ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា បានសង្កត់ធ្ងន់ថា មុខព្រួញនៃការទូតសេដ្ឋកិច្ចរបស់កម្ពុជា រួមមាន ជំរុញពាណិជ្ជ កម្មអន្ដរជាតិ បានន័យថា បង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកម្ពុជា និងពិភពលោក ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងលើកកម្ពស់វិស័យទេសចរណ៍។
ក្នុងរយៈពេល១០ខែចុងក្រោយនេះ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាមានចំនួនប្រមាណ ៤៥,៥៨ប៊ីលានដុល្លារ ពោលគឺកើនឡើងជាង១៥% បើធៀបទៅនឹងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៣។ កំណើននៃទំហំពាណិជ្ជកម្មនេះ បានមកជាអាទិ៍ពីការកើនឡើងខ្លាំងនៃការនាំចេញ ពិសេសទៅកាន់ឥណ្ឌូណេស៊ី និងឡាវ។
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា វេទិកាសារព័ត៌មានលើកទី៥ ស្ដីពី «សន្ដិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» បានបង្ហាញនូវអ្វីដែលសមិទ្ធផលគួរឲ្យកត់សម្គាល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។
ឯកឧត្តម ប៉ែន បូណា បានបន្តថា ជារៀងរាល់៣ខែម្ដង អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល តែងតែធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍន៍ភាពរបស់រាជរដ្ឋាភិបាល ដើម្បីជម្រាបជូនអ្នកសារព័ត៌មាន និងសាធារណៈជនឲ្យបានជ្រាប។ ក្នុងនោះ ឯកឧត្តម ប៉ែន បូណា បានលើកឡើងអំពីសមិទ្ធផលក្នុងប្រទេសដែលរាជរដ្ឋាភិបាលសម្រេចបាន ខណៈលោក តាន់ ហ្សង់ហ្វ្រង់ស័រ បញ្ជាក់អំពីសមិទ្ធផលលើការងារការបរទេស។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រៀបចំវេទិកាសារព័ត៌មានលើកទី៥ ស្ដីពី «សន្ដិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» និងដើម្បីបង្ហាញអំពីសមិទ្ធផលការងាររបស់រាជរដ្ឋាភិបាល ក្នុងរយៈពេល៣ខែចុងក្រោយ។
ឯកឧត្តមរដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា បច្ចុប្បន្ននេះ កម្ពុជាមិនមានការបែកជាតិដូចការលើកឡើងរបស់ក្រុមអ្នកប្រឆាំងជ្រុលនិយមនោះទេ។ ផ្ទុយទៅវិញ មានតែក្រុមអ្នកប្រឆាំងនោះទេ ដែលលែងទុកចិត្តគ្នា ហើយបែកបាក់គ្នា។
ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា សព្វថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា បានបើកលំហរសិទ្ធិសេរីភាពគ្រប់គ្រាន់ ទាំងសិទ្ធិនៃការបញ្ចេញមតិ និងសិទ្ធិផ្នែកនយោបាយ កុំឲ្យតែបុគ្គលនោះបំពានសិទ្ធិអ្នកដទៃ និងបំពានច្បាប់។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «សព្វថ្ងៃនេះកម្ពុជា មានការបែកបាក់មែន ប៉ុន្ដែជាការបែកបាក់ផ្នែកតូចមួយនៅក្នុងចំណោមអ្នកប្រឆាំងគ្នាគាត់។ ពោលបែកបាក់តាំងពីនៅគ្នាច្រើន រហូតដល់ក្លាយជាជំរាកតូចៗហើយនៅបន្ដបែកបាក់គ្នាទៀត។ ប៉ុន្ដែកុំលាតត្រដាងថានោះជាការបែកបាក់ជាតិឲ្យសោះ ជាតិកម្ពុជាទាំងមូលមានការឯកភាពគ្នាល្អណាស់។ ដំណាក់កាលនេះអត់និយាយអំពីការផ្សះផ្សាបង្រួបបង្រួមជាតិនោះទេ»។
បើតាមឯកឧត្តម ប៉ែន បូណា, ដំណាក់កាលនៃការផ្សះផ្សាជាតិ ត្រូវបានធ្វើរួចរាល់អស់ហើយ ដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ពោលបានធ្វើតាំងពីទស្សវត្សឆ្នាំ៨០មកម្ល៉េះ រហូតដល់ចុងទស្សវត្សឆ្នាំ៩០ ដោយបានសម្រេចលទ្ធផលជោគជ័យទាំងស្រុង តាមរយៈនយោបាយឈ្នះឈ្នះ ដែលបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៉ីវិល នាំមកនូវសន្ដិភាពពេញលេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
ឯកឧត្តមប៉ែន បូណា បានផ្ដាំផ្ញើដល់ក្រុមប្រឆាំងជ្រុលនិយម កុំចាត់ទុកទស្សនៈខុសគ្នាខាងផ្នែកនយោបាយថា ជាការបែកបាក់ជាតិឲ្យសោះ។ ក្នុងប្រទេសប្រជាធិបតេយ្យការយល់ខុសគ្នាខាងផ្នែកនយោបាយ ឬអ្នកដែលមាននិន្នាការខុសគ្នា តែងធ្វើការជជែកគ្នាតឹងតែង ដែលនេះជារឿងធម្មតារបស់ប្រទេសប្រជាធិបតេយ្យ។
រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា អ្នកនយោបាយប្រឆាំងជ្រុលនិយមទាំងឡាយ និងអ្នកវិភាគនៅក្រៅស្រុក ត្រូវគិតគូរឡើងវិញ ដោយបញ្ឈប់ការនិយាយអ្វីដែលកន្លងហួសសម័យ។ ដោយឡែក ចំពោះសេរីភាពនយោបាយ និងសេរីភាព នៃការបញ្ចេញមតិវិញ លោកយល់ឃើញថា កម្ពុជាមានពេញលេញមិនខ្វះចន្លោះបន្ដិចណាសោះឡើយ តែសុំតែម្យ៉ាង គឺកុំបំពានសិទ្ធិអ្នកដទៃ និងកុំបំពានច្បាប់។
ឯកឧត្តម ប៉ែន បូណា អះអាងដូច្នេះថា
ទោះបីជាកម្មវិធីដំណើរកម្សាន្តនាំពលរដ្ឋទៅមើលការពិតនៅតាមព្រំដែន មិនទាន់បិទបញ្ចប់ទាំងស្រុង ប៉ុន្តែឯកឧត្តម វាយតម្លៃថា កម្មវិធីមួយនេះ ទទួលបានជោគជ័យយ៉ាងធំធេង ដូចអ្វីដែលបានគ្រោងទុកទាំងស្រុង។
ឯកឧត្តម ប៉ែន បូណា ថ្លែងថា៖«ខ្ញុំសូមគូសបញ្ជាក់ជូនបងប្អូនអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទូទាំងប្រទេសឱ្យបានជ្រាបថា ដំណើរកម្សាន្តនេះ ទទួលបានជោគជ័យធំធេងណាស់ស្របតាមគោលដៅដែលបានគ្រោងទុក»។
ឯកឧត្តមប៉ែន បូណា បានវាយតម្លៃថា ដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋទៅកាន់ភូមិភាគឥសាន ទទួលបានជោគជ័យធំធេង ក៏ព្រោះតែលោក សំអាងថា ប្រជាពលរដ្ឋដែលបានចូលរួមដំណើរកម្សាន្តនេះបានយល់ច្បាស់ស្រឡះក្នុងចិត្តអំពីរឿងព្រំដែន ដែលកាលពីមុនដែលពេលពួកគាត់មិនទាន់បានទៅមើលជាក់ស្តែង និងមិនទាន់បានយល់ពីការងាររបស់រាជរដ្ឋាភិបាល ពលរដ្ឋអាចជឿ ឬមានមន្ទិលសង្ស័យដែរនៅពេលមានការឃោសនាភូតកុហកថា បង្គោលព្រំដែនចេះដើរ បង្គោលព្រំដែនត្រូវបានប្រទេសជិតខាងលួចបង្ខិតជារៀងរាល់ថ្ងៃ ឬថា ថ្នាក់ដឹកនាំ កាត់ទឹកដីឱ្យប្រទេសជិតខាងជាដើម។
ឯកឧត្តម ប៉ែន បូណា បានបន្តថា នៅពេលដែលប្រជាពលរដ្ឋបានទៅឃើញផ្ទាល់ភ្នែកនូវបង្គោលព្រំដែន ផ្លូវក្រវ៉ាត់ព្រំដែន ប៉ុស្តិ៍នគរបាលវីរៈការពារព្រំដែន និងជីវភាពប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែន ជាពិសេសសុខសន្តិភាព និងសុវត្ថិភាពពេញលេញនៅតាមខ្សែបន្ទាត់ព្រំដែន ពួកគាត់ស្វាងចែសតែម្តង និងបានយល់ច្បាស់ពីយុទ្ធសាស្ត្រការពារបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាល ដែលធ្វើឱ្យការឃោសនាភូតកុហកនានាសាបរលាបទាំងស្រុង។ នេះហើយជាជោគជ័យ និងជាគោលដៅដែលសម្តេចធិបតី នាយករដ្ឋមន្ត្រីលោកចង់បាន។
ចំណែក ឯកឧត្តមតាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រីទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានបង្ហាញអំពីសកម្មភាពការទូតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា រយៈពេល៣ខែចុងក្រោយនេះ។
បើតាមលោក តាន់ ហ្សង់ហ្វ្រង់ស័រ ក្នុងរយៈពេល៣ខែចុងក្រោយនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបំពេញទស្សនកិច្ច៣លើកនៅបរទេស ក្នុងនោះរួមមាន៖
១៖ ទស្សនកិច្ចនៅវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែតុលា។ គោលដៅ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធផ្សេងៗទៀត ទាំងអស់១៧កិច្ចប្រជុំ។
២៖ ទស្សនកិច្ចនៅឥណ្ឌូណេស៊ី ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ដើម្បីចូលរួមពិធីឡើងកាន់តំណែងប្រធានាធិបតីឥណ្ឌូនេស៉ី។
៣៖ ទស្សនកិច្ចនៅក្រុងគុនមីង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា។ គោលដៅធំ គឺចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៨។
ឯកឧត្តមរដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានអះអាងថា ការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា បន្ដចូលរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្ម សម្រេចឲ្យបាននូវគោលដៅឆ្នាំ២០៣០ និងគោលដៅឆ្នាំ២០៥០។ ការទូតសេដ្ឋកិច្ច គឺជាសកម្មភាពស្នូលលេចធ្លោរជាងគេ នៅក្រៅប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ។ កាទូតសេដ្ឋកិច្ចនេះ ដៅសឹងទាំងស្រុងទៅរកការចូលរួមចំណែក រក្សាកំណើនសេដ្ឋកិច្ចនៃប្រទេស, បង្កើតការងារ, ពង្រឹងគុណភាពនៃវិស័យអប់រំ និងសុខាភិបាល។ និយាយមួយបែបទៀត គឺចូលរួមចំណែកក្នុងការបន្តកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាជន ក្នុងចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានគូសបញ្ជាក់ថា ទស្សនកិច្ចនៅបរទេសទាំងអស់នេះ ពិសេសទស្សនកិច្ចចុងក្រោយនៅប្រទេសចិន ជាឱកាសសម្រាប់ឲ្យប្រមុខរាជរដ្ឋាភិបាល និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ឆ្លៀតបន្តពង្រឹង និងពង្រីកកាទូតសេដ្ឋកិច្ច។ ការទូតសេដ្ឋកិច្ចនេះរបស់កម្ពុជា បន្តស្ដែងឡើង៖
១៖ តាមរយៈជំនួបទ្វេភាគីរដ្ឋាភិបាល-រដ្ឋាភិបាល នាឱកាសទស្សនកិច្ចរបស់សម្ដេចបវរធិបតី នៅបរទេសម្ដងៗ តែងតែឆ្លៀតផ្សព្វផ្សាយផលិតផលកម្ពុជា វិស័យទេសចរណ៍កម្ពុជា និងតែងតែជំរុញរដ្ឋាភិបាលបរទេសនីមួយៗ ឲ្យលើកទឹកចិត្តវិស័យឯកជនមកដាក់ទុនរកស៊ីនៅកម្ពុជា។
២៖ តាមរយៈជំនួបរវាងរដ្ឋាភិបាល និងវិស័យឯកជនបរទេស នៅបរទេស ឬនៅកម្ពុជា គឺសុទ្ធសឹងជាការចូលរួមផ្ទាល់របស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងវេទិកាធុរកិច្ចតូចឬធំ, សុទ្ធសឹងជាជំនួបសំណេះសំណាលគ្នាផ្ទាល់ រវាងសម្ដេចបវរធិបតី និងបណ្តាក្រុមហ៊ុនបរទេស ខ្នាតតូច មធ្យម និងធំ។ ប្រមុខរាជរដ្ឋាភិបាល និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា រួមមាន ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ប្រឹងប្រែងបញ្ចុះបញ្ចូលធុរជន និងវិនិយោគិនបរទេស ឲ្យមកបង្កើនទុន ឬមកដាក់ទុនរកស៊ីនៅកម្ពុជា។ ទាំងនេះជាឱកាស ដើម្បីផ្សព្វផ្សាយផលិតផលខ្មែរ និងទេសចរណ៍សម្បូរបែបរបស់កម្ពុជា។
៣៖ រដ្ឋមន្ត្រីនៃក្រសួងនីមួយៗ តាមរយៈការចូលរួមពិព័រណ៌ និងការបង្កើតព្រឹត្តិការណ៍ផ្សេងៗ នៅលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម កសិកម្ម បច្ចេកវិទ្យា ថាមពល ឧស្សាហកម្ម ការងារ ទាំងក្នុងក្របខ័ណ្ឌជាតិ តំបន់ ឬអន្តរជាតិ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា មុខព្រួញនៃការទូតសេដ្ឋកិច្ចរបស់កម្ពុជា រួមមាន ជំរុញពាណិជ្ជ កម្មអន្ដរជាតិ បានន័យថា បង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកម្ពុជា និងពិភពលោក ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងលើកកម្ពស់វិស័យទេសចរណ៍។
ក្នុងរយៈពេល១០ខែចុងក្រោយនេះ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាមានចំនួនប្រមាណ ៤៥,៥៨ប៊ីលានដុល្លារ ពោលគឺកើនឡើងជាង១៥% បើធៀបទៅនឹងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៣។ កំណើននៃទំហំពាណិជ្ជកម្មនេះ បានមកជាអាទិ៍ពីការកើនឡើងខ្លាំងនៃការនាំចេញ ពិសេសទៅកាន់ឥណ្ឌូណេស៊ី និងឡាវ។
ចំពោះការទាក់ទាញវិនិយោគវិញ ៣ខែចុងក្រោយនេះ ពីខែសីហា ដល់ខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគសរុបចំនួន១២២ ក្នុងនោះគម្រោងនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមាន៥៤គម្រោង។ ទាំងអស់នេះ ក្នុងទុនវិនិយោគសរុបប្រមាណជិត២ប៊ីលានដុល្លារ បង្កើតបានជាការងារប្រមាណ៧ម៉ឺនកន្លែង។ បើនិយាយពីរយៈពេល១០ខែដំបូងក្នុងឆ្នាំ២០២៤វិញ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគសរុប៣៤៦គម្រោង ក្នុងនោះគម្រោងនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមាន១៣២។ ទាំងអស់នេះក្នុងទុនវិនិយោគសរុបប្រមាណ៥,៥ប៊ីលានដុល្លា, បង្កើតការងារ បាន២៧ម៉ឺនកន្លែង។ ជារួម ទំហំទុនវិនិយោគមានកំណើនប្រមាណ៣៨%ធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី