អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ បានប្រារព្ធពិធីបើកនៅសាលវិទ្យាស្ថាន ជាតិអប់រំ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងបានប្រារព្ធពិធីបិទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣២ បានប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍-សុក្រ-សៅរ៍ ៦-៧-៨ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការ យាង-និមន្ត និងអញ្ជើញចូលរួមសរុបចំនួន ១ ២០០ អង្គ/នាក់។
អង្គមហាសន្និបាតបានធ្វើការពិភាក្សាយ៉ាងផុសផុលទៅលើរបាយការណ៍ បញ្ហាប្រឈម សំណូមពរ ដំណោះស្រាយ ទិសដៅអនុវត្តបន្ត សំណើ និងអនុសាសន៍ផ្សេងៗ ហើយបានឯកភាពសម្រេចដាក់ចេញនូវ សង្ឃប្រកាស ដែលមានខ្លឹមសារដូចខាងក្រោម៖
១.មន្ត្រីសង្ឃគ្រប់ឋានានុក្រម ត្រូវបន្តអនុវត្តស្មារតីសង្ឃប្រកាសនៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេស ដែលបានសម្រេចកន្លងទៅឱ្យបានម៉ឺងម៉ាត់និងបន្តការពង្រឹងគុណវុឌ្ឍតាមរយៈវគ្គសង្សាភិបាល ដើម្បីលើកកម្ពស់សមត្ថភាពប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តតួនាទី ភារកិច្ច។
២.រៀបចំយន្តការនិងនីតិវិធីនៃអាសនានុក្រមសម្រាប់មន្ត្រីសង្ឃនិងការរៀបចំសំណង់ ចេតិយ៍ ផ្នូរ និងម៉ុងក្នុងវត្តអារាម។
៣.មន្ត្រីសង្ឃគ្រប់ឋានានុក្រម មានកាតព្វកិច្ចរៀបចំអប់រំបព្វជិត ភិក្ខុ-សាមណេរ ដែលបួសក្នុងសំណាក់ ពុទ្ធសាសនាឱ្យស្ថិតក្នុងគោលការណ៍៣គឺ៖
-ព្រះបរិយត្តិសាសនា បានដល់ការរៀនសូត្រពុទ្ធវចនៈ ដែលមាននៅក្នុងគម្ពីរព្រះត្រៃបិដក ព្រមទាំង វិជ្ជាផ្លូវលោកវិជ្ជាផ្លូវធម៌ តាមរយៈពុទ្ធិកសិក្សាគ្រប់កម្រិត
-ព្រះបដិបត្តិសាសនា បានដល់ការបដិបត្តិសមថកម្មដ្ឋាននិងវិបស្សនាកម្មដ្ឋាន សីល សមាធិ បញ្ញា ឱ្យស័ក្តិសមជាសមណៈ។ ភិក្ខុសង្ឃត្រូវចូលរួមធ្វើឧបោសថកម្មរៀងរាល់២ដង ក្នុងមួយខែឱ្យបានគត់មត់ ដោយឡែក សាមណេរត្រូវសមាទានសីលរៀងរាល់៤ដង ក្នុងមួយខែ ដើម្បីញ៉ាំងសីលរបស់ខ្លួនឱ្យល្អបរិសុទ្ធគួរជាទីជ្រះថ្លា
-ព្រះបដិវេធសាសនា បានដល់ការសម្រេចបាននូវប្រយោជន៍ទាំងបីគឺ ទិដ្ឋធម្មិកត្ថប្រយោជន៍ សម្បរាយិកត្ថ ប្រយោជន៍ និងបរមត្ថប្រយោជន៍។
៥. មន្ត្រីសង្ឃគ្រប់ឋានានុក្រមបន្តពង្រឹងនិងពង្រីកសាលាធម្មវិន័យនិងពុទ្ធិកសិក្សាតាមរយៈការរៀបចំ យន្តការគាំទ្រនិងលើកទឹកចិត្ត ទាំងផ្នែកស្មារតីនិងសម្ភារៈ ព្រមទាំងចាត់ទុកពុទ្ធិកសិក្សាជាឆ្អឹងខ្នងនៃព្រះពុទ្ធសាសនា។
៦.បង្កើតយន្តការតាមដាន ត្រួតពិនិត្យការអនុវត្តសង្ឃប្រកាសនិងគ្រប់គ្រងសណ្តាប់ធ្នាប់សង្ឃ សំដៅ លើកកម្ពស់គុណតម្លៃបព្វជិតពុទ្ធសាសនាឱ្យតាំងមាំក្នុងត្រៃសិក្ខា។ ការបំបួសកុលបុត្រ ព្រះឧបជ្ឈាយ៍ត្រូវធ្វើឱ្យស្របតាមច្បាប់រដ្ឋនិងធម៌វិន័យដែលព្រះសម្មាសម្ពុទ្ធ ទ្រង់បញ្ញត្តិ អនុញ្ញាត ដែលមានគម្ពីរព្រះត្រៃបិដកជាគោល។
៧.មន្ត្រីសង្ឃគ្រប់ឋានានុក្រម គប្បីបន្តយកព្រះទ័យទុកដាក់ក្នុងកិច្ចការសង្គមនិងកិច្ចការមនុស្សធម៌ រួមមាន ការចូលរួមអប់រំសីលធម៌សង្គម ការផ្សព្វផ្សាយពុទ្ធវចនៈ ឱ្យបានជ្រួតជ្រាបដល់សាធារណជននិងការជួយ ឧបត្ថម្ភគាំទ្រទាំងស្មារតីទាំងសម្ភារៈ ដល់ជនគ្មានទីពឹង ជាពិសេសចំពោះបរិស័ទ ដែលជួបគ្រោះមហន្តរាយផ្សេងៗ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី