សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងកោតសរសើរចំពោះសមិទ្ធផលការងាររបស់អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (IDC-CDI) នាពេលកន្លងមក ព្រោះថាសកម្មភាពការងារទាំងនោះបានឆ្លុះបញ្ចាំងនូវគុណតម្លៃនៃសន្តិភាព សិទ្ធិសេរីភាពនៃសារព័ត៌មាន ប្រកបដោយភាពអាចទុកចិត្តបាន និងគណនេយ្យភាព ការចូលរួមរបស់យុវជន និងស្ត្រីក្នុងការកសាងសន្តិភាព និងសន្តិសុខ ព្រមទាំងកិច្ចការងារក្នុងទិដ្ឋភាពផ្សេងៗទៀត។
ការកោតសរសើរបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញថ្លែងសុន្ទរកថា គន្លឹះក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើទឹកដីខេត្តសៀមរាប។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងន័យនេះខ្ញុំបានថ្លែងកោតសរសើរចំពោះសមិទ្ធផលការងាររបស់អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ នាពេលកន្លងមក ព្រោះថាសកម្មភាពការងារទាំងនោះបានឆ្លុះបញ្ចាំងនូវគុណតម្លៃនៃសន្តិភាព សិទ្ធិសេរីភាពនៃសារព័ត៌មាន ប្រកបដោយភាពអាចទុកចិត្តបាន និង គណនេយ្យភាព, ការចូលរួមរបស់យុវជន និងស្ត្រី ក្នុងការកសាងសន្តិភាព និងសន្តិសុខ ព្រមទាំងកិច្ចការងារក្នុងទិដ្ឋភាពផ្សេងៗទៀត»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សកម្មភាពរបស់អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ គឺមានភាពសមស្របគ្នាចំពោះការស្នើសុំនៃបង្កើតធម្មនុញ្ញសន្តិភាពសកល ដែលជាផ្នែកមួយត្រូវបានពិភាក្សាគ្នាយ៉ាងលម្អិតនៅក្នុងវេទិកាពិសេសមួយកាលពីព្រឹកមិញនេះ។
ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញជំនឿថា តាមរយៈកិច្ចប្រជុំនេះនឹងក្លាយជាសាក្សីដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រស័យទំនើប ដែលមានបណ្តារដ្ឋាភិបាល រដ្ឋសភា គណបក្សនយោបាយ និងអង្គការសង្គមស៉ីវិលមកពីជុំវិញពិភពលោក បានសម្រេចលើចក្ខុវិស័យរួមមួយពោលគឺការដាក់ចេញនូវ «និម្មាបនកម្ម» សន្តិភាពសកលមួយដែលបើកចំហរ មានបរិយាប័ន្ន មានការចូលរួមផ្តោតលើប្រជាជន និងមានសកម្មភាពជាក់ស្តែង។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជាងនេះទៀត ចក្ខុវិស័យនេះ គឺជាការបំពេញបន្ថែមដល់តួនាទីរបស់អង្គការសហប្រជាជាតិ នៅក្នុងការកសាងសន្តិភាព ដូច្នេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវដល់សមាជិករបស់អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិនៅជុំវិញពិភពលោក ចូលរួមគាំទ្រ និងរួមចំណែកលើដំណើរការរួមគ្នានេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយជឿជាក់យ៉ាងមុតមាំថា ការប្តេជ្ញាចិត្តឥតងាករេ របស់អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ ចំពោះដំណើរការនេះនឹងអាចអនុញ្ញាតឱ្យយើងសម្របខ្លួនបានកាន់តែប្រសើរទៅនឹងការផ្លាស់ប្តូរស្ថានភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច ការកសាងសាមគ្គីភាពក្នុងភាពចម្រុះ និងការពង្រឹងទំនាក់ទំនងជាមួយដៃគូរបស់យើងដោយផ្អែកលើការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងគ្រាដ៏លំបាកនេះ គណបក្សនយោបាយ និងសភា មានតួនាទីយ៉ាងសំខាន់ ក្នុងការបោះជំហានទៅមុខ នៃរបៀបវារៈដ៏ប្រពៃនេះ ហើយការជួបជុំគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ គឺជាការព្យាយាមសម្រេចឱ្យបាននូវគោលជំហររួមលើការធានាសន្តិសុខ, ស្ថិរភាព និងកិច្ចអភិវឌ្ឍជាសកល។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានទំនុកចិត្តថា អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ អាចផ្ដល់ជាធាតុចូលដ៏មានតម្លៃ ក្នុងកិច្ចពិភាក្សារបស់យើង ក៏ដូចជា៖ កំណត់នូវអនុសាសន៍គោលនយោបាយ ដើម្បីលើកកម្ពស់សន្តិសហវិជ្ជមាន ដើម្បីជាប្រយោជន៍ដល់ប្រជាជនរបស់យើង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី