Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានសាជីវកម្ម KDIC បានបង្ហាញពីការត្រៀមខ្លួនសហការផ្តល់ការគាំទ្របន្ថែមទៀត សំដៅឈានទៅបង្កើតប្រព័ន្ធការពារប្រាក់បញ្ញើនៅកម្ពុជាដោយជោគជ័យ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូ សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើរបស់សាធារណរដ្ឋកូរ៉េ (KDIC) ដឹកនាំដោយលោកបណ្ឌិត JaeHoon Yoo ប្រធានសាជីវកម្ម KDIC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ។

ក្នុងជំនួបនេះ លោកបណ្ឌិត JaeHoon Yoo បានជម្រាបជូនពីគោលបំណងក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀតរវាងស្ថាប័នទាំងពីរ ក្រោមក្របខ័ណ្ឌអនុស្សរណៈយោគយល់ពាក់ព័ន្ធនឹងកិច្ចការពារប្រាក់បញ្ញើ។ បន្ថែមលើនេះ លោកបណ្ឌិត ក៏បានបញ្ជាក់ពីការគាំទ្ររបស់រដ្ឋាភិបាលកូរ៉េលើកិច្ចសហប្រតិបត្តិការនេះ ព្រមទាំងបានបង្ហាញពីការត្រៀមខ្លួនសហការផ្តល់ការគាំទ្របន្ថែមទៀត សំដៅឈានទៅបង្កើតប្រព័ន្ធការពារប្រាក់បញ្ញើនៅកម្ពុជាដោយជោគជ័យ។

ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានថ្លែងអំណរគុណដល់សាជីវកម្ម KDIC ចំពោះកិច្ចសហការផ្តល់ការគាំទ្រនាពេលកន្លងមក និងបានបញ្ជាក់ថាក្រុមមន្ត្រីជំនាញបានសិក្សារៀនសូត្រយ៉ាងច្រើនពីបទពិសោធន៍ និងការអនុវត្តយន្តការការពារប្រាក់បញ្ញើនេះ។ លើសពីនេះ លោកជំទាវបណ្ឌិតបានចាត់ទុកការលើកឡើងពីឆន្ទៈបង្កើនការគាំទ្របន្ថែមរបស់ KDIC ជាឱកាសល្អ ស្របពេលដែលធនាគារជាតិនៃកម្ពុជាបានរៀបចំរចនាសម្ព័ន្ធការងារថ្មីរួចរាល់ដើម្បីបំពេញកិច្ចការពាក់ព័ន្ធនឹងប្រព័ន្ធការពារប្រាក់បញ្ញើនេះ។

ជារួម ភាគីទាំងពីរបានបញ្ជាក់នូវសុទិដ្ឋិនិយមថានឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែមានវឌ្ឍភាពល្អប្រសើរថែមទៀត៕ រក្សាសិទ្ធដោយ​៖ សុទ្ធលី

×