Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ការធ្វើដំណើរមកចូលរួមកិច្ចប្រជុំ IPTP របស់លោកជំទាវប្រធានរដ្ឋសភាសៅតូម៉េ ព្រីនស៊ីប ពីទ្វីបអាហ្រ្វិកនៅកម្ពុជាបានបង្ហាញពីឆន្ទៈស្រឡាញ់សន្តិភាពដ៏ជ្រាលជ្រៅ

ភ្នំពេញ ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសម័យប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយ លោកជំទាវ សែលមីរ៉ា សាក្រេមែនតូ (Celmira Sacramento) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យសៅតូម៉េ ព្រីនស៊ីប ក្នុងឱកាសដែលលោកជំទាវ បានអញ្ជើញមកចូលរួមកិច្ចប្រជុំពេញអង្គ IPTP លើកទី១១។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកជំទាវ សែលមីរ៉ា សាក្រេមែនតូ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ធ្វើដំណើរវែងឆ្ងាយក្នុងរយៈពេល២ថ្ងៃពីទ្វីបអាហ្វ្រិក មកចូលរួមកិច្ចប្រជុំពេញអង្គលើកទី១១ IPTP នៅកម្ពុជានាពេលនេះគឺបង្ហាញពីឆន្ទៈដ៏ជ្រាលជ្រៅក្នុងការស្រឡាញ់សុខសន្តិភាព ហើយបានចូលរួមលើកកម្ពស់សន្តិភាព និងវប្បធម៌សន្ទនាជាមួយកម្ពុជា និងគ្រួសារ IPTP ទំាងមូលនៅពេលនេះ។

សម្តេចប្រធាន បានវាយតម្លៃខ្ពស់ចំពោះសាធារណរដ្ឋប្រជាធិបតេយ្យសៅតូម៉េ ព្រីនស៊ីប​ ដែលមានគោលការណ៍លើកកម្ពស់​ និងផ្តល់តម្លៃជូនស្រ្តី នៅក្នុងវិស័យនយោបាយដូចជាមានប្រធានរដ្ឋសភាជាស្រ្តី ហើយនៅក្នុងច្បាប់បោះឆ្នោតរបស់ខ្លួនបានផ្តល់ឱកាសដល់ស្រ្តី ជាប់ឆ្នោតដល់៤០%។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា ទោះប្រទេសទំាងពីរនៅមិនទាន់ភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាក្តី ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអញ្ជើញទៅកាន់ប្រទេសសៅតូម៉េ ព្រីនស៊ីប នៅក្នុងការភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាធិបតេយ្យសៅតូម៉េ ព្រីនស៊ីប ក្នុងទសវត្សរ៍ឆ្នាំ៨០។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា​ ប្រទេសទំាងពីរមានសក្តានុពលជាច្រើនក្នុងការភ្ជាប់ទំនាក់ទំនងជាមួយគ្នា ដោយផ្តើមចេញពីទំនាក់ទំនងប្រជាជន​ និងប្រជាជន ទំនាក់ទំនងរដ្ឋសភា​ និងរដ្ឋសភា ជាមូលដ្ឋានគ្រឹះដល់ការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ ជាដើម។

លោកជំទាវ សែលមីរ៉ា សាក្រេមែនតូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសាធារណរដ្ឋប្រជាធិបតេយ្យសៅតូម៉េ ព្រីនស៊ីប នាឱកាសនេះ។ លោកជំទាវ បានវាយតម្លៃខ្ពស់​ និងកោតសរសើរចំពោះសភាកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ IPTP ប្រកបដោយអត្ថន័យសម្រាប់មនុស្សជាតិក្នុងភពផែនដី។
លោកជំទាវ បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់សភា​ និងប្រជាជនកម្ពុជា ជូនចំពោះលោកជំទាវ ក៏ដូចជាគណៈប្រតិភូទំាងអស់ ដែលបានមកចូលរួម IPTP។ នៅក្នុងអំឡុងពេលស្នាក់នៅកម្ពុជាប៉ុន្មានថ្ងៃមកនេះ លោកជំទាវទទួលបានអនុស្សាវរីយ៍​ និងបទពិសោធល្អៗជាច្រើន ដែលមិនអាចបំភ្លេចបាននោះឡើយ។

លោកជំទាវប្រធានរដ្ឋសភា បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចរដ្ឋសភាធិបតី នៅក្នុងការភ្ជាប់ទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរ នៅក្នុងពេលឆាប់ៗខាងមុននេះ។ ទំាងសម្តេច​ និងលោកជំទាវ បានយល់ស្របដូចគ្នាពីតម្លៃកិច្ចសហប្រតិបត្តិការទំាងទ្វេភាគី​ និងពហុភាគី ថាពិតជាមានសារៈសំខាន់ណាស់ នៅក្នុងបរិបទពិភពលោកកំពុងប្រឈមក្នុងភាពស្មុគស្មាញមានហានិភ័យខ្ពស់ពីការប្រទាញប្រទង់បញ្ហាភូមិសាស្រ្តនយោបាយនោះ។
សម្តេចប្រធានរដ្ឋសភា ឃួន សុដារី បានគូសបញ្ជាក់ថា កម្ពុជាបើកចំហរក្នុងការធ្វើទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការជាមួយមិត្ដភក្ដិបរទេសនៅជុំវិញពិភពលោក។ ក្នុងន័យនេះ រដ្ឋសភាកម្ពុជាក្នុងអាណត្ដិទី៧ បានបង្កើតក្រុមមិត្ដភាពរដ្ឋសភាកម្ពុជា ជាមួយសភាជាមិត្ដចំនួន ១៦៧ ប្រទេស និងបង្កើតក្រុមជាតិអន្ដរសភានានាជាច្រើនទៀត។
ជានិច្ចកាល រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាសៅតូម៉េ ព្រីនស៊ីប ដើម្បីជំរុញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់យើងឱ្យកាន់តែរឹងមាំបន្ថែមទៀតនាពេលអនាគត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×