Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ផលិតបានមាសចំនួន ៨១៩ដុំ ស្មើនឹងជាង ១២,៥តោន នៅខេត្តមណ្ឌលគិរី គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ

ភ្នំពេញ៖ គិតត្រឹមដើមឆ្នាំ ២០២៤នេះ ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនចំនួន ៩ សម្រាប់ធ្វើអាជីវកម្មចម្រាញ់រ៉ែមាសក្នុងខេត្តចំនួន ៦ នៅប្រទេសកម្ពុជា។ ក្រុមហ៊ុនទាំង ៩នោះ រួមមាន៖ ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd នៅខេត្តមណ្ឌលគិរី, ក្រុមហ៊ុន Xinshan នៅខេត្ដព្រះវិហារ, ក្រុមហ៊ុន ឌែលខម (Delcom Cambodia) នៅខេត្ដព្រះវិហារ, ក្រុមហ៊ុន Rong Cheng នៅខេត្ដមណ្ឌលគិរី, ក្រុមហ៊ុន Xing Yuan នៅខេត្តក្រចេះ, ក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD នៅខេត្តកំពង់ធំ, ក្រុមហ៊ុន ភូយ៉ាង នៅខេត្តបាត់ដំបង, ក្រុមហ៊ុន ខេមបូឌាន ខេ៨៨ អ៊ិនដាសស្ទ្រី ឯ.ក នៅខេត្តកំពង់ធំ និងក្រុមហ៊ុនមួយផ្សេងទៀត នៅខេត្តរតនគិរី។

គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ កម្ពុជាផលិតបានមាស ចំនួន ៨១៩ដុំ ស្មើនឹងជាង ១២,៥តោន នៅក្នុងខេត្តមណ្ឌលគិរី ក្នុងនោះក្រុមហ៊ុន Renaissance Minerals ផលិតបាន ៨០៧ដុំ ស្មើនឹងប្រមាស ១២.៥៣៦គីឡូ និងក្រុមហ៊ុន Rong Cheng ផលិតបាន ១២ដុំ ស្មើនឹងប្រមាណ ២២គីឡូ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល។

នៅក្នុងសន្និសីទសារព័ត៌មានរបស់មន្រ្តីក្រសួងរ៉ែ និងថាមពល អំពីយុទ្ធនាការបង្គ្រាបអាជីវកម្មរ៉ែមាសអាណាធិបតេយ្យ ក្នុងភូមិសាស្រ្តតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃទី ៦ខែវិច្ឆិកានេះ ឯកឧត្តម អ៊ឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើអាជីវកម្មរ៉ែមាសយ៉ាងអាណាធិបតេយ្យ ពិសេសនៅខេត្តមណ្ឌលគិរី សូមបញ្ឈប់សកម្មភាពរបស់ខ្លួន ព្រោះការធ្វើអាជីវកម្មរ៉ែមាសអាណាធិបតេយ្យនេះ បានបង្កនូវការបាត់បង់ទ្រព្យសម្បត្តិជាតិ ប៉ះពាល់ដល់សុខភាព និងសុវត្ថិភាព ព្រមទាំងប៉ះពាល់ដល់បរិស្ថាន។

ឯកឧត្តម បានអះអាងថា ក្រសួងរ៉ែ និងថាមពល បានប្ដេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែមាសអាណាធិបតេយ្យ និងជំរុញឲ្យការធ្វើអាជីវកម្មរ៉ែមាស ដោយស្រប់ច្បាប់ នាំមកនូវផលប្រយោជន៍ជាតិ, បង្កើនឲ្យមានការងារទាំងនៅកន្លែង និងប្រយោល ព្រមទាំងបង្កើតប្រភពចំណូលរបស់ជាតិបន្ថែមមួយទៀត និងបំបាត់ផលប៉ះពាល់ដល់បរិស្ថានការងារ និងសង្គម។

អាជីវកម្មអនាធិបតេយ្យទាំងនេះ បន្តបង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្តិជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ បរិស្ថាន បង្កជាហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពរបស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯង ព្រមទាំងប្រជាពលរដ្ឋនៅក្នុងនិងក្រៅមូលដ្ឋាន។

ក្រសួងរ៉ែ និងថាមពល ប្តេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ ដែលជាការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការ បំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍសហគមន៍មូលដ្ឋាន តាមរយៈការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាព។

ការបង្ក្រាបលើកនេះ ក្រសួងរ៉ែ និងថាមពល បានដាក់ចេញនូវវិធានការតឹងរឹងចំពោះជនល្មើស ដែលមិនរាងចាល និងបានកាត់ផ្តាច់មធ្យោបាយនានាដែលគាំទ្រដល់សកម្មភាពល្មើសច្បាប់។

ក្រសួងរ៉ែ និងថាមពល សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ ហើយចូលរួមទប់ស្កាត់ ដោយធ្វើការជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យមកក្រសួងរ៉ែ និងថាមពល តាមរយៈប្រព័ន្ធទូរសព្ទ័លេខ០៩៥ ៧២៧ ៧២៧៕

×