Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានជំរុញឱ្យកងទ័ពបន្តពង្រឹង និងអភិវឌ្ឍវិស័យការពារជាតិរបស់កម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធី មិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើត កងយោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣ – ០៩ វិច្ឆិកា ២០២៤) ដែលបានឆ្លុះបញ្ចាំងពីសមិទ្ធផល ស្នាដៃនិងប្រវត្តិនៃការតស៊ូឆ្លងកាត់នូវដំណាក់កាលធំៗជាច្រើន រហូតសម្រេចបាននូវជោគជ័យ ជាប្រវត្តិសាស្រ្តរបស់ប្រទេសជាតិមាតុភូមិនិងប្រជាជន។

នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា យើងទាំងអស់គ្នាចងចាំជានិច្ចនូវគំរូវីរភាព និងគុណូបការៈដ៏ឧត្តុង្គឧត្តមនេះ ហើយប្តេជ្ញាយកអស់កម្លាំងកាយ កម្លាំងចិត្តនិងប្រាជ្ញាស្មារតី ដើម្បីការពារនិងកសាងប្រទេសជាតិឱ្យកាន់តែ រីកចម្រើនឡើង និងស្ថិតស្ថេរគង់វង្សជារៀងរហូត ដែលប្រព្រឹត្តទៅនៅទីស្ដីការក្រសួងការពារជាតិ ។

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចេញមកបញ្ជាក់ជាថ្មីថា កងយោធពលខេមរភូមិន្ទ ត្រូវការពារដាច់ខាតរដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល ស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ការពារសមិទ្ធផលសង្គមជាតិ និងការពារផលប្រយោជន៍ប្រជាជន។ ដោយឡែកបដិវត្តន៍ពណ៌ គឺជាសត្រូវរបស់ប្រជាជននៅក្នុងយុគសម័យកម្ពុជាមានសន្តិភាព។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា ទោះបីប្រឈមជាមួយនឹងបញ្ហាស្មុគស្មាញយ៉ាងក្តី ប៉ុន្តែរាជរដ្ឋាភិបាល​នីតិកាលទី៧ ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅតែថែរក្សា ការពារបានយ៉ាងរឹងមាំ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជីវភាពសង្គម សេដ្ឋកិច្ចមានដំណើរការល្អជាប្រក្រតី។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ថា ចំពោះសភាពការណ៍ក្នុងកងយោធពលខេមរភូមិន្ទ កន្លងមកក៏ដូចជាបច្ចុប្បន្ន កងកម្លាំងរបស់យើង នៅតែរក្សាបានភាពស្មោះត្រង់និងភាពដាច់ខាតនៅក្នុងកិច្ចការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ និងត្រៀមលក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការរដ្ឋាន។

រដ្ឋមន្ត្រីការពារជាតិ បានឱ្យដឹងថា កងទ័ពបានអនុវត្តទៅតាមយុទ្ធសាស្ត្រ៣ នៃសកម្មភាព ប្រតិបត្តិការ និងអភិវឌ្ឍ១០ ដែលរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់លើកិច្ចការការពារបូរណភាពទឹកដី ដោយឈរលើការប្ដេជ្ញាចិត្ត ស្មារតីទទួលខុសត្រូវ ឆន្ទៈមោះមុត ការគោរពវិន័យ និងភាពបត់បែនដើម្បីរក្សា សន្តិភាព និងពង្រឹង សន្តិសុខនៅតាមព្រំដែន។

ទន្ទឹមនឹងនេះ កងទ័ពបន្ទាប់ពីសង្គ្រាមបានចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការទាំងឡាយ ដែលពាក់ព័ន្ធជាមួយនឹងការកើតឡើងនៃគ្រោះមហន្តរាយ បានឆ្លងកាត់ការងារលំបាកជាច្រើនដូចជា៖ ទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត និងយុទ្ធនាការនៅក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេស រួមចំណែកដើម្បីជួយសង្គ្រោះគ្រោះមហន្តរាយដល់អាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងរាតត្បាតផ្សេងៗ។ ចំណុចនេះជាសក្ខីភាពបានបង្ហាញច្បាស់ថាកងទ័ព បានធ្វើកិច្ចការជាច្រើនស្របជាមួយនឹងគោលនយោបាយខឿនការពារជាតិរបស់ប្រជាជន។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានគូសបញ្ជាក់ថា មកដល់ពេលនេះ ប្រជាជនរស់នៅក្រោមម្លប់នៃសន្តិភាព ភាពសប្បាយរីករាយ រុងរឿង សុខដុមរមនា ជាមួយគ្រួសារខ្មែរតែមួយ។ រីឯ បដិវត្តន៍ពណ៌ គឺជាសត្រូវរបស់ ប្រជាជនកម្ពុជាក្នុងយុគសម័យកម្ពុជាមានសន្តិភាព ហើយការប្រើឧបាយកលបដិវត្តន៍ពណ៌ ដែលជាយុទ្ធវិធីនយោបាយលាបពណ៌ដើម្បីផ្លាស់ប្ដូរបស់ពួកអ្នកនយោបាយប្រឆាំងជ្រុលនិយម និងបក្ខពួកបរទេសមួយចំនួនតូច នៅក្រៅប្រទេសតាមរយៈការបំផុសឱ្យមានកម្លាំងមហាជនក្រោកឈរឡើងបះបោរបង្កភាពចលាចល មិនទុកចិត្តគ្នាក្នុងសហគមន៍ជាតិ ជាពិសេសការបំផុសបំផុលដែលអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ បះបោរផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក៏ដូចជាការប្រមាថដល់អង្គព្រះមហាក្សត្រជាទីសក្ការៈ គឺជាអំពើក្បត់ជាតិធ្ងន់ធ្ងរ ប្រឆាំងបំពានរដ្ឋធម្មនុញ្ញ និងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបំផ្លាញដល់សន្តិភាព បំផ្លាញប្រជាធិបតេយ្យ និងសេរីភាពរបស់ប្រជាជនកម្ពុជា។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានជំរុញឱ្យកងទ័ពបន្តពង្រឹង និងអភិវឌ្ឍវិស័យការពារជាតិរបស់កម្ពុជា ដោយឈរលើមូលដ្ឋាននៃការគោរពរដ្ឋធម្មនុញ្ញ ច្បាប់ជាតិនិងអន្តរជាតិ។ ការពាររឹងមាំដាច់ខាតនូវ ឯករាជ្យអធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះត្រូវបន្តពង្រឹងខឿនការពារជាតិកម្ពុជា ដោយយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍកងកម្លាំងឱ្យក្លាយជាកងទ័ពដែលមានវិជ្ជាជីវៈខ្ពស់ មានស្មារតី ឆន្ទៈដាច់ខាតស្មោះត្រង់ចំពោះជាតិមាតុភូមិ និងប្រជាជន គោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទប្បញ្ញត្តិ សារាចរណែនាំ លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ បទដ្ឋានគតិយុត្ត ប្រកាន់ខ្ជាប់នូវប្រពៃណី និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ និងក្លាយជាកម្លាំងពិត ដើម្បីការពារជាតិមាតុភូមិ និងប្រជាជន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×