់សិស្សនិទ្ទេស A ទាំង ២៧នាក់ ក្នុងក្រុងកំពង់ចាម ទៅថ្នាក់កម្រិតឧត្ដមសិក្សា ជាបន្តទៀត ខណៈពេលដែល ពួកគាត់បានប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាឆ្នាំសិក្សា២០២៣-២០២៤ កន្លងទៅថ្មីៗនេះ ។ ការថ្លែងបែបនេះ នាឱកាស ឯកឧត្ដមអភិបាលខេត្ត អញ្ជើញក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្ស និទ្ទេស A ក្នុងក្រុងកំពង់ចាម ដែលពិធីនេះ បានរៀបចំ នៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានសំដែងការអបអរសាទរ និងកោតសរសើរ ចំពោះ ការខិតខំប្រឹងប្រែង របស់ក្មួយៗ ទាំង ២៧នាក់ រហូតទទួលបានជ័យលាភី នាពេលនេះ ។ ឯកឧត្ដម អភិបាលខេត្តកំពង់ចាម បានចាត់ទុក ការប្រឹងប្រែងរបស់ក្មួយៗ ទាំងអស់នេះ គឺជាភាពជោគជ័យ សម្រាប់ក្រុមគ្រួសារ និងឆាកជីវិត ជំហានដំបូងរបស់ខ្លួនឯង មុននឹងឈានឆ្ពោះទៅរកភាពជោគជ័យ ក្នុង ៣ដំណាក់កាល ជាបន្តបន្ទាប់ទៀត តាមរយៈ ការប្រឹងប្រែងបន្តទៀត គឺ ៖ ទី១.ការបញ្ចប់ការសិក្សា នៅកម្រិតឧត្ដមសិក្សា ។ ទី២.មានការងារល្អធ្វើ ។ និងទី៣.ការកសាងគ្រួសារ ប្រកបដោយសុភមង្គល ។ ឯកឧត្ដមអភិបាលខេត្ត ក៏បានលើកឡើងដែរថា ថ្វីត្បិតតែកត្តាជាច្រើន បានជម្រុញដល់ក្មួយៗ ទទួលបានលទ្ធផលល្អប្រសើរ ប៉ុន្តែ ភាពជោគជ័យនេះ ក៏មិនអាចកាត់ថ្លៃបាន ពីកត្តាសុខសន្តិភាព របស់ប្រទេសជាតិឡើយ ពីព្រោះថា បើគ្មានសុខសន្តិភាពទេ ក្មួយៗ ក៏មិនមានឱកាសគ្រប់គ្រាន់ ទទួលបានការអប់រំ និងការសិក្សារៀនសូត្រដែរ ។ ទន្ទឹមជាមួយនោះ ការប្រឹងប្រែងរៀនសូត្រ ក៏ដើម្បី ទទួលបានអ្នកបន្តវេន ប្រកបដោយថាមពល និងសក្ដានុពល ធ្វើយ៉ាងណា ជួយអភិវឌ្ឍសង្គមជាតិ ប្រកបដោយគុណធម៌ និងសច្ចៈធម៌ ។ ដូច្នេះ ទាមទារឲ្យក្មួយៗ ត្រូវតែបន្តការប្រឹងប្រែង នៅកម្រិតឧត្ដមសិក្សាឲ្យបានកាន់តែពូកែថែមទៀត ដើម្បី ក្លាយជាធនធានប្រកបដោយគុណភាព ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ នាពេលអនាគត ។
លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំខេត្តកំពង់ចាម ឲ្យដឹងថា ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ នៅទូទាំងខេត្ត មានសិស្សប្រលងជាប់សញ្ញាបត្រមធ្យមសិក្សា ចំនួន ៦.៦១០នាក់ ក្នុងនោះ សិស្សជាប់និទ្ទេស A ចំនួន ចំនួន ១១៥នាក់ និងដោយឡែក សិស្សជាប់និទ្ទេស A ក្នុងក្របខណ្ឌក្រុងកំពង់ចាម មានចំនួន ២៧នាក់ ។
សូមជម្រាបថា ដើម្បី ជាការលើកទឹកចិត្តចំពោះ ការខិតខំប្រឹងប្រែង ដល់សិស្សនិទ្ទេស A ទាំង ២៧រូប ឯកឧត្ដម អ៊ុន ចាន់ដា បានផ្ដល់ជូនរង្វាន់លើកទឹកចិត្ត ក្នុងម្នាក់ៗ កុំព្យូទ័រយូរដៃ ១គ្រឿង និងថវិកាចំនួន១លានរៀល ជាមួយនោះពួកគាត់ប្ដេជ្ញាចិត្តប្រឹងរៀនសូត្រក្លាយជាធនធានមនុស្សដ៏សំខាន់នៅក្នុងសង្គម៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី