អបអរសាទរអង្ករប្រណិតរបស់ខ្មែរ ដែលជាប់ជាអង្ករល្អដាច់គេលើលោកជាថ្មីម្ដងទៀត នៅក្នុងកម្មវិធី «សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤» នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រីកម្ពុជាបានថ្លែងអបអរសាទរ អង្ករក្រអូបប្រណិតកម្ពុជា ម៉ាក « ម្លិះអង្គរ » ពូជស្រូវផ្ការំដួល ដែលបានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេ លើពិភពលោក ជាលើកទី៦ ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោក នៅក្នុងកម្មវិធី « សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤ » ( World Best Rice ) ទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ថ្ងៃទី៧ វិច្ឆិកា ២០២៤ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំ ២០២៤ នេះលោកជំទាវអ៊ឹម រចនា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានថ្លែងយ៉ាងដូច្នេះថា នេះគឺជាលើកទី៦ហើយ ដែលអង្ករខ្មែរបានទទួលពានរង្វាន់ជាអង្ករល្អដាច់គេលើលោក ដោយលើកទី១ ទទួលបាននៅឆ្នាំ២០១២, លើកទី២ នៅឆ្នាំ ២០១៣, លើកទី៣ នៅឆ្នាំ២០១៤, លើកទី៤ នៅឆ្នាំ២០១៨, លើកទី៥ នៅឆ្នាំ២០២២, និងលើកទី៦ នៅឆ្នាំ២០២៤។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមលើកទឹកចិត្តដល់បងប្អូនប្រជាកសិករ ងាកមកដាំស្រូវផ្ការំដួល និងសែនក្រអូប ជាពូជរបស់ខ្មែរ ដែលមានរសជាតិឆ្ងាញ់ មានទីផ្សារនិងកិត្តិនាមល្អ ទាំងនៅក្នុងតំបន់ និងពិភពលោក៕រក្សាសិទ្ធដោយ ៖ សុទ្ធលី