តាកែវ ៖ ល្បែងបង្វែងដានរបស់គ្រូពេទ្យទុច្ចរិត មិនអាចជ្រែកផុតពីទេពកោសល នៃនីតិកោសល្យវិច័យរបស់សមត្ថកិច្ចបានឡើយ, ពិតជាសាងអ្វី ទទួលបានផលហ្នឹងមែនចំពោះជនប្រព្រឹត្តអំពើទុច្ចរិត ដូចជា ជិះជាន់ កេងប្រវ័ញ្ច គៃបំបាត់… គ្រូពេទ្យខ្ជីខ្ជាពីរនាក់ប្ដីប្រពន្ធដែលចាក់ថ្នាំបណ្ដាលឲ្យអ្នកជំងឺស្ត្រី អាយុ៤១ឆ្នាំ ម្នាក់ស្លាប់ ពេលនេះ នីតិវិធីឈានដល់តុលាការហើយ គឺអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការចោទប្រកាន់បទល្មើស ឱ្យដឹងថា អយ្យការអមសាលាដំបូងខេត្តតាកែវ បានចោទប្រកាន់គ្រូពេទ្យទាំងពីរនាក់ប្ដីប្រពន្ធនេះ គឺប្រពន្ធ ៤ បទល្មើស , ប្ដី ៣ បទល្មើស , ប្រឈមនឹងការដាក់ឲ្យជាប់ពន្ធនាគារចន្លោះពី ១០ឆ្នាំ ទៅ ២០ឆ្នាំ។
ជនសង្ស័យ០២នាក់ប្ដីប្រពន្ធនេះ ជាគ្រូពេទ្យ ពាក់ព័ន្ធករណីចាក់ថ្នាំខុសបច្ចេកទេសបណ្តាលឱ្យអ្នកជំងឺស្លាប់ និងបានយកសពជនរងគ្រោះ ព្រមទាំងក្មេងស្រី អាយុ៣ឆ្នាំ ទៅបោះចោលកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅស្រុកបាទីខេត្តតាកែវ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបាទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជូនជនសង្ស័យឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ៣៩ឆ្នាំ និងប្ដីឈ្មោះ ហៀង សុងហាក់ ហៅ ង៉ែត ភេទប្រុស អាយុ៣៧ឆ្នាំ ដែលបានបើកគ្លីនិកព្យាបាលជំងឺមានឈ្មោះ ” មន្ទីរសម្រាកព្យាបាល និង សម្ភព សុងហាក់ម៉ារីណា ” មានទីតាំងស្ថិតនៅភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ដោយគ្មាន លិខិតអនុញ្ញាត ។
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឈ្មោះ ស៊ុន ម៉ារីណា បានព្យាបាលជនរងគ្រោះឈ្មោះ ណាំ ចាន់ធូ ភេទស្រី អាយុ៤១ឆ្នាំ ដោយប្រើថ្នាំចាក់ ។ នៅពេលចាក់ថ្នាំជនរងគ្រោះបានបន្តិច ស្រាប់តែថ្នាំមានប្រតិកម្ម បណ្តាលឱ្យឈ្មោះ ណាំ ចាន់ធូ ស្លាប់ភ្លាមៗតែម្តង, បន្ទាប់ពីឈ្មោះ ណាំ ចាន់ធូ បានស្លាប់ហើយ ឈ្មោះ ស៊ុន ម៉ារីណា និងប្តីឈ្មោះ ហៀង សុងហាក់ ហៅ ង៉ែត បានដឹកសពជនរងគ្រោះ និងក្មេងស្រីម្នាក់ឈ្មោះ នួន សៀវហ្វាន អាយុ៣ឆ្នាំ ត្រូវជាក្មួយរបស់សពទៅទម្លាក់ចោលនៅចំណុចគុម្ពព្រៃសង្កែ ស្ថិតនៅភូមិម្រះពៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដែលមានចម្ងាយ ៣ ៩០០ម៉ែត្រពីទីតាំងសម្រាកព្យាបាល ដើម្បីលាក់បំបាំងសព ឬបង្វែងដានគេចចេញពីទង្វើរបស់ខ្លួន។
ក្រោយពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿងនេះ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានសម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ ស៊ុន ម៉ារីណា ពីបទ ÷
១. បទ មនុស្សឃាតដោយអចេតនា ប្រព្រឹត្តនៅភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមបញ្ញត្តិ មាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ (ប្រឈមនឹងការដាក់ឲ្យជាប់ពន្ធនាគារចន្លោះពី ១ឆ្នាំ ទៅ ៣ឆ្នាំ)។
២.បទ ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណ ប្រព្រឹត្តនៅភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ កាលពីអំឡុងឆ្នាំ២០២៤ តាមបញ្ញត្តិ មាត្រា ២៨ នៃច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ។
៣.បទ លាក់បំបាំងសព , និង
៤.បទ ទារុណកម្ម និងអំពើឃោរឃៅមានស្ថានទម្ងន់ ទោសទាក់ទងទៅនឹងជនរងគ្រោះ ប្រព្រឹត្តនៅចំណុចភូមិម្រះជ្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមបញ្ញត្តិ មាត្រា ៥៣១ និងមាត្រា ២១១ នៃក្រមព្រហ្មទណ្ឌ (ប្រឈមនឹងការដាក់ឲ្យជាប់ពន្ធនាគារចន្លោះពី ១០ឆ្នាំ ទៅ ២០ឆ្នាំ)។
ចំណែកឯជនសង្ស័យ ឈ្មោះ ហៀង សុងហាក់ ហៅ ង៉ែត ត្រូវបានចោទប្រកាន់ ÷
១.បទ ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មាន អាជ្ញាប័ណ្ណ ប្រព្រឹត្តនៅភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ កាលពីអំឡុងឆ្នាំ២០២៤ តាមបញ្ញត្តិ មាត្រា ២៨ នៃច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល។
២.បទ សមគំនិតក្នុងអំពើលាក់បំបាំងសព , និង
៣.បទ សមគំនិតក្នុងអំពើទារុណកម្ម និង អំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ ប្រព្រឹត្តនៅភូមិម្រះជ្រៅ ឃុំចំបក់ ស្រុក បាទី ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមបញ្ញត្តិ មាត្រា ២៩, មាត្រា ៥៣១ និងមាត្រា ២១១ នៃ ក្រមព្រហ្មទណ្ឌ។
ពិតជាសាងអ្វី ទទួលបានផលហ្នឹងមែនចំពោះជនប្រព្រឹត្តអំពើទុច្ចរិត មិនថា គ្រូពេទ្យ ទាហាន ប៉ូលិស ឬមន្ត្រីមានអំណាចណានោះទេ ដូចជា ជិះជាន់ គាបសង្កត់ កេងប្រវ័ញ្ច គៃបំបាត់ គំរាមកំហែង ធ្វើទុក្ខបុកម្នេញអ្នកស្រូតត្រង់ គង់តែកម្មតាមផ្ដន្ទាមិនខានឡើយ៕ ពិសិដ្ឋ CEN