Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យសាសនា បាននិងកំពុង ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិ និងបណ្តុះបណ្តាលធនធានមនុស្សផ្នែកបញ្ញាស្មារតី ចំណេះជំនាញ ក្នុងការអប់រំសីលធម៌ គុណធម៌ និងសុជីវធម៌ ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ នៅវិទ្យាស្ថានជាតិអប់រំ នៅរសៀលថ្ងៃសៅរ ៨រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។

សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលគ្រប់អាណត្តិតែងយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យសាសនា ជាពិសេសព្រះពុទ្ធសាសនា ដែលជាវិស័យមួយ បាននិងកំពុង ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិ និងបណ្តុះបណ្តាលធនធានមនុស្សផ្នែកបញ្ញាស្មារតី ចំណេះជំនាញ ក្នុងការអប់រំសីលធម៌ គុណធម៌ និងសុជីវធម៌ ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់មជ្ឈដ្ឋានសង្គមនៅទូទាំងប្រទេស ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តទៀតថា ការរៀបចំឱ្យមាននូវមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ក៏ជាការផ្នែកមួយលើកទឹកព្រះទ័យ ទឹកចិត្ដ ព្រះសង្ឃ និងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធម្មការ និងសាសនា ក្នុងការបំពេញព្រះរាជតួនាទី ភារកិច្ច ឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីធានាដល់ការរីកចម្រើននៃព្រះពុទ្ធសាសនា និងភាពសុខដុមរមនាសាសនា នៅកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានការយកចិត្តទុកដាក់ជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបន្តអនុវត្តតាមខ្លឹមសារសង្ឃ ប្រកាសនៃមហាសន្និបាតឱ្យមានប្រសិទ្ធភាព ដោយតាមដាន និង វាយតម្លៃការអនុវត្តគ្រប់​សកម្ម​ភាព ខិតខំដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីធានាឱ្យបាននូវការ​លើក​កម្ពស់​គុណតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារដ្ឋ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើដាក់បញ្ចូលកម្មវិធីប្រតិបត្តិសមាធិក្នុង​កម្ម​វិធីសិក្សារបស់ពុទ្ធិកសិក្សាគ្រប់កម្រិត ដើម្បីពង្រឹងគុណភាពអប់រំ កសាងឱ្យ​បាន​មូលធនមនុស្សមានទាំងសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត បញ្ញាស្មារតី និងទំនួលខុសត្រូវក្នុងការរស់នៅក្នុងសង្គម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើគណៈសង្ឃទាំងពីរគណៈ យកព្រះទ័យទុកដាក់លើការប្រតិបត្តិធម៌វិន័យ ដើម្បីពង្រឹងតួនាទីព្រះសង្ឃ និង វត្តអារាម ក្នុងការចូលរួមទប់ស្កាត់ និងដោះស្រាយអធិករណ៍ក្នុង ព្រះពុទ្ធសាសនា និងរួមចំណែកថែរក្សានូវបេតិកភណ្ឌដែលមានក្នុងវត្តអារាមឱ្យបានគង់វង្ស។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើក្រសួងធម្មការ និងសាសនា សហការជាមួយគណៈសង្ឃនាយក ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ យកព្រះទ័យ យកចិត្តទុកដាក់បណ្តុះបណ្តាលធនធានព្រះសង្ឃ និង មន្ត្រីរាជការ ឱ្យមានជំនាញបច្ចេកវិទ្យាព័ត៌មាន (ជំនាញឌីជីថល) ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥, ដែលក្នុងនោះ នៅមានចំណុចមួយចំនួនត្រូវយក ចិត្តទុកដាក់, រួមមាន (១) ការរៀបចំទំនាក់ទំនង និង អន្តរសកម្មរវាងរដ្ឋបាលថ្នាក់កណ្តាល និងមន្ទីររាជធានី ខេត្ត និងក្រសួង-ស្ថាប័នពាក់ព័ន្ធ, (២) រៀបចំចងក្រងទិន្នន័យតាមប្រព័ន្ធ- អេឡិចត្រូនិក និង ប្រព័ន្ធព័ត៌មានវិទ្យា, និង(៣) ធ្វើឱ្យប្រសើរថែមទៀតនូវទំនាក់ទំនងសាធារណៈ តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា។ ក្នុងន័យនេះ ក្រសួងធម្មការ និង សាសនា ត្រូវសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×