Wednesday, November 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចមហាបវរធិបតី អំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប សូមបន្តការយកចិត្តទុកដាក់ និង អនុវត្តភារកិច្ចរបស់ខ្លួន ដើម្បីរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈសារលិខិតអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១១ បានផ្តល់អនុសាសន៍ ចំនួន ៨ចំណុច ក្នុងគោលបំណងលុបបំបាត់ បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ ឱ្យមានប្រសិទ្ធភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប សូមបន្តការយកចិត្តទុកដាក់ និង អនុវត្តភារកិច្ចរបស់ខ្លួន ដើម្បីរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ សំដៅរួមចំណែកអភិវឌ្ឍមូលធន មនុស្ស សង្គម បង្កើនប្រសិទ្ធភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ឈានឆ្ពោះទៅសម្រេចបាន គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០៣០ និងចក្ខុវិស័យសម្រាប់កម្ពុជាឆ្នាំ២០៥០

ក្នុងសារលិខិតនោះបានឲ្យដឹងថា ក្នុងឱកាសដ៏ប្រពៃនៃការប្រារព្ធ ទិវាជាតិអាហារូបត្ថម្ភ លើកទី១១ ឆ្នាំ២០២៤នេះ ក្រោមប្រធានបទ «អាហារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើន» និងក្នុងគោលបំណងលុបបំបាត់ បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ឱ្យមានប្រសិទ្ធភាព រាជរដ្ឋាភិបាល បានផ្តល់នូវអនុសាសន៍ដូចតទៅ៖

១៖ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលជាប្រធានក្រុមការងារបច្ចេកទេស ចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ត្រូវបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងតួអង្គពាក់ព័ន្ធដទៃទៀត រៀបចំ និងអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ និងធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវ ស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅកម្ពុជា ឆ្នាំ២០៣០ ដើម្បីឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមជាសកលនានា ដែលកើតមានឡើង។

២៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តធ្វើទំនើបកម្មកសិកម្ម ដើម្បីលើកកម្ពស់ ផលិតភាព ពិពិធភាវូនីយកម្មដំណាំ ដែលមានសក្តានុពលនិងទីផ្សារ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំ ដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ និងវារីវប្បកម្ម ព្រមទាំងកែលម្អគុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម សម្រាប់ការប្រើប្រាស់ក្នុងស្រុកនិងនាំចេញ តាមរយៈការស្រាវជ្រាវនិងផ្សព្វផ្សាយ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ គ្រាប់ពូជដំណាំ និងពូជសត្វដែលមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ទិន្នន័យស្តីពីការដាំដុះ និងការពារផលិតផលស្បៀងអាហារ ដែលកើតចេញពីធម្មជាតិ ដើម្បីលើកកម្ពស់សន្តិសុខស្បៀងនិង អាហារូបត្ថម្ភរបស់ប្រជាជន។

៣៖ ក្រសួងសុខាភិបាល ត្រូវបន្តអប់រំផ្សព្វផ្សាយឱ្យស្ត្រីទៅទទួលការប្រឹក្សាយោបល់ស្តីពីអាហារ នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយសម្រាល និងរក្សាទម្លាប់ បំបៅកូនដោយទឹកដោះម្តាយឱ្យបានល្អ រួមមាន ការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយក្នុងម៉ោងដំបូង ក្រោយពីសម្រាល និងបន្តការបំបៅកូនដោយទឹកដោះម្តាយនេះ ឱ្យបានរហូតដល់កុមារមានអាយុយ៉ាងតិចបំផុត ២ឆ្នាំ។

៤៖ សូមឱ្យមាតា បិតា ឬអាណាព្យាបាលនាំកូនដែលមានអាយុក្រោម២ឆ្នាំ ទៅមណ្ឌលសុខភាព ដើម្បីតាមដានសុខភាព និងតាមដានការលូតលាស់របស់កុមារ និងសូមនាំកុមារ ដែលមានអាយុចាប់ពី៦ខែ ដល់៥៩ខែ ទៅទទួលគ្រាប់ថ្នាំជីវជាតិអា ឱ្យបានពីរដងក្នុងមួយឆ្នាំ នៅតាមមណ្ឌលសុខភាព ឬនៅតាមមូលដ្ឋានសុខាភិបាលនានា ដើម្បីជួយដល់ការលូតលាស់របស់កុមារ និងជួយពង្រឹងប្រព័ន្ធរាងកាយទប់ទល់នឹង ការបង្ករោគផ្សេងៗ។

៥៖ គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ត្រូវបន្តកែលម្អប្រព័ន្ធស្បៀងបម្រុងកម្ពុជា ឱ្យមានលទ្ធភាពកាន់តែច្រើន និងអនុវត្តបានរហ័សទាន់សភាពការណ៍ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធ្វើអន្តរាគមន៍ជួយប្រជាពលរដ្ឋ តាមរយៈការផ្តល់ស្បៀងការផ្តល់គ្រាប់ពូជស្រូវ និងពូជដំណាំបន្លែ សម្រាប់ស្ដារការដាំដុះឡើងវិញ ក្រោយរងការខូចខាតដោយសារគ្រោះមហន្តរាយធម្មជាតិ ឬគ្រោះអាសន្ននានា និងជំរុញការដាំដុះបន្លែមានសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់គ្រួសារ ចូលរួមលើកកម្ពស់អាហារូបត្ថម្ភ បង្កើន ប្រាក់ចំណូល និងប្រាក់សន្សំ។

៦៖ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ ត្រូវបន្តជំរុញពង្រឹងការអនុវត្តលើតម្រូវការ ការប្រើប្រាស់ស្លាកសញ្ញាសម្គាល់ផលិតផល និងព័ត៌មានអាហារូបត្ថម្ភជាអក្សរខ្មែរលើគ្រប់មុខទំនិញ រួមទាំង អាហារបញ្ចូលមីក្រូសារជាតិ ដើម្បីជួយឱ្យអ្នកប្រើប្រាស់ធ្វើការសម្រេចចិត្តបានត្រឹមត្រូវក្នុងការជ្រើសរើស អាហារបរិភោគ និងត្រូវលើកកម្ពស់ការអប់រំអាហារូបត្ថម្ភដល់សិស្សានុសិស្ស តាមរយៈកម្មវិធីផ្តល់អាហារ តាមសាលារៀន ដោយប្រើប្រាស់កសិផល ក្នុងសហគមន៍ និងការផ្តល់សេវាអប់រំស្តីពីអាហារូបត្ថម្ភ ដូចជា ការទម្លាក់ព្រូន ការត្រួតពិនិត្យសុខភាព អនាម័យ និងការប្រឹក្សាយោបល់ ស្តីពីសុវត្ថិភាពចំណីអាហារជាដើម។

៧៖ ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភរាជធានី ខេត្ត អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចលនាប្រជាពលរដ្ឋឱ្យដាំដុះ និងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ តាមសហគមន៍ និងតាមសាលារៀន ដើម្បីបង្កើនភាពមានស្បៀងឱ្យបានគ្រប់គ្រាន់ ទាំងបរិមាណ គុណភាព សុវត្ថិភាព និងធានាឱ្យមានប្រភពស្បៀងអាហារចម្រុះមុខច្រើនជាងមុន ដើម្បីបរិភោគ រួមមានគ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ដែលសម្បូរទៅដោយសារជាតិចិញ្ចឹម និងបរិភោគទឹកមានសុវត្ថិភាព និងប្រតិបត្តិ អនាម័យ ដើម្បីទទួលបានអាហារូបត្ថម្ភ និងមានសុខភាពល្អ ជាពិសេសត្រូវបង្កើនចលនាយុវជនយល់ដឹងពីរបៀបធ្វើម្ហូបអាហារខ្មែរ និងលើកកម្ពស់ការបរិភោគអាហារចម្រុះបែបប្រពៃណីខ្មែរ ដោយប្រើប្រាស់អំបិល ស្ករ ខ្លាញ់ និងសារធាតុបន្ថែមរសជាតិផ្សេងៗទៀតក្នុងកម្រិតសមល្មម និងគាំទ្រដល់អ្នកផលិតម្ហូបអាហារ ខ្មែរដែលសម្បូរសារជាតិ និងមានសុវត្ថិភាព។

៨៖ សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូប រដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ម្ចាស់ក្រុមហ៊ុន ម្ចាស់សិប្បកម្ម អ្នកប្រកបមុខរបរអាជីវកម្មម្ហូបអាហារ ផ្សារទំនើប ភោជនីយដ្ឋាននានា រួមទាំងនៅតាម គ្រឹះស្ថានសិក្សា និងរមណីយដ្ឋានទេសចរណ៍ និងអ្នកលក់ដូរម្ហូបអាហារតាមដងផ្លូវ សូមចូលរួមទាំងអស់គ្នា ក្នុងការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការផលិត កែច្នៃ រក្សាទុក និងចែកចាយផលិតផលម្ហូបអាហារ ទាំងម្ហូបអាហារស្រស់ និងឆ្អិនស្រាប់ ឱ្យមានអនាម័យល្អ មានសុវត្ថិភាព និងគុណភាព ស្របតាមស្តង់ដាបច្ចេកទេស និងលក្ខខណ្ឌតម្រូវស្តីពីអនាម័យ និងសុវត្ថិភាពម្ហូបអាហារ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×