រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានដឹកនាំកិច្ចប្រជុំស្ដីពី ឯកសារពិភាក្សាលើទិសដៅនៃការស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី (New Generation Pedagogical Research ) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ មកពីអង្គភាពពាក់ព័ន្ធ នាយកប្រតិបត្តិនៃអង្គការខេប (Kampuchea Action to Promote Education -KAPE) និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
កិច្ចប្រជុំនេះផ្តោតពិភាក្សាលើកការពិនិត្យឡើងវិញនូវតួនាទី និងដំណើរការនៃមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីក្នុងការផ្តល់ជំនួយបច្ចេកទេសដល់កំណែទម្រង់សាលាជំនាន់ថ្មី។ សមិទ្ធផលដែលមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី សម្រេចបានកន្លងមករួមមាន៖ កម្មវិធី M.Ed ទី១ លើកម្ពស់ការបង្ហាត់បង្រៀន (Mentoring ) កម្រិតតំបន់អាស៊ាន , កម្មវិធីវគ្គបណ្ដុះបណ្ដាលការរៀបចំកម្មវិធីសិក្សា ការសរសេរនិក្ខេបបទ និងគោលការណ៍ណែនាំការអនុវត្តផ្សេងាៗ, កម្មវិធី M.Ed ដើម្បីប្រើប្រាស់វិធីសាស្រ្តសិក្ខាសាលានៅកម្ពុជា, សន្និសីទអន្តរជាតិចំនួន ៤ , បង្កើតសមាគមអ្នកណែនាំផ្លូវការនៅកម្ពុជា (The first formal association of mentors in Cambodia – CMA) , ការបោះពុម្ពផ្សាយរបាយការណ៍ស្រាវជ្រាវជាច្រើន និងអត្ថបទស្តីពីកំណែទម្រង់អប់រំ និងការណែនាំក្នុងនាម NIE ,ការណែនាំស្តីពីការរចនាការអប់រំប្រកបដោយភាពច្នៃប្រឌិតកម្រិតឧត្តមសិក្សា, ការផ្សព្វផ្សាយកម្មវិធីណែនាំតាមអ៊ីនធឺណែតដំបូងគេនៅកម្ពុជា (ដែលគេស្គាល់ថា Observic), ការអភិវឌ្ឍ និងផ្សព្វផ្សាយការអនុវត្តជាក់ស្តែងដែលផ្តល់នូវគំរូដ៏ល្អដល់វិទ្យាស្ថានបណ្តុះបណ្តាលផ្សេងទៀត។
ដើម្បីជំរុញលើកកម្ពស់ប្រសិទ្ធភាពនៃដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី (NGPR) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដូចជា៖ (១). បន្តគាំទ្រចក្ខុវិស័យរបស់ (NGPR) ដែលមានគោលដៅបណ្តុះបណ្តាលគ្រូណែនាំ (Mentor) គ្រូអនុវត្តវិធីសាស្ត្របង្រៀនបែបថ្មី និងផលិតឯកសារ រួមជាមួយចិត្តវិទ្យាអប់រំថ្មី (២). រៀបចំជាសៀវភៅណែនាំស្តីពីវិធីសាស្ត្របង្រៀនបែបថ្មី (Scripted guideline) ត្រូវមានសៀវភៅណែនាំគ្រូលម្អិតដើម្បីឱ្យគ្រូបន្តកែលម្អ ធ្វើឱ្យវាទៅជាប្រព័ន្ធមួយដើម្បីធានាបានប្រសិទ្ធភាព និងនិរន្តរភាព (៣).ផ្តល់ការបណ្ដុះបណ្តាលឆ្លើយតបនឹងសំណើរបស់សាលារៀនជាក់ស្តែង និងផ្តោតលើការបណ្ដុះបណ្ដាលឯកទេស(Specialize) តែម្តង (៤). តម្រង់ទិសមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យ ដោយរៀបចំមជ្ឈមណ្ឌលនេះឱ្យទៅជាកន្លែងផលិតឯកសារបណ្ដុះបណ្ដាល បោះពុម្ព បង្កើតឯកសារដើម្បីគាំទ្រដល់សាលារៀនជំនាន់ថ្មី និងសាលារៀនគំរូ (៥). សូមរៀបចំឡើងវិញ (Redesign) កម្មវិធីបណ្ដុះបណ្ដាលគ្រូស្តីអំពីវិធីសាស្ត្របង្រៀនបែបថ្មីដោយយកសាលារៀនគំរូជាគោល (៦).សូមឱ្យរៀបចំជាប្រព័ន្ធបណ្ដុះបណ្ដាលជាប្រចាំដល់គ្រូដើម្បីធានាបាននូវនិរន្តរភាព ដោយផ្តល់ជូននូវសញ្ញាបត្រទទួលស្គាល់ជាក់លាក់ (កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬ វគ្គសិក្សាខ្លីៗ) ហើយត្រូវមានការផ្សារភ្ជាប់រវាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង (៧). បង្កើតគណៈគ្រប់គ្រងដើម្បីតាមដានត្រួតពិនិត្យដែលមានការចូលរួមពីនាយកសាលាគរុកោសល្យភ្នំពេញ -បាត់ដំបង និងវិទ្យាស្ថានជាតិអប់រំ (NIE)៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី