បន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង០០និង៣០នាទី ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះល្បាត ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្រុង រហូតដល់ចំណុចម្តុំស្តុបផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ប្រទះឃើញជនសង្ស័យចំនួន០២នាក់ កំពុងជិះម៉ូតូមួយគ្រឿង រុញម៉ូតូ០១គ្រឿងទៀតពីក្រោយ ភ្លាមនោះកម្លាំងក៏បានចុះទៅសួរនាំ ធ្វើឱ្យជនសង្ស័យ ម្នាក់ភ័យក៏ផ្ដួលម៉ូតូរត់គេចខ្លួនបាត់ ហើយឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ ឈ្មោះ ឡុង រ៉ូសា ហៅ សា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ និងដកហូតម៉ូតូចំនួន០២គ្រឿង រួមទាំងដែកកែច្នៃសម្រាប់ធ្វើសកម្មភាពកាច់សោកម៉ូតូចំនួន០១ដើម ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ និងបានធ្វើតេស្ដរកសារធាតុញៀនជាលទ្ធផលវិជ្ជាមាន(+)។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ទើបដឹងថាជនសង្ស័យបានលួចម៉ូតូរបស់គេពិតប្រាកដមែន។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ក៏ទទួលបានការអនុញ្ញាត ពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ និងត្រូវបានប្រគល់ជូនម្ចាស់ដើមវិញហើយដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី