Tuesday, November 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គុយបា-កម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យស្រូវអង្ករ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាវិស័យឯកជន ដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តនេះ ដែលទាមទារការគាំទ្រ និងការយកចិត្តទុកដាក់ពីសំណាក់ប្រទេសគុយបា ទាំងទិដ្ឋភាពផ្លូវច្បាប់ និងនយោបាយ ព្រមទាំងឱកាសនៃការវិនិយោគ ដើម្បីទទួលបានជោគជ័យ។

ចំពោះកិច្ចសហប្រតិបត្តិការផ្ដល់ជំនួយបច្ចេកទេសនៅក្នុងវិស័យកសិកម្មដល់ប្រទេសគុយបា ក្រុមការងារបច្ចេកទេសកម្ពុជា​ បានរៀបចំបញ្ចូនពូជស្រូវអាយុខ្លី​ (ក្រោម​ ១០០ថ្ងៃ) ចំនួន​ ២ពូជ​ដែលមានពូជស្រូវកង្រី​ និងពូជស្រូវស្រង៉ែថ្មី​ ដែលសមស្របនឹងប្រព័ន្ធក្សេត្របរិស្ថានប្រទេសគុយបា​ រួ​មជាមួយនឹងម៉ាស៊ីន​ និងសម្ភារកសិកម្ម​ ព្រមទាំងអ្នកបច្ចេកទេសកសិកម្មសម្រាប់ការដាំដុះនៅប្រទេសគុយបា។

ឯកឧត្តមរដ្ឋមន្ត្រី​ បានផ្តល់អនុសាសន៍ដល់ភាគីគុយបា​ កំណត់កាលបរិច្ឆេទក្នុងការរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា​ ដេីម្បីឱ្យការងារនេះមានភាពងាយស្រួល​ ឆាប់រហ័ស​៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×