Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដមអភិបាលរង ហួត ហៃ អំពាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមដើរលេងកំសាន្តនៅព្រះរាជពិធីបុណ្យអុំទូក សូមទុកដាក់សំរាមក្នុងធុងឲ្យបានល្អ ដើម្បីឲ្យទីក្រុងយើងស្អាត បរិស្ថានល្អ

ភ្នំពេញ៖ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកឆ្នាំនេះ សំរាមយើងប្រមូលបានល្អមែនទែន ដោយសារក្រុមការងារធ្វើសកម្មភាពព្រមៗគ្នា ហើយក្រុមហ៊ុនប្រមូលសំរាមទាំង៣ ក៏បានធ្វើសកម្មភាពព្រមៗគ្នានៅតាមតំបន់របស់ខ្លួនគ្រប់គ្រងបានយ៉ាងល្អ។ នេះជាការបញ្ជាក់របស់ឯកឧត្ដមហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ជា
តំណាឯកឧត្ដមអភិបាលរាជធានីភ្នំពេញអញ្ជើញធ្វើសន្និសិទ្ធកាសែតនៅខាងមុខវេទិការបុណ្យអុំទូកមុខព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១៦វិច្ឆិកានេះ។

ឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកឆ្នាំនេះ សំរាមយើងប្រមូលបានល្អមែនទែន។ ការងារល្អបែបនេះគឺដោយសារឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រជុំដាក់ផែនការ យ៉ាងច្បាស់លាស់ ជាមួយនិងការត្រៀមលក្ខណៈទុកជាមុន ទាំងមធ្យោបាយ ទាំងកម្មករ ទាំងអ្នកទទួលខុសត្រូវ។ ជាក់ស្តែងសម្រាប់រយៈពេល២ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនេះ បងប្អូនក្រុមការងារទាំងអស់បានធ្វើសកម្មភាពព្រមៗគ្នា ក្នុងនោះក្រុមហ៊ុនប្រមូលសំរាមទាំង៣ ក៏បានធ្វើសកម្មភាពព្រមៗគ្នានៅតាមតំបន់របស់គាត់គ្រប់គ្រងបានយ៉ាងល្អផងដែរ។ បន្ថែមពីនេះ មន្ត្រីនៃមន្ទីរពាក់ព័ន្ធរបស់យើងក៏បានបំពេញការងារបាន យ៉ាងល្អព្រមៗគ្នាផងដែរ ដោយចុះអប់រំណែនាំប្រជាពលរដ្ឋឲ្យទុកដាក់សំរាម ហើយក្រុមហ៊ុន ក៏បានប្រមូលសំរាមយ៉ាងល្អ។ ជាក់ស្តែងរយៈពេល២ថ្ងៃនេះ យើងធ្វើបានល្អមែនទែន ពោលគឺត្រឹមម៉ោង៥ទៅម៉ោង៦ទៀបភ្លឺ យើងប្រមូលនិងសំអាតសំរាមបានស្អាត គឺភ្នំពេញយើងស្អាតដូចថ្ងៃធម្មតា ហាក់ដូចមិនមានពិធីដែលមានមនុស្សជាង២លាននាក់ចូលរួមអញ្ចឹង។

ឯកឧត្ដមហួត ហៃ បានបន្តថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ យើងបានប្រើកម្មករប្រមាណ១៥០០នាក់ រថយន្តបានត្រៀមជាង១០០គ្រឿង ពង្រាយធុងសំរាមថ្មី១៣០០ធុង។ យើងមានមធ្យោបាយគ្រប់បែបយ៉ាងមានទាំងរថយន្តដឹកសំរាម រថយន្តបាញ់លាង មានម៉ូតូកង់បីចល័ត ដើម្បីប្រមូលធុងសំរាមចេញពេលដែលពេញនិងមានម៉ូតូកង់បីប្រមូលសំរាមថែមទៀត។

ឯកឧត្ដមហួត ហៃ បានបន្តថា កាលពីថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ យើងបានប្រមូលសំរាមទៅកាន់ទីលានដាក់សំរាមបានចំនួន៣៨០០តោន តែសម្រាប់ថ្ងៃទី៣នេះ យើងមិនទាន់ទទួលបានទូរលេខនៅឡើយទេ។ ប៉ុន្តែសំរាមអាចច្រើនជាងកាលពីថ្ងៃទី២ ដោយហេតុថា នៅថ្ងៃទី៣ មានអ្នកចូលរួមច្រើនគុណនិង២ដងនៃថ្ងៃទី២ គឺមានអ្នកចូលរួមរហូតដល់ជាង២លាន២សែននាក់ឯណោះ។

ឯកឧត្ដមហួត ហៃ បន្ថែមទៀតថា បញ្ហាសំរាមឆ្នាំនេះយើងរៀបចំគ្រប់គ្រងបានល្អ យើងបានពង្រាយធុងសំរាមជាង១០០០ធុង ប្រជាពលរដ្ឋបានចូលរួមទុកដាក់សំរាមបានល្អ បង្កលក្ខណៈងាយស្រួលក្នុងការប្រមូល។
ក្នុងឱកាសនោះដែរឯកឧត្ដម បានអំពាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមដើរលេងកំសាន្តនៅថ្ងៃទី៣នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ សូមទុកដាក់សំរាមក្នុងធុងឲ្យបានល្អ បើធុងសំរាមពេញសូមដាក់ក្នុងថង់ធំដែលយើងបានចែកជូន សូមចូលរួមជាមួយអាជ្ញាធររបស់យើង ដើម្បីឲ្យទីក្រុងយើងស្អាត បរិស្ថានល្អ។

ឯកឧត្ដម ហួត ហៃ បញ្ជាក់ថា សម្រាប់រាជធានីភ្នំពេញយើងបច្ចុប្បន្ននេះ សំរាមនិងបរិស្ថាននៅក្នុងទីក្រុង ពិតជាល្អមិនចាញ់ប្រទេសជិតខាងយើងឡើយ។ ប្រទេសគេពិតជាស្អាត តែរាជធានីភ្នំពេញរបស់យើងក៏មិនចាញ់គេដែរ ដោយយើងបានធ្វើការកែទម្រង់លើវិស័យសំរាមនេះបានល្អ យើងមានក្រុមហ៊ុនប្រមូលសំរាមចំនួន៣ ធ្វើសកម្មភាពបានល្អព្រមៗគ្នា។

គួរបញ្ជាក់ថា៖បើយោងតាមរយៈផេកផ្លូវការរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញផ្សាយនៅថ្ងៃទី១៦វិច្ឆិកានេះ បានកោតសរសើរនិងអរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ក្រុមការងារពាក់ព័ន្ធ ព្រះថេរានុថេរៈ លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗទាំងអស់ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យនៅតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធីនានា នៃពិធីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដើម្បីរក្សាបាននូវសោភណ្ឌភាព ជូនដល់ប្រជាពលរដ្ឋខ្មែរយើង និងជនបរទេសជាភ្ញៀវទេសចរណ៌ បានចូលរួមទស្សនាកម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×