Monday, November 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកាសារព័ត៌មាន លើកទី ៥ ក្រោមមូលបទ “សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ខណៈអ្នកសារព័ត៌មានសំណូមពរថា សូមកុំដាក់សម្ពាធខ្លាំងពេក

ស្រុកទេសន្តិភាព ភាពសុខសាន្ត ប្រពៃណីទំនៀមទម្លាប់ សណ្ដាប់ធ្នាប់សាធារណៈ សណ្ដាប់ធ្នាប់សង្គម បញ្ជ្រាបព័ត៌មានគ្រប់ទិសទី និងផ្សព្វផ្សាយអប់រំ ក៏ជាផ្នែកមួយដ៏សំខាន់របស់សារព័ត៌មានផងដែរ, វេទិកាសារព័ត៌មានលើកទី ៥  ក្រោមមូលបទ “សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ” ត្រូវបានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំឡើង នាថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសាលសេរីភាព នៃអគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី, ប៉ុន្តែ ទន្ទឹមនឹងនេះ អ្នកសារព័ត៌មានមួយចំនួនឆ្លៀតឱកាសលើកឡើងថា ពួកគេ ( អ្នកសារព័ត៌មាន ) ត្រូវបានរឹតត្បិតដោយអាជ្ញាធរ​នៅ​ពេល​ចុះ​យក​ព័ត៌​មាន​នៅ​តាម​សហគមន៍ ខណ:មន្ត្រីខិលខូច ជនមានអំណាចទឹកប្រាក់មួយចំនួន ច្រើនតែប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌរំលោភលើសេរីភាពសារព័ត៌មានដែលមានច្បាប់ស្ដីពីរបបសារព័ត៌មានទៅវិញ។

ក្នុងវេទិកាសារព័ត៌មាន នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល, ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំពីការផ្តល់ បច្ចុប្បន្នភាពលើគោលនយោបាយជាតិ និងសមិទ្ធផលដែលគួរឱ្យកត់ សម្គាល់របស់រាជរដ្ឋាភិបាល។

ទាក់ទងនឹងសេរីភាពលើវិស័យសារព័ត៌មាន ក្រសួង​ព័ត៌មាន​ បាន​បង្ហាញ​ពី​ការ​ស្ទង់មតិ​ថ្មី​មួយ​ រកឃើញថា​ អ្នក​សារ​ព័ត៌មាន​នៅ​កម្ពុជា​ ៧៩,៨%​ ​មានសេរីភាពក្នុង​ពេលបច្ចុប្បន្ន  ល្អ​ប្រសើរ​ជាង​ពីពេល​មុន។​

ដោយឡែកក្នុង​ព្រឹត្តិ​ការណ៍​មួយ​ដែល​អបអរ​ទិវា​សេរីភាព​សារ​ព័ត៌មាន​ពិភព​លោក​ លើក​ទី​៣១ ​ក្នុង​ប្រទេស​កម្ពុជា​ ឆ្នាំ២០២៤នេះ ​អ្នក​កាសតមួយចំនួនដែលនិយមចុះមូលដ្ឋាន សរសេរព័ត៌មានអាស្រូវ បទល្មើសនៃការប្រើអំណាចគាបសង្កត់ , ព័ត៌មានស៊ើបអង្កេតរសើបលើមន្ត្រីខិលខូច និងអ្នកមានលុយប្រព្រឹត្តទុច្ចរិត បង្ហាញមតិថា ពួកគេត្រូវបានរឹតត្បិតដោយអាជ្ញាធរ​នៅ​ពេល​ចុះ​យក​ព័ត៌​មាន​នៅ​តាម​សហគមន៍, ជាពិសេស មន្ទីរព័ត៌មាន នៅតាមបណ្ដាខេត្តមួយចំនួន តម្រូវឲ្យអ្នកសារព័ត៌មានចុះឈ្មោះជាមុន ទើបអនុញ្ញាតឲ្យចូលយកព័ត៌មានក្នុងខេត្តរបស់ខ្លួន ជាក់ស្ដែង ខេត្តព្រះវិហារ ខេត្តស្វាយរៀង ជាដើម ព្រមទាំងខេត្តមួយចំនួនទៀត។​ 

គេឆ្ងល់ថា មន្ទីរព័ត៌មាន គឺជាតួអង្គគ្រប់គ្រងព័ត៌មានក្នុងក្របខ័ណ្ឌស្ថាប័នរដ្ឋ ហេតុអ្វីក៏ដាក់សម្ពាធមកលើអ្នកសារព័ត៌មានដែលជាសេរីភាពឯករាជ្យទៅវិញ ?!  ដែលនេះជាការបង្ហាញអំពីឥរិយាបថរំលោភបំពានលើសេរីភាពឯករាជ្យរបស់សារព័ត៌មាន ពេកណាស់  ត្រង់ មាត្រា ២ នៃ ច្បាប់ស្ដីពីរបបសារព័ត៌មាន ចែងថា ” សារព័ត៌មានមានសិទ្ធិរក្សាការសម្ងាត់ស្ដីពីប្រភពព័ត៌មានរបស់ខ្លួន ” ។ មាត្រា ៣ នៃ ច្បាប់ស្ដីពីរបបសារព័ត៌មាន ចែងថា ” ដើម្បីរក្សាឯករាជ្យនៃសារព័ត៌មាន ការត្រួតពិនិត្យមុនពេលបោះពុម្ពផ្សាយត្រូវហាមឃាត់ ” ។ មាត្រា ៧ ចំណុច ២ នៃ ច្បាប់ស្ដីពីរបបសារព័ត៌មាន ចែងថា ” សារព័ត៌មាន ត្រូវផ្សាយនូវដំណឹងទាំងឡាយណាដោយសុចរិត ព្រមទាំងធ្វើអត្ថាធិប្បាយ រិះគន់ឲ្យត្រឹមត្រូវ និងសមស្របតាមគតិយុត្តិធម៌ “។ មាត្រា ៧ ចំណុច ៣ នៃ ច្បាប់ស្ដីពីរបបសារព័ត៌មាន ចែងថា ” សារព័ត៌មាន ត្រូវរាយការណ៍តែតាមហេតុការណ៍ដែលខ្លួនដឹងពីប្រភពដើមតែប៉ុណ្ណោះ, អ្នកសារព័ត៌មាន មិនត្រូវបំបាត់នូវព័ត៌មានសំខាន់ៗ ឬកែបន្លំឯកសារផ្សេងៗឡើយ។

យោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន ដែលមានចែងក្នុងមាត្រាខាងលើនេះ អ្នកសារព័ត៌មានជាច្រើនបានសំណូមពរដល់ក្រសួងព័ត៌មាន គួររៀបចំឥរិយាបថមន្ត្រីនៃមន្ទីរព័ត៌មាននៅតាមបណ្ដាខេត្តនានាឡើងវិញ ធ្វើយ៉ាងណាកុំឲ្យមានការដាក់សម្ពាធមកលើសេរីភាពសារព័ត៌មាន, ចំណែកអ្នកសារព័ត៌មាន ក៏គួរតែយល់ដឹងដែរថា ប្រសិនបើលោកអ្នកចុះទៅប្រមូលយកព័ត៌មាននៅក្នុងទីតាំងរបស់ឯកជនភាព ក៏ត្រូវដឹងថា គេហាមគាត់ដែរ  លើកលែងនៅទីតាំងសាធារណៈ ឬក៏ប្រភពច្បាស់ការណ៍ដែលអ្នកសារព័ត៌មានទទួលបាន, ចំណែកឯភាគីណាមួយ ដែលចង់កែតម្រូវលើអ្នកសារព័ត៌មាន ឬប្ដឹងចោទលើអ្នកសារព័ត៌មាន ក៏គួរណាស់តែពិនិត្យមើលអនុវត្ត ច្បាប់ស្ដីពីរបបសារព័ត៌មាន មិនគួរយកច្បាប់ស្ដីពីក្រមព្រហ្មទណ្ឌមកអនុវត្តលើអ្នកសារព័ត៌មាន ទាក់ទងនឹងការសរសេរ ឬអត្ថាធិប្បាយ ដែលមានវិជ្ជាជីវៈនោះទេ ព្រោះថា វាប្រាសចាកនឹងបទបញ្ញត្តិ៕ ពិសិដ្ឋ CEN

×