ភ្នំពេញ ៖ នៅរាត្រីថ្ងៃ១៥កើតពេញបរមី ខែកត្តិក ឆ្នាំរោងព.ស២៥៦៨ត្រូវនឹងថ្ងៃទី១៥វិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឲ្យមានពិធីអកអំបុកនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលជាបេះដូង និងជានិមិត្តរូបនៃរាជធានីភ្នំពេញ។
ពិធីនេះធ្វើឡើងដោយមានការអញ្ជើញជាអធិតីភាពឯកឧត្ដមឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ និងលោកជំទាវនិងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
ឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញបានប្រារព្វពិធីនេះឡើងវិញ ចំថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកហើយពិធីនេះក៏ត្រូវបានរៀបចំធ្វើឡើងវិញជាលើកទី២ ក្នុងអាណត្តិទី៧នៃរាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
នេះក៏ជាព្រះរាជពិធីមួយ ដែលប្រារព្វនៅក្នុងព្រះរាជវង្សានុវង្ស រហូតដល់ប្រជាពលរដ្ឋសាមញ្ញ ក៏និយមប្រារព្វពិធីនេះតាមផ្ទះសម្បែងរៀងៗខ្លួន តាមស្ថាប័ន អង្គភាព និងតាមវត្តអារាមផងដែរ។ ចំពោះគ្រឿងរណ្តាប់សំខាន់ដែលគេយកមកប្រើក្នុងពិធីអកអំបុក ដែលមាន អំបុក,ចេកទុំ,ដូងខ្ចី ផ្កាភ្ញីរួមទាំងគ្រឿងសក្ការៈបូជាមួយចំនូនទៀត។
ពិធីនេះភាគច្រើនគេប្រារព្វឡើងនៅចំពេលរដូវទឹកសម្រកក្នុងខែកត្តិក ដែលជាថ្ងៃព្រះច័ន្ទរះ ពេញបរមី និងពេញរង្វង់មូល ហើយពិធីនេះក៏បានផ្សាភ្ជាប់ជាមួយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបផងដែរ។
សព្វថ្ងៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក ត្រូវបានពលរដ្ឋទូទាំងប្រទេសប្រតិបត្តិបន្តរាល់ឆ្នាំ និងចាត់ទុកថា ជាបុណ្យប្រពៃណីវប្បធម៏ជាតិដ៏ធំមួយក្នុងចំណោមពិធីបុណ្យសំខាន់ៗជាច្រើនទៀត។
ទាក់ទងទៅនឹងពិធីនេះដែរ ប្រជាកសិករបានយកស្រូវទុំថ្មីៗទៅលីង ហើយបុករួចអុំយកអង្កាមចេញស្អាតដាក់សែនថ្វាយទេវតាចំពេលព្រះច័ន្ទរះពេញវង់ ដើម្បីសំដែងការដឹងគុណទេវតាដែលបានប្រទានទឹកភ្លៀងធ្លាក់មកលើព្រះធរណី ធ្វើឲ្យដំណាំសព្វសារពើដុះដាល ហើយទទួលបានភោគផលកសិកម្មបានច្រើន។ តាមទំនៀមទំលាប់ប្រពៃណី ពេលអកអំបុកគេរងចាំដល់ព្រះខែរះពេញវង់ ចំពីលើក្បាលទើបចាប់យកអំបុកទៅជូនអ្នកមានគុណចាស់ទុំមិត្តភ័ក្តិ ក្នុងភាពសប្បាយរីករាយមុនអកអំបុកគេត្រូវដាក់អំបុកថ្វាយព្រះខែជាមុនសិន ដោយមានអមដោយផ្លែឈើចំរុះ ពិសេសផ្លែដូង ចេកណាំវ៉ាទុំជាដើម ដាក់ថ្វាយជាការដឹងគុណដល់ព្រះពោធិសត្វ ដែលចាប់កំណើតជាសត្វទន្សាយដោយមានរូបដិតជាប់ក្នុងរង្វង់ព្រះខែ តាមដំណើររឿងព្រេងរវាងព្រាហ្ម និងសត្វទន្សាយជាព្រះពោធិសាត់។ ក្រុមព្រាហ្មណ៍ ក៏ចាប់ផ្តើមសន្យាថា នឹងថ្វាយស្រូវ ផ្លែឈើ ភោគផលកសិកម្មដែលដាំដុះបានក្នុងមួយឆ្នាំៗ ដាក់ថ្វាយសត្វទន្សាយពោធិសត្វនៅពេលព្រះច័ន្ទពេញបរមី នាថ្ងៃ១៥កើតខែកត្តិក ដែលគេអាចមើលឃើញរូបទន្សាយច្បាស់នៅថ្ងៃនោះក្នុងរង្វង់ព្រះខែ។
យោងតាមឯកសារដែលផ្សាយលើគេហទំព័ររបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត បានបញ្ជាក់ពីប្រវត្តិនៃពិធីសំពះព្រះខែ និងអកអំបុក គឺធ្វើឡើងសំដៅគោរពទៅដល់ការសាងបារមី របស់ព្រះពុទ្ធកាលដែលព្រះអង្គនៅជាព្រះពោធិសត្វនៅឡើយ ដែលកាលនៅក្នុងជាតិមួយនោះទ្រង់កើតជាសត្វ ទន្សាយឈ្មោះថា សសបណ្ឌិត។ ឯកសារដដែលបញ្ជាក់ថា នៅថ្ងៃដែលព្រះចន្ទពេញបរមី ឬពេញវង់ទន្សាយសសបណ្ឌិត បានធ្វើការអធិដ្ឋានឧបោសថសីលរបស់ខ្លួន ដោយបំណងធ្វើជីវិតសម្រាប់បរិច្ចាគ ដើម្បីបំពេញនូវពោធិសម្ភារៈឲ្យបានត្រាស់ដឹងជាព្រះពុទ្ធ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី