អ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សូមជម្រាបជូន អ្នកនិយមតាមដានព័ត៌មាននៅលើបណ្តាញសង្គម និងសាធារណជនឲ្យបានជ្រាបថា៖ បន្ទាប់ពីមានការផ្សព្វផ្សាយ តាមរយៈបណ្តាញទំនាក់ទំនងសង្គម ពាក់ព័ន្ធនឹងករណី «លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ បានផ្ទុះអាវុធចំនួនពីរគ្រាប់» ។
អ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបញ្ជាក់ថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៨យប់៖ ពិតជាមានករណីផ្ទុះអាវុធចំនួន ០២គ្រាប់ នៅចំណុចក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឫស្សីកែវ ដែលបង្កឡើងដោយលោកនាយប៉ុស្តិ៍នគរបាល រដ្ឋបាលពិតប្រាកដមែន។ ភ្លាមៗនោះ ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងអធិការដ្ឋាននគរបាល ស្រុកព្រែកប្រសព្វ ចុះទៅដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឫស្សីកែវ និងបានធ្វើការកោះហៅអ្នកពាក់ព័ន្ធ នៅនឹងករណីនេះមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ។
ក្រោយពីការសាកសួរបំភ្លឺភាគីពាក់ព័ន្ធ ឃើញថាការដែលបណ្តាលឲ្យមានការផ្ទុះអាវុធនេះ កើតចេញ ពីការអាក់អន់ចិត្តនឹងគ្នារវាងលោកនាយប៉ុស្តិ៍ និងគណៈកម្មការទូកង ដែលមិនបានអញ្ជើញរូបលោកចូល រួមកិច្ចប្រជុំនៅពេលទូកងវិលត្រឡប់មកពីប្រកួតនៅរាជធានីភ្នំពេញវិញ។
លោកនាយប៉ុស្តិ៍បានទទួលស្គាល់ថា ខ្លួនពិតជាបានផ្ទុះអាវុធនៅក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាល ដោយ បាញ់ឡើងលើសំដៅទៅទន្លេទិសខាងត្បូង។
ចំពោះករណីខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការផ្អាកការងារជាបណ្តោះអាសន្នចំពោះ លោកនាយប៉ុស្តិ៍ និងយកមកអនុវត្តវិន័យនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ៕រក្សាសិទ្ធដោយ៖សុទ្ធលី