Monday, November 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

( Update ) អំនួតក្រេវក្រោធអាងអំណាច នាំឱ្យខ្លួនវិនាស, មន្ត្រីនគរបាលពាក់ស័ក្ដិ៥ បាញ់ច្រើនគ្រាប់ទៅលើអ្នករកស៊ីលក់កង់បីពីរនាក់ប្ដីប្រពន្ធ

មនុស្សឲ្យតែប្រើអំនួតអាងខ្លួនមានអំណាចហួសជ្រុល តែងតែរងនូវបាបកម្ម និងវិនាសខ្លួនឯងផងដែរ, មន្ត្រីនគរបាលពាក់ស័ក្ដិ៥ ម្នាក់ បម្រើការនៅអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ត្រូវបានកម្លាំងនគរបាលខេត្តកណ្ដាល ចាប់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពបាញ់ប្រហារទៅលើ២នាក់ប្ដីប្រពន្ធ បណ្ដាលឲ្យរងរបួស ដោយផ្ដើមចេញពីទំនាស់ពាក្យសម្ដី ហើយសាច់រឿងបាននាំទៅដល់អ្នកទន់ខ្សោយរងរបួសចូលមន្ទីរពេទ្យ ឯអ្នកបំពានជាប់គុក។

ហេតុការណ៍នេះ បានកើតឡើងនាយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិព្រែកឫស្សីលិច សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ២នាក់ប្ដីប្រពន្ធមានឈ្មោះ ស៊ាង តូម៉ា អាយុ៥៤ឆ្នាំ មុខរបរលក់កង់បី (ត្រូវគ្រាប់កាំភ្លើងទម្លុះ ៣គ្រាប់) និងប្រពន្ធឈ្មោះ ជា សុភី អាយុ៥៤ឆ្នាំ មុខរបរនៅផ្ទះ (ត្រូវគ្រាប់កាំភ្លើងទម្លុះ ១គ្រាប់ ចំជើងខាងស្តាំ) ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ចំណែកឯខ្មាន់កាំភ្លើងឈ្មោះ សយ សុផានី អាយុ៥៩ឆ្នាំ ជាមន្ដ្រីនគរបាល ឋានន្តរស័ក្តិ វរសេនីយ៍ឯក តួនាទីជាប្រធានសាខាប្រមូលថវិការចំណូល នាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ មានទីលំនៅភូមិព្រែកឫស្សីលិច សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្ដកណ្តាល ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន នារយៈពេលប៉ុន្មាននាទីក្រោយប្រព្រឹត្តល្មើស។ 

បើតាមការបំភ្លឺពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះពីរនាក់ប្ដីប្រពន្ធនេះ បានជួលបន្ទប់ស្នាក់នៅជាមួយចៅ ២នាក់ ជាប់នឹងបន្ទប់ជនដៃដល់, ពួកគេតែងមានពាក្យសំដីមិនត្រូវគ្នា រឿងបញ្ហាផឹកស៊ីមាត់ឡូឡា មាត់លឺៗ នៅមុខបន្ទប់ រំខានដល់អ្នកជិតខាង។ 

លុះនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង២០៖៣០នាទី ជនដៃដល់ សយ សុផានី បានអង្គុយសរសេររបាយការណ៍នៅមុខបន្ទប់ ស្រាប់តែជនរងគ្រោះទាំង២នាក់ បានជិះម៉ូតូកង់បី (PassApp) មកដល់បន្ទប់ មានសភាពស្រវឹងទាំង ២នាក់ប្ដីប្រពន្ធ បានមកដល់មុខបន្ទប់ក៏ធាក់ទ្វារបន្ទប់ ហើយដើរធាក់ដើមស្វាយ ហើយស្រែកជេរដោយពាក្យសំដីធ្ងន់ៗ។

ពេលនោះ ជនដៃដល់ បានស្រែកហៅម្ទាស់ផ្ទះជួលឲ្យជួយមកមើល ស្រាប់តែជនរងគ្រោះបានដើរចេញមកក្រៅ ស្រែកជេរងលឺៗ ក៏ធ្វើឲ្យប៉ះពាក្យសំដីគ្នាជាមួយជនដៃដល់ ហើយជនរងគ្រោះបានដើរចូលបន្ទប់ជនដៃដល់ ធ្វើឲ្យជនដៃដល់ យកកាំភ្លើងចេញមក ក៏បាញ់ទៅលើជនរងគ្រោះចំនួន ៤គ្រាប់ បណ្ដាលឲ្យជនរងគ្រោះត្រូវរបួសដេកដួលមុខបន្ទប់ និងប្រពន្ធជនរងគ្រោះត្រូវគ្រាប់ចំភ្លៅ។

មិនយូរប៉ុន្មាន កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកឫស្សី បានចុះទៅដល់ទីតាំងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាង យកមកសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

តាមការរៀបរាប់របស់ជនដៃដល់ បានឲ្យដឹងថា ជនរងគ្រោះមកពីផឹកស៊ីស្រវឹង បានជេរទៅលើរូបខ្លួន មិនមានមូលហេតុ ហើយបានរករឿងខ្លួនដល់ក្នុងបន្ទប់ ធ្វើឱ្យខ្លួនក៏កើតមានចិត្តខឹង និងទាញកាំភ្លើងបាញ់ទៅលើជនរងគ្រោះតែម្ដង។

គេមិនទាន់បានស្ដាប់ការបំភ្លឺរបស់ជនរងគ្រោះនៅឡើយទេ ថាតើជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធរូបនេះ ពិតជាស្រវឹងមែន ឬយ៉ាងណា ? ហើយថាតើអ្នកណា ជាអ្នកបង្ករឿងទៅលើអ្នកណាមុន?!៕  ពិសិដ្ឋ CEN

×