នាវាទេសចរណ៍ខ្នាតធំ១គ្រឿង របស់ប្រទេសហូឡង់ ផ្ទុកភ្ញៀវបរទេស ២៦៤១នាក់ ចម្រុះជាតិសាសន៍ មកពីប៉ែកអឺរ៉ុប បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ រយៈពេល១ថ្ងៃ ដែលនេះប្រៀបបានគេយកភ្ញៀវមកលេងកម្សាន្ត ជួយជំរុញដល់កំណើនទេសចរណ៍នៅកម្ពុជាដូច្នោះដែរ។
បើតាមការឲ្យដឹងពីមន្ត្រីនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានប្រាប់ CEN ថា នាវាទេសចរណ៍ខ្នាតធំ ១គ្រឿងនេះ បានចេញពីប្រទេសវៀតណាម ចូលមកសំចតនៅខេត្តព្រះសីហនុ អនុញ្ញាតឱ្យភ្ញៀវដើរលេងកម្សាន្តមួយថ្ងៃនៅទីនេះ រួចមកនឹងបន្តដំណើរទៅកាន់ប្រទេសថៃជាបន្តទៀត។
បន្ទាប់ពីបានចូលចត ក្រុមការងារ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានធ្វើបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនពួកគេ គ្រប់កន្លែងដែលភ្ញៀវទេសចរទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត៕ ពិសិដ្ឋ CEN