រាជធានីភ្នំពេញ: ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចុះអនុស្សរណៈយោគយល់ជាមួយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជាស្តីពីកិច្ចសហការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀន ដែលមានអ្នកចូលរួមប្រមាណជាង៥០០នាក់។
ពិធីចុះហត្ថលេខានេះធ្វើឡើងរវាងលោកជំទាវ ឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ជា ចន្ទ័បរិបូរណ៍ ប្រធានសហពន្ធ័កីឡាអេឡិចត្រូនិកកម្ពុជា ក្រោមអធិបតីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ តំណាងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន។
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ក្នុងនាមសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបង្ហាញនូវមោទនភាព ដែលបានចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ស្របតាមទស្សនវិស័យ “ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន” សំដៅរួមចំណែកក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិ ដូចជាពាក្យស្លោកថា លេងកីឡាភ្លេចញៀន ស្តាយពានចូលផ្ទះ និង ត្រូវនិយាយថាទេចំពោះគ្រឿងញៀន និងបំផុសការទាញយក App NoDrug : https://nodrugsnacd.com/download។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លៃងសាទរនិងលើកឡើងថាយុវជនដែលប្រឈមមុខខ្ពស់ទៅការញៀននៃគ្រឿងញៀននាពេលបច្ចុប្បន្ននេះអាចដកខ្លួន ឬបញ្ឈប់នូវរាល់បញ្ហាដែលឈានទៅប្រើប្រាស់គ្រឿងញៀន ហើយវិធានការអប់រំជាអាទិភាព មុនឈានទៅវិធានការអនុវត្តច្បាប់ និងវិធានវិធានការផ្សេងៗទៀតក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ព្រោះបញ្ហាគ្រឿងញៀន ជាបញ្ហារួមដែលត្រូវចូលរួមទប់ស្កាត់ លប់បំបាត់និងប្រយុទ្ធប្រឆាំងទាំងអស់គ្នា។ នៅក្នុងន័យនេះ សម្តេចធិបតី ស្នើសុំឱ្យថ្នាក់ ដឹកនាំក្រសួងស្ថាប័ន ទាំងអស់ ក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាស រហូតដល់សមាជិកគ្រួសារ ត្រូវធ្វើការអប់រំក្រើនរំលឹកអំពីផលប៉ះពាល់វិនា សកម្មនៃគ្រឿងញៀន និងមានវិធានការម៉ឺងម៉ាត់តឹងរឹងបំផុតចំពោះការ ប្រើប្រាប់គ្រឿងញៀន ត្រូវនិយាយថា”ទេដាច់ខាតចំពោះគ្រឿងញៀន” ។
ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំធ្វើយ៉ាងណាកាត់ផ្តាច់ និងផ្សព្វផ្សាយអោយបានទូលំទូលាយពីផលប៉ះពាល់នៃបញ្ហាគ្រឿងញៀន ដើម្បីទប់ស្កាត់កុំអោយយុវជនដែលកំពុងនៅមាត់រណ្តៅនៃការញៀនគ្រឿងញៀន អាចដកខ្លួន ឬបញ្ឈប់នូវរាល់បញ្ហាដែលឈានទៅប្រើប្រាស់គ្រឿងញៀន ។
ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា បានស្នើដល់ពិធីករ ពិធីការិនីកម្មវិធីកីឡាដែលមានឥទ្ធិពលក្នុងសង្គមជួយធ្វើការ អត្ថាធិប្បាយអំពីផលប៉ះពាល់ពីគ្រឿងញៀន តាមរយៈសារឯកជនរបស់ខ្លួន ផ្សព្វផ្សាយទៅដល់ស្រទាប់យុវជន និងពលរដ្ឋអោយចៀសឆ្ងាយពីគ្រឿងញៀន សូមអ្នកដែលមានស្នាដៃក្នុងកីឡាអេឡិចត្រូនិកដែលមានអ្នកគាំទ្ររាប់មុឺននាក់អ្នកដែលមានប្រជាប្រិយ៍ភាព និងអ្នកដែលបានចូលរួមលេងកីឡាអេឡិចត្រូនិកជួយភ្ជាប់នូវសារអប់រំទាក់ទងបញ្ហាគ្រឿងញៀន ហើយតាំងចិត្តរួមគ្នាថាយើងមិនប្រើប្រាស់មិនប៉ះពាល់ មិនជួញដូរគ្រឿងញៀន ហើយរួមគ្នាដើម្បី ផ្សព្វផ្សាយអោយអ្នកផ្សេងៗទៀតទទួលសារទាំងនេះបាន ពិសេសយុវជន ព្រោះថាមានតែការអប់រំតែមួយគត់ដែលអាចឈានទៅដល់ការលុបបំបាត់បានទាំងស្រុងនូវបញ្ហានៃការប្រើប្រាស់គ្រឿងញៀននៅក្នុងសង្គមរបស់យើង,ចេញពីខ្លួនយើង យើងនឹងអាចពង្រីកដល់សហគមន៍យើង ចេញពីសហគមន៍យើង យើងនឹងពង្រីកការទប់ស្កាត់នូវការមិនប្រើប្រាស់គ្រឿងញៀននៅក្នុងសង្គមរបស់យើង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី