នៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះសមាគមសហគ្រិនស្ត្រីកម្ពុជា បានរៀបចំ ទិវាសហគ្រិនស្ត្រីកម្ពុជាប្រចាំឆ្នាំ ២០២៤ (“Cambodia Women Entrepreneur’s Day 2024” ក្រោមអធិបតីភាព លោកជំទាវ សុខ ច័ន្ទឆវី រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
វេទិកានៅថ្ងៃនេះប្រព្រឹត្តឡើងក្នុងគោលបំណងបង្ហាញអាជីវកម្មដែលដឹកនាំដោយស្រ្តី និងជាគំរូក្នុងការជំរុញលើកទឹកចិត្តដល់សហគ្រិនស្រ្តីបន្ថែមលើនោះគឺដើម្បីអបអរសាទរសហគ្រិនស្ត្រីទូទាំងប្រទេស ។
នៅក្នុងទិវានេះ មានការដាក់តាំងបង្ហាញផលិតផលក្នុងស្រុក និងផលិតផលជាច្រើនមុខផ្សេងទៀត ជាពិសេសគឺមាន កិច្ចពិភាក្សាក្រោមប្រធានបទ “ការពង្រឹងភាពអង់អាចរបស់ស្រ្តីក្នុងសេដ្ឋកិច្ចបៃតង” ពីវាគ្មិនជំនាញ និងអ្នកមានបទពិសោធន៍ នៅក្នុងវិស័យនេះផងដែរ។
លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា (ស.ស.ស.ក.)បានឱ្យដឹងនៅក្នុងវេទិកានេះថា ការបង្កើតវេទិកាសហគ្រិនស្រ្តីកម្ពុជាប្រចាំឆ្នាំ២០២៤ដោយមានបញ្ចូលកម្មវិធីប្រគល់ពានរង្វាន់ សហគ្រិនស្រ្តីឆ្នើមក្នុងសេដ្ឋកិច្ចបៃតងក្នុងគោលបំណងដើម្បីលើកកម្ពស់យេនឌ័រពង្រឹងភាពអង់អាចក្លាហាននិងភាពឆ្នៃប្រឌិតអាជីវកម្មរបស់ស្រ្តីដោយផ្តោតលើសេដ្ឋកិច្ចបៃតង(ធុរកិច្ចបៃតង)ដែលនេះជាការចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌តាមរយៈការធ្វើធុរកិច្ចដែលមានការយកចិត្តទុកដាក់ពីផលប៉ះពាល់បរិស្ថានការលើកកម្ពស់សុខមាលភាពសង្គមការថែរក្សាការលើកស្ទួយសេដ្ឋកិច្ចបរិស្ថានប្រកបដោយចីរភាព។
លោកជំទាវលើកឡើងបន្ថែមថាកម្មវិធីប្រគល់ពានរង្វាន់ សហគ្រិនស្រ្តីឆ្នើមក្នុងសេដ្ឋកិច្ចបៃតង បានចំណាយពេលវេលាជាង២ខែគិតចាប់ពីការប្រកាសរើសបេក្ឋភាព ការជម្រុះបេក្ខភាព និងប្រកួតជ្រើសរើសឈានដល់វគ្គផ្តាច់ព្រ័ត្រមានបេក្ខនារី១៥រូប ហើយដែលនឹងជ្រើសរើសទទួលពានចំនួន៧រូប។ដោយឆ្លងកាត់វគ្គធ្វើបទបង្ហាញពីអាជីវកម្ម និងវគ្គឆ្លើយសំណួរពីគណៈកម្មការយ៉ាងសុក្រិត និងច្បាស់លាស់បំផុត។
សមាគមសហគ្រិនស្ត្រីកម្ពុជា ជាអ្នកតំណាងសំឡេងសហគ្រិនស្ត្រីនៅក្នុងប្រទេសកម្ពុជា និងតែងតែដើរតួយ៉ាងសំខាន់នៅក្នុងការចូលរួមជាមួយរដ្ឋាភិបាលក្នុងការបង្កើតគោលនយោបាយរួម។ គួររំលឹកផងដែរថា សមាគមសហគ្រិនស្រ្តីកម្ពុជាត្រូវបានបង្កើតជាផ្លូវការ នៅឆ្នាំ២០១២ ដោយស្ថាបនិកជាស្រ្តីចំនួន១៥រូប ក្រោមគំនិតផ្តួចផ្តើមដោយ លោកជំទាវកិត្តិបណ្ឌិតអ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី, លោកស្រី លីលី ស៊ីសម្បត្តិ និងការចូលរួមគាំទ្រពីធនាគារពិភពលោក។
ថ្លែងសន្ទរកថាបើកលោកជំទាវ សុខ ចន្ទឆវី រដ្ឋលេខាធិការក្រសួងកិច្ចការនារីបានឱ្យដឹងថាថ្ងៃនេះជាវេទិកាសំខាន់មួយនៃការពិភាក្សាអំពីកាលានុវត្តន៍ភាព បញ្ហាប្រឈម និងយុទ្ធសាស្រ្តសម្រាប់ដោះស្រាយរួមគ្នាក៏ដូចជាការកសាងភាពធន់ និងសមត្ថភាពឱ្យទាន់សភាពការណ៍ នូវបំលាស់ប្តូរក្នុងប្រទេសកម្ពុជា និងសកលលោកផងដែរ។ដូច្នេះដើម្បីឈានចូលដល់សេដ្ឋកិច្ចបៃតងគឺយើងត្រូវការមានធនធាន មានសមត្ថភាព មានថវិកា និងមានការគាំទ្រ។
សូមបញ្ជាក់ថានៅក្នុងវេទិកានេះមានការចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជាថ្នាក់ដឹកនាំស្ថាប័ននានា តំណាងសមាគមសហគ្រិនស្រ្តីជាតិ អន្តរជាតិ ប្រមាណជា២០០នាក់។
ទំនាក់ទំនង : 0716140005
Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91