នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yuan Zhongxue ប្រធានកិត្តិយសក្រុមហ៊ុន Sailun Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនៃជំនួប លោកប្រធានកិត្តិយសក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅតាមបណ្ដាប្រទេសមួយចំនួន និងវឌ្ឍនភាពនៃការវិនិយោគ ក៏ដូចជាកិច្ចសហការរបស់ក្រុមហ៊ុនជាមួយនឹងស្ថានប័នមួយចំនួនរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ ទន្ទឹមនឹងនោះ លោកប្រធានកិត្តិយសក្រុមហ៊ុនក៏បានគូសបញ្ជាក់អំពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងព្រះរាជាណាក្រកម្ពុជា ដោយផ្ដោតទៅលើ (១). ការកែច្នៃផលិតផលកៅស៊ូ ដើម្បីផលិតចេញជាផលិតផលផ្សេងៗ ដែលមានដូចជាសំបកកង់រថយន្តជាដើម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ, និង (២). ការបង្កើតសួនឧស្សាហកម្មសម្រាប់ខ្សែច្រវាក់ផលិតកម្មនៃឧស្សាហកម្មកែច្នៃកៅស៊ូ ក៏ដូចជាសមត្ថភាពផលិតរបស់ក្រុមហ៊ុននៅក្នុងតំបន់ផងដែរ។
ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវការអបអរសាទរចំពោះភាពជោគជ័យរបស់ក្រុមហ៊ុននៅក្នុងទីផ្សារពិភពលោក ក៏ដូចជាការរីកចម្រើនរបស់ក្រុមហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបវរធិបតីក៏បានសម្ដែងនូវការស្វាគមន៍ និងគាំទ្រចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគរបស់ខ្លួន ក្នុងការបង្កើតឱ្យមាននូវប្រព័ន្ធអេកូស៊ីស្ទឹមពេញលេញនៅក្នុងការផលិតសំបកកង់រថយន្តនៅក្នុងសួនឧស្សាហកម្មនេះ គឺជាចំណុចមួយដ៏ល្អ ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យគិតគូរទៅដល់ការបង្កើតនូវខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងស្រុក ក៏ដូជាទីផ្សារអន្តរជាតិផងដែរ។ សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសហការ និងពិភាក្សាបន្ថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយគោលបំណងពង្រីកការវិនិយោគនេះឱ្យទៅជាសកម្មភាពជាក់ស្ដែងផងដែរ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី