ភ្នំពេញ ៖ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ បានស្នើសុំឲ្យកីឡាករ កីឡាការិនីអុំ ចែវទូកនិងប្រជាពលរដ្ឋ ចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា និងសុំឲ្យអាជីវករលក់ដូរទាំងអស់កុំតម្លើងថ្លៃម្ហូបអាហារក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក ដែលនឹងប្រព្រឹត្តទៅនាប៉ុន្មានថ្ងៃខាងមុខនេះ។
ការស្នើសុំនេះរបស់ឯកឧត្ដមឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១២វិច្ឆិកា នេះ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ខណៈឯកឧត្តមនិងលោកជំទាវអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី សម្រាប់ការប្រណាំងទូកថ្នាក់រាជធានីភ្នំពេញនៅរសៀលថ្ងៃទី១២វិច្ឆិកានេះ និងបួងសួងសុំសេចក្តីសុខជូនប្រជាពលរដ្ឋទាំងអស់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុកនាពេលខាងមុខ ក្នុងនាមរាជធានីភ្នំពេញជាម្ចាស់ផ្ទះជាកន្លែងប្រារព្ធព្រះរាជពិធី។
ការប្រារព្ធពិធីបែបសាសនានេះ មានគោលបំណងសុំម្ចាស់ទឹកម្ចាស់ដីបារមីលោកយាយដូនពេញ សូមជួយតាមបីបាច់ថែរក្សាចំណុះទូក និងសុំអោយដំណើរការប្រារព្វព្រះរាជពិធីបុណ្យអុំទូកប្រព្រឹតទៅដោយរលូននិងជោគជ័យប្រកបដោយសុខសុវត្ថិភាព និងប្រកបដោយភាពរីករាយស្និតស្នាល រក្សាបានប្រពៃណីទំនៀមទំលាប់ជាតិ និងសាមគ្គីភាព មិត្តភាព។
ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងក្នុងពិធីក្រុងពាលី សម្រាប់ការប្រណាំងទូកថ្នាក់រាជធានីភ្នំពេញថា៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក បានទាក់ទាញការចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិ អន្តរជាតិនិងបងប្អូនប្រជាពលរដ្ឋគ្រប់តំបន់ ដែលជាការរួមចំណែកថែរក្សានូវប្រពៃណីទំនៀមទំលាប់ជាតិតាំងពីយូលង់មកហើយ។ ព្រះរាជពិធីបុណ្យនេះ មានបំណងបង្ហាញពីការរំលឹកដឹងគុណដល់កងទព័ជើងទឹកដ៏ខ្លាំងពូកែ ក្នុងបុព្វហេតុការពារបូរណៈភាពទឹកដីរបស់បុព្វបុរសខ្មែរច្រើនជំនន់មកហើយ។ អត្ថន័យមួយទៀត គឺជាការបង្ហាញពីការដឹងគុណព្រះគង្គាដែលបាននាំមកនូវទឹក និងដីល្បាប់ដ៏មានជីជាតិសម្រាប់ផលដំណាំដាំដុះរបស់ប្រជាពលរដ្ឋយើង ក្នុងការលើកស្ទួយវិស័យកសិកម្មជាតិឲ្យមានការរីកចម្រើន។ ម៉្យាងទៀតក៏ជាការផ្តល់ឱកាសសប្បាយរីករាយ និងសាមគ្គីភាពក្នុងមហាគ្រួសាសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរក្នុងសុខសន្តិភាពដ៏បរិបូណ៌ រួមទាំងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងឆាប់រហ័ស ពិសេសនៅរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ឯកឧត្ដមឃួង ស្រេង ក៏បានណែនាំឲ្យអាជ្ញាធរ កងកម្លាំងទាំងអស់ ត្រូវពង្រឹងសន្តិសុខ សុវត្ថិភាព ទប់ស្កាត់បទល្មើសលូច ឆក់ ប្លន់ ការពារបងប្អូនប្រជាពលរដ្ឋដែលមកលេងកំសាន្តនៅព្រះរាជពិធីបុណ្យអុំទូកនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណះជូនប្រជាពលរដ្ឋមកលេងបុណ្យអុំទូកឆ្នាំនេះ ឲ្យទទួលបានភាពសប្បាយរីករាយ។
ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានអំពាវនាវបន្ថែមទៀត ដល់បងប្អូនជាកីឡាករ.កីឡាការិនីអុំទូកទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវអនាម័យល្អ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងសម្រាកឲ្យបានគ្រប់គ្រាន់ជៀសវាងផលប៉ះពាល់ដល់សុខភាព ដែលវានឹងប៉ះពាល់ដល់ការប្រកួត រួមទាំងការពង្រឹងសាមគ្គីភាព ក្នុងចំណោមបងប្អូនកីឡាករទាំងអស់ដោយក្តីយោគយល់និងអធ្យាស្រ័យគ្នា ដើម្បីរួមគ្នាលើកតំកើងប្រពៃណីទំនៀមទំលាប់ជាតិ។
លោកហែម ស៊ីណារ៉េត ប្រធានមន្ទីរមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញឲ្យដឹងថា៖ ទូកទាំងអស់ដែលត្រូវប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះមានចំនួន៤៤ទូក មកពី១២ខណ្ឌក្នុងចំណោម១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដោយបានចែកចេញជា៣ប្រភេទ គឺទូកអុំខ្នាតអន្តរជាតិ, ទូកអុំបុរសនិងទូកចែវបុរស ដោយមាន កីឡាករ.កីឡាការិនី សរុបចំនួន៣១៩៣នាក់ ស្រី៩២នាក់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី