ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា សហគ្រិនភាព ដើរតួនាទីយ៉ាងសំខាន់ សម្រាប់អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងនោះ មានសហគ្រិនខ្មែរ និងភាគីពាក់ព័ន្ធទាំងអស់ មានឥទ្ធិពលគ្របដណ្ដប់សកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទ និងមានអត្ថប្រយោជន៍ជាច្រើន ចំពោះប្រជាជន និងជាឆ្អឹងខ្នងដ៏រឹងមាំនៃសង្គម-សេដ្ឋកិច្ច ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងមុខរបរ , ការបង្កើនប្រាក់ចំណូល ការកាត់បន្ថយភាពក្រីក្រ និងការជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។
ការថ្លែងបែបនេះរបស់មឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព រៀបចំដោយសហគ្រិនខ្មែរ នាថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាព ដើម្បីអបអរសមិទ្ធផល និងបន្តលើកកម្ពស់ការអភិវឌ្ឍសហគ្រិនភាពនៅកម្ពុជា, មានការចូលរួមពីមន្ត្រីស្ថាប័នពាក់ព័ន្ធសំខាន់ៗ និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ក្នុងសុន្ទរកថា បើកទិវានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចនូវតួនាទីដ៏សំខាន់នៃសហគ្រិនភាព ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជន ដូចជាបង្កើតការងារ មុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងស្ថិរភាពសង្គម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព កាន់តែមានសារៈសំខាន់ និងកាន់តែបន្ទាន់ ក្នុងការជំរុញសម្ទុះកំណើនសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍសមត្ថភាព និងស្តង់ដារផលិតកម្ម ក្នុងន័យពង្រីកទីផ្សារក្នុងស្រុក និងអន្តរជាតិ ដើម្បីកាត់បន្ថយការនាំចូល និងជំរុញការនាំចេញ។”
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានលើកឡើងថា “ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព មានគោលដៅផ្តល់ភាពអង់អាច និងជំរុញទឹកចិត្តសហគ្រិនជំនាន់ថ្មីរបស់កម្ពុជា ដោយផ្តល់ឱកាសកសាងបណ្តាញធុរកិច្ច ចែករំលែកចំណេះដឹង ដាក់តាំងបង្ហាញផលិតផល និងសេវាកម្មដែលកើតចេញពីនវានុវត្តន៍ និងគំនិតច្នៃប្រឌិតរបស់សហគ្រិន” ។
សូមបញ្ជាក់ថា ទិវាដែលមានរយៈពេលពីរថ្ងៃនេះ មានស្តង់ផលិតផលចូលរួមជាង២០០ស្តង់ និងមានកម្មវិធីសំខាន់ៗ ដូចជាការប្រកួតប្រជែងសង្វៀនរ៉ូបូត (BATTLEBOTX), ពិធីសម្ពោធកម្មវិធីសហគ្រិនមហាវិទ្យាល័យ រដូវកាលទី៣, កម្មវិធីប្រកួតគំរូធុរកិច្ច Y2B HACKATHON, វេទិកាផ្សាភ្ជាប់អ្នកផលិត និងទីផ្សារ, សន្និសីទវិនិយោគប្រកបដោយនិរន្តរភាព, សន្និសីទប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព, និងពិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤។
គិតមកត្រឹមឆ្នាំ២០២៤ សហគ្រិនខ្មែរ បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដោយបានអនុវត្តកម្មវិធី ចំនួន ៣៧៩ ប្រើប្រាស់ថវិកាសរុបប្រមាណ ១៥លានដុល្លារ និងទាក់ទាញថវិកាពីដៃគូសរុបប្រមាណ ២៥លានដុល្លារ។
អ្នកទទួលផលដោយផ្ទាល់ពីកម្មវិធី មានចំនួន ប្រមាណ ៥,៧ម៉ឺននាក់ និងអ្នកទទួលបានថវិកាគាំទ្រមានចំនួនប្រមាណ ៧៧០នាក់ រួមមានសិស្សថ្នាក់វិទ្យាល័យ និស្សិតថ្នាក់សាកលវិទ្យាល័យ ធុរកិច្ចថ្មី និងសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ សហគ្រិនខ្មែរ បានផ្តល់ថវិកាគាំទ្រសរុប ប្រមាណ ៣លានដុល្លារ និងទាក់ទាញថវិកាពីវិស័យឯកជនក្នុងទម្រង់ជាឥណទានប្រមាណ ១២លានដុល្លារ និងក្នុងទម្រង់ជាការវិនិយោគប្រមាណ ២៥លានដុល្លារ៕ រក្សាសិទ្ធដោយ ៖ CEN