ខេត្តតាកែវ ៖ នៅ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការចោទប្រកាន់ជនសង្ស័យចំនួន ០២នាក់ ជាគ្រូពេទ្យ ពាក់ព័ន្ធករណី ចាក់ថ្នាំខុស បច្ចេកទេសបណ្តាលឱ្យអ្នកជំងឺស្លាប់ និងបានយកសពជនរងគ្រោះ ព្រមទាំងក្មេងស្រី អាយុ ៣ឆ្នាំទៅទម្លាក់ចោល កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅស្រុកបាទី ខេត្តតាកែវ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបាទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជូនជនសង្ស័យឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ៣៩ឆ្នាំ និងឈ្មោះ ហៀង សុងហាក់ ហៅ ង៉ែត ភេទប្រុស អាយុ៣៧ឆ្នាំ ដែលបានបើកកន្លែងព្យាបាលជំងឺមានឈ្មោះ មន្ទីរសម្រាកព្យាបាល និង សម្ភពសុងហាក់ម៉ារីណា មានទីតាំងស្ថិតនៅភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ដោយគ្មាន លិខិតអនុញ្ញាត ។
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឈ្មោះ ស៊ុន ម៉ារីណា បានព្យាបាលជនរងគ្រោះឈ្មោះ ណាំ ចាន់ធូ ភេទស្រី អាយុ៤១ឆ្នាំ ដោយប្រើថ្នាំចាក់ ។ នៅពេលចាក់ថ្នាំជនរងគ្រោះបានបន្តិច ស្រាប់តែថ្នាំមានប្រតិកម្ម បណ្តាលឱ្យឈ្មោះ ណាំ ចាន់ធូ ស្លាប់ភ្លាមៗតែម្តង ។ បន្ទាប់ពីឈ្មោះ ណាំ ចាន់ធូ បានស្លាប់ហើយ ឈ្មោះ ស៊ុន ម៉ារីណា និងប្តីឈ្មោះ ហៀង សុងហាក់ ហៅ ង៉ែត បានដឹកសពជនរងគ្រោះ និងក្មេងស្រីម្នាក់ឈ្មោះ នួន សៀវហ្វាន អាយុ ៣ឆ្នាំ ត្រូវជាក្មួយរបស់សពទៅទម្លាក់ចោលនៅចំណុចគុម្ពព្រៃសង្កែ ស្ថិតនៅភូមិម្រះពៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដែលមានចម្ងាយ ៣,៩០០ម៉ែត្រពីទីតាំងសម្រាកព្យាបាល ដើម្បីលាក់បំបាំងសាកសព ។
ក្រោយពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿងនេះ តំណាងអយ្យការអម សាលាដំបូងខេត្តតាកែវ បានសម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ ស៊ុន ម៉ារីណា ពីបទ៖ ទី១.បទ មនុស្សឃាត ដោយអចេតនា ប្រព្រឹត្តនៅចំណុចភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា២០៧ នៃក្រមព្រហ្មទណ្ឌ។ ទី២.បទ ប្រកបវិជ្ជាជីវៈសុខាភិបាលដោយ គ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល ប្រព្រឹត្តនៅចំណុចភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ កាលពីអំឡុងឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា២៨ នៃច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យ សុខាភិបាល ។ ទី៣.បទ លាក់បំបាំងសាកសព និងទី៤.បទ ទារុណកម្ម និងអំពើឃោរឃៅមានស្ថានទម្ងន់ ទោសទាក់ទងទៅនឹងជនរងគ្រោះ ប្រព្រឹត្តនៅចំណុចភូមិម្រះជ្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា៥៣១ និងមាត្រា២១១ នៃក្រមព្រហ្មទណ្ឌ ។ ចំណែកឯជនសង្ស័យ ឈ្មោះ ហៀង សុងហាក់ ហៅ ង៉ែត ត្រូវបានចោទប្រកាន់ពីបទ៖ ទី១.បទ ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មាន អាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល ប្រព្រឹត្តនៅចំណុចភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្ត តាកែវ កាលពីអំឡុងឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា២៨ នៃច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខា
ភិបាល ។ ទី២.បទ សមគំនិតក្នុងអំពើ លាក់បំបាំងសាកសព និងទី៣.បទ សមគំនិតក្នុងអំពើ ទារុណកម្ម និង អំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ ប្រព្រឹត្តនៅចំណុចភូមិម្រះជ្រៅ ឃុំចំបក់ ស្រុក បាទី ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា២៩, មាត្រា៥៣១ និងមាត្រា២១១ នៃ ក្រមព្រហ្មទណ្ឌ ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី