សៀមរាប៖ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងអំឡុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានអនុសញ្ញាអូតាវ៉ា២០២៤ បានទទួលជំនួបទ្វេភាគីជាមួយ លោកស្រី Pinsuda Jayanama អគ្គនាយកទទួលបន្ទុកអង្គការអន្តរជាតិនៃក្រសួងការបរទេសថៃ ស្តីពីកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីនតាមព្រំដែន។
ក្នុងជំនួបនោះ លោកស្រី Pinsuda Jayanama បានស្នើសុំ និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមលើកការងារបោសសម្អាតមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ជាការឆ្លើយតប តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា ភាគីទាំងពីរត្រូវបន្តពិភាក្សាគ្នា និងលើកតម្រូវការការងារបោសសម្អាតមីនតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដោយអនុវត្តតាមយន្តការគណៈកម្មាធិការព្រំដែនរួម និងគណៈកម្មាធិការព្រំដែនទូទៅ ដែលមានស្រាប់។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងបន្ថែមអំពីស្ថានភាពនៃសកម្មភាពមីននៅកម្ពុជា ដែលជាបញ្ហាប្រឈមមួយដែលកម្ពុជាត្រូវបន្តដោះស្រាយ និងបោសសម្អាតឱ្យអស់ពីទឹកដីនៃប្រទេសកម្ពុជា ដើម្បីគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងជួយដល់សហគមន៍រងផលប៉ះពាល់។ ពាក់ព័ន្ធនឹងបញ្ហាប្រឈមទាំងនេះ កម្ពុជា បាននឹងកំពុងធ្វើការសិក្សាស្រាវជ្រាវទិន្នន័យចម្ការមីនបន្ថែមនៅតាមតំបន់ព្រំដែន ដោយប្រតិបត្តិករអង្គភាពស៊ីម៉ាក់ និងក្រោមកិច្ចសហការជាមួយកងទ័ពជើងគោក ផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី