Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម អ៊ុច បូររិទ្ធ ជាប់ឆ្នោតជា អនុប្រធានទី១ នៃព្រឹទ្ធសភា ខណៈ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជាប់ជាអនុប្រធានទី២

ភ្នំពេញ ៖ ព្រឹទ្ធសភានៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយឯកឧត្តម អ៊ុច បូររិទ្ធ ជាប់ឆ្នោតជា អនុប្រធានទី១ នៃព្រឹទ្ធសភា ខណៈ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជាប់ជាអនុប្រធានទី២។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមជម្រាបជូនសាធារណជនជ្រាបថា នាថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៥:៣០នាទីរសៀល ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ បានបន្តសម័យប្រជុំលើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានវត្តមានសមាជិក ព្រឹទ្ធសភាចូលរួមចំនួន ៥៨រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន៣ ដូចខាងក្រោម៖ របៀបវារៈទី១៖ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី ។

យោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ង៉ែត ចង្កាវី ត្រូវបានប្រកាសទទួលស្គាល់ជាសមាជិកព្រឹទ្ធសភាថ្មី នៅ មណ្ឌលភូមិភាគទី១។ សមាជិកថ្មីរូបនេះ នឹងត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង។ របៀបវារៈទី២៖ បោះឆ្នោតជ្រើសរើសអនុប្រធានទី១ និងអនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥។

សម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ បានបោះឆ្នោតជ្រើសរើសអនុប្រធានទី១ ព្រឹទ្ធសភា ជំនួសឯកឧត្តម ប្រាក់ សុខុន ដែលត្រូវទៅបំពេញភារកិច្ចថ្មី និងបោះឆ្នោតជ្រើសរើស អនុប្រធានទី២ ព្រឹទ្ធសភាថ្មី ដែលមានសមាសភាពដូចខាងក្រោម៖

១. ឯកឧត្តម អ៊ុច បូរិទ្ធ ទទួលបានសំឡេងគាំទ្រចំនួន ៥៨សំឡេង នៃចំនួនសមាជិក ទាំងមូល។

២. ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ទទួលបានសំឡេងគាំទ្រចំនួន ៥៨សំឡេង នៃចំនួន សមាជិកទាំងមូល។

ស្របតាមលទ្ធផលនៃការបោះឆ្នោតខាងលើនេះ ឯកឧត្តម អ៊ុច បូរិទ្ធ ត្រូវបានជាប់ឆ្នោតជា អនុប្រធានទី១ព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ត្រូវបានជាប់ឆ្នោតជាអនុប្រធានទី២ព្រឹទ្ធ សភា។

របៀបវារៈទី៣៖ បោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី២ ព្រឹទ្ធសភា នីតិកាលទី៥។

ឯកឧត្តម យស ផានីត្តា សមាជិកព្រឹទ្ធសភា ត្រូវបានសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម នៃព្រឹទ្ធសភា ដោយទទួលបានសំឡេងគាំទ្រចំនួន ៥៨សំឡេង នៃចំនួនសមាជិក ព្រឹទ្ធសភាទាំងមូល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×