Thursday, November 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូនឯកឧត្តម ដូណាល់ ជេ. ត្រាំ (Donald J. Trump) ជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារលិខិតអបអរសាទរជូនឯកឧត្តម ដូណាល់ ជេ. ត្រាំ (Donald J. Trump) ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ។

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ៖

ឯកឧត្តមប្រធានាធិបតីជាប់ឆ្នោត ជាទីរាប់អាន!

តាងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការ អបអរសាទរយ៉ាងកក់ក្តៅបំផុត និងសូមជូនពរដល់ ឯកឧត្តម ក្នុងឱកាសដែល ឯកឧត្តម បានជាប់ឆ្នោត សាជាថ្មី ជាប្រធានាធិបតីទី៤៧ នៃសហរដ្ឋអាមេរិក។

ការជាប់ឆ្នោតសាជាថ្មីរបស់ ឯកឧត្តម នៅក្នុងមុខតំណែងដ៏ខ្ពង់ខ្ពស់នេះ គឺជាសក្ខីភាពមួយដែល បញ្ជាក់ពីភាពជឿជាក់ និងទំនុកចិត្ត ដែលប្រជាជនអាមេរិកមានចំពោះភាពជាអ្នកដឹកនាំ ចក្ខុវិស័យ និង បទពិសោធទូលំទូលាយរបស់ ឯកឧត្តម ទាំងក្នុងវិស័យឯកជន និងសាធារណៈ។ ខ្ញុំមានទំនុកចិត្តយ៉ាង មុតមាំថា ក្នុងនាមជាប្រធានាធិបតី ឯកឧត្តម នឹងមិនត្រឹមតែដឹកនាំសហរដ្ឋអាមេរិកឆ្ពោះទៅរកអនាគត មួយកាន់តែរុងរឿងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបន្ថែមទៀតដល់សន្តិភាព ស្ថិរភាព និងវិបុលភាព ពិភពលោកទាំងមូលផងដែរ។

ស្របពេលដែលយើងនឹងប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-សហរដ្ឋអាមេរិកនៅ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ខ្ញុំជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួម និងការ យោគយល់ និងការគោរពគ្នាទៅវិញទៅមក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង ប្រាកដជានឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។ ក្នុងនាមខ្ញុំជាប្រធានព្រឹទ្ធសភានៃកម្ពុជា ខ្ញុំនៅតែបន្ត ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម រដ្ឋបាលរបស់ ឯកឧត្តម និងសភាសហរដ្ឋអាមេរិក ជាពិសេស ព្រឹទ្ធសភា ដើម្បីលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយូរអង្វែងរបស់យើង ទាំងក្នុងក្របខណ្ឌទ្វេភាគី និងក្របខណ្ឌពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេស និង ប្រជាជនយើងទាំងពីរ។

សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុតសាជាថ្មីពីខ្ញុំ និងសូមជូនពរ ឯកឧត្តម សូមសមប្រកបដោយសុខភាពល្អនិងជោគជ័យត្រចះត្រចង់គ្រប់ភារកិច្ច ព្រមទាំងសូមជូនពរក្រុមគ្រួសារ ឯកឧត្តម និងប្រជាជនអាមេរិកទាំងអស់ សូមសមប្រកបដោយសុខភាពល្អ និងសុភមង្គល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×