Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន បានឆ្លុះបញ្ចាំងពីដំណើររបស់ប្រទេសកម្ពុជា ពីប្រទេសដែលរងផលប៉ះពាល់ដោយសារមីន ទៅជាប្រទេសនាំមុខគេលើពិភពលោក ក្នុងសកម្មភាពមីន

សៀមរាប ៖ ឯកឧត្តមបណ្ឌិត លី ធុជ ចាត់ទុកដំណើរឈ្វេងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន នឹងអាចជំរុញបន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅចុងក្រោយនៃពិភពលោកមួយដែលគ្មានមីន ជាពិសេសរួមគ្នាកសាងនូវអនាគតមួយប្រកបដោយសុវត្ថិភាព។

រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានអនុសញ្ញាអូតាវ៉ា ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរនៃអនុសញ្ញាអូតាវ៉ា ចូលទស្សនាឈ្វេងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន។ ដំណើរទស្សនកិច្ចនេះ មានការចូលរួមពី ឯកឧត្តម ERI Arfiya អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក ANDO Naoki អនុប្រធានជាន់ខ្ពស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន និងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអង្គភាពស៊ីម៉ាក់។

ក្នុងនាមកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូទាំងអស់ក្នុងដំណើរឈ្វេងយល់អំពីផលប៉ះពាល់អវិជ្ជមានដែលកើតចេញពីសង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា និងលទ្ធផលសម្រេចបានក្នុងការរំដោះផ្ទៃដីមានមីន និងផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម អស់រយៈពេលជាង ៣០ឆ្នាំ។

ឯកឧត្តម លី ធុជ បន្តទៀតថា សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន មិនត្រឹមតែឆ្លុះបញ្ចាំងពីដំណើររបស់ប្រទេសកម្ពុជាពីប្រទេសដែលរងផលប៉ះពាល់ដោយសារមីនទៅជាប្រទេសនាំមុខគេលើពិភពលោកក្នុងសកម្មភាពមីនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្ហាញពីការដោះស្រាយរួមគ្នាក្នុងបុព្វហេតុសកម្មភាពមីនមនុស្សធម៌ និងការអនុវត្តគោលការណ៍នៃអនុសញ្ញាអូតាវ៉ា។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាថ្ងៃនេះ នឹងអាចជំរុញរដ្ឋភាគី រដ្ឋមិនមែនភាគី ដៃគូ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅចុងក្រោយនៃពិភពលោកមួយដែលគ្មានមីន ជាពិសេសរួមគ្នាកសាងនូវអនាគតមួយប្រកបដោយសុវត្ថិភាព និងកាន់តែមានសុវត្ថិភាពសម្រាប់មនុស្សជំនាន់ក្រោយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×