Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់គោលការណ៍ចំនួន ២ ក្នុងការសង្គ្រោះ និងលើកកម្ពស់វិស័យសំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី៖ ១/ សម្រាប់អ្នកដែលទិញលំនៅឋានគ្រប់ប្រភេទ ដែលមានតម្លៃក្រោម ៧ ម៉ឺនដុល្លារ គឺត្រូវលើកលែងពន្ធប្រថាប់ត្រារហូតដល់ដំណាច់ឆ្នាំ២០២៥ និង២/ សម្រាប់អ្នកទិញលំនៅឋានលើកទី១ ដែលមានតម្លៃក្រោម២១ម៉ឺនដុល្លារ ក៏ត្រូវបានលើកលែងពន្ធប្រថាប់ត្រា រហូតដល់ដំណាច់ឆ្នាំ២០២៥។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់” នារសៀលថ្ងៃអង្គារ ទី២៦ វិច្ឆិកា ២០២៤ បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់គោលការណ៍ចំនួន ២ ក្នុងការសង្គ្រោះ និងលើកកម្ពស់វិស័យសំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ក៏ដូចជាជួយដល់ប្រជាជនដែលជាម្ចាស់អចលនទ្រព្យក្នុងបុរី និងត្រៀមជាម្ចាស់អចលនទ្រព្យថ្មីក្នុងបុរី៖ ១/ ផ្តល់ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរីនិងមានតម្លៃក្រោម ៧ម៉ឺនដុល្លារ និង២/ ផ្តល់ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី សម្រាប់ម្ចាស់អចលនទ្រព្យក្នុងបុរីដែលជាអ្នកទិញលើកដំបូង និងមានតម្លៃក្រោម២១ម៉ឺនដុល្លារ។

ជាមួយគ្នា សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានប្រកាសថានឹងមិនមានការកែសម្រួល ព្រំដីនៃបឹងទន្លេសាបទៀតនោះទេ ដោយមិនមានការកែប្រែតំបន់ ៣ មកតំបន់ ២ ព្រោះការបោះបង្គោលព្រំដីបឹងទន្លេសាប គឺបានសម្រេចរួចរាល់ ១០០% ដោយសម្រេចតម្កល់ការការពារបឹងទន្លេសាបជាការបម្រើផលប្រយោជន៍ប្រជាជនជាង ១៧លាននាក់, ការពារបរិស្ថាន, ការពារប្រព័ន្ធអេកូឡូស៊ី និង ជីវចម្រុះសម្រាប់កម្ពុជា។ ជាមួយគ្នានេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា សម្រាប់អ្នកដែលប្រើប្រាស់ដីក្នុងតំបន់ ២ គឺត្រូវគោរពតាមក្រឹត្យក្រមដែលបានកំណត់ និងការប្រើប្រាស់ជីឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសការបង្កហានិភ័យដល់ជីវចម្រុះ។

មុននឹងបញ្ចប់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានប្រកាសផងដែរថា រាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យច្បាស់លាស់ក្នុងការការពារតំបន់ ៤០០គីឡូម៉ែត្រការ៉េ នៃតំបន់រមនីយដ្ឋានអង្គរ តាមរយៈការ៖ ១/ ការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងរក្សាឱ្យបានអត្តសញ្ញាណជាខ្មែរជាអាទិភាព ដោយបានណែនាំឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ស្ថាបត្យកម្ម និងវិនិយោគិន ត្រូវរៀបចំការគ្រប់គ្រងការសាងសង់ឱ្យបានស្របតាមការរចនាបទខ្មែរ គ្រប់គ្រងរូបភាពខាងក្រៅ និងអនុញ្ញាតឱ្យមានការធ្វើទំនើបកម្ម និងទាន់សម័យ ដោយត្រូវកំណត់ផែនការសម្រាប់រៀបចំភូមិក្នុងរយៈពេល ៥០ឆ្នាំមុខ។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញការគាំទ្រចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដែលបានដាក់ចេញនូវសមរភូមិការងារសំខាន់ៗ ទាំង ៥ របស់ក្រសួង ដោយឈរលើមូលដ្ឋាននៃសមិទ្ធផលសម្រេចបាននាពេលកន្លងមក ព្រមទាំងការតម្រង់ទិសឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ប្រកបដោយភាពជាក់ស្តែង និង ប្រាកដនិយម។ ក្នុងនោះសមរភូមិទាំង ៥រួមមាន៖ ១/ ការរៀបចំផ្ទះសម្បែងឱ្យរៀបរយ, ២/ ការកាត់បន្ថយ និងលុបបំបាត់បញ្ហាចម្រូងចម្រាសក្នុងសង្គម, ៣/ ការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ, ៤/ ការងាររៀបចំដែនដី និងនគរូបនីយកម្ម និង ៥/ ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុវត្តការងារបន្តលើសមរភូមិការងាររបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងឆ្នាំ២០២៣ ជាឆ្នាំឆ្លងពីការអនុវត្តយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ ទៅការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ផ្តោតសំខាន់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ដែលមានបាវចនាចំនួន៥ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងបានកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺបច្ចេកវិទ្យាឌីជីថលសម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និង បដិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា។

ក្នុងការរួមចំណែកអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាល ក្រសួងបានខិតខំបំពេញបេសកកម្មរបស់ខ្លួនយ៉ាងសកម្ម ដោយបានសម្រេចនូវសមិទ្ធផលសំខាន់ថ្មីៗ ជាច្រើនលើការរៀបចំគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ការងាររដ្ឋបាលដីធ្លី ការងាររៀបចំដែនដីនិងនគរូបនីយកម្ម ការងារគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ការងារគ្រប់គ្រង និងអភិវឌ្ឍវិស័យសំណង់ ក៏ដូចជាការងារអភិវឌ្ឍលំនៅឋានជាដើម ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការដោះស្រាយបញ្ហានៅតាមបុរី ត្រូវធ្វើកិច្ចការពីរ គឺទី១) ការដោះស្រាយវិវាទ និងទី២) ការធានាការរស់រាននៃវិស័យអចលនទ្រព្យ។
បើតាមប្រសាសន៍សម្តេចមហាបវរធិបតី បញ្ហានៅតាមបុរី កើតឡើង​ដោយ​សារការស្មានមិនត្រូវនៃវិបត្តិសេដ្ឋកិច្ច។ ទាំងអ្នកសាងសង់ផ្ទះលក់ និងអ្នកទិញ សុទ្ធតែជាអ្នករងគ្រោះ។

សម្តេចមហាបវរធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «(វិវាទបុរី) ទី១ ដោះស្រាយចំពោះមុខ និងទី២ ការធានាការរស់រានមានជីវិតនៃវិស័យអចលនទ្រព្យ។ យើងដោះស្រាយបែបណា កុំឲ្យមានភាពច្របូកច្របល់ បើដោះស្រាយមិនស្រួល មិនដឹងចាប់ខ្លួននរណាខ្លះទេ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ បានបន្តថា ទំនាស់ដីធ្លី គឺជារឿងចាស់ ដែលមានពីមុនមក ប៉ុន្តែវិវាទបុរីនេះជារឿងថ្មី ដែលប្រវត្តិសាស្ត្រប្រទេសយើងអត់ដែលមានទេ នៅក្នុងទ្រង់ទ្រាយធំបែបនេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ក្នុងជម្លោះបុរីចំនួន ៩៩គម្រោង ដោះស្រាយបាន ៥៣គម្រោង ហើយបញ្ហាជម្លោះនៅតាមបុរី បើដោះស្រាយមិនបានត្រឹមត្រូវនឹងក្លាយទៅជាបញ្ហាកាន់តែធ្ងន់ធ្ងរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់អ្នកដែលមានបញ្ហាជាមួយគម្រោងបុរីនានា សូមបន្តអត់ធ្មត់ និងបន្តដោះស្រាយដោយសន្តិភាព ជាជាងការមិនព្រមចរចាដោះស្រាយ ដែលប៉ះពាល់ដល់ផលប្រយោជន៍ទាំងសងខាង។

បញ្ហាវិវាទរវាងបុរី និងអតិថិជន ក្រសួងក្រសួងរៀបចំដែនដី បាន និងកំពុងរកដំណោះស្រាយសមស្រប ចំពោះគម្រោងអភិវឌ្ឍន៍អចលនវត្ថុចំនួន ៩៩ គម្រោងនៅទូទាំងប្រទេស រួមមានបុរី ចំនួន២៧ ស្មើនឹង ៧៧គម្រោង, ផ្សារ និងខុនដូចំនួន ៤គម្រោង និងដីឡូតិ៍ចំនួន ១៨គម្រោង ក្នុងនោះ ដោះស្រាយបាន ៥៣គម្រោង នៅសល់ចំនួន ៤៦គម្រោង កំពុងសម្របសម្រួលដោះស្រាយបន្ត ដោយឈរលើស្មារតីយោគយល់គ្នា ក្នុងគ្រាលំបាក និងបានធ្វើឱ្យសភាពការណ៍តានតឹងទាំងនេះ បានប្រសើរឡើងវិញជាលំដាប់។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «ខ្ញុំអំពាវនាវបន្តក្នុងស្មារតីរកវិធីដោះស្រាយដោយសន្តិភាព នៅក្នុងបុរីអ្នកដែលរងផលប៉ះពាល់ សូមបន្តយោគយល់ និងព្យាយាមជួយដោះស្រាយ។ ដោះស្រាយនេះ មិនមែនធ្វើម្តងចប់ទេ យើងត្រូវធ្វើបន្តបន្ទាប់ ដោយបន្តដោះស្រាយជាមួយគ្នា ជាជាងការដើរអត់និយាយគ្នា អត់ចរចាគ្នា គឺយើងចប់ទាំងអស់គ្នា អីចឹងសូមបន្តចូលរួម ហើយរាជរដ្ឋាភិបាលនឹងបន្តមិនចោលប្រជាពលរដ្ឋទេ»។

សម្តេចបវរធិបតីបានថ្លែងបញ្ជាក់ថា បញ្ហានៅតាមបុរី កើតឡើង​ដោយ​សារការស្មានមិនត្រូវនៃវិបត្តិសេដ្ឋកិច្ច។ ទាំងអ្នកសាងសង់ផ្ទះលក់ និងអ្នកទិញ សុទ្ធតែជាអ្នករងគ្រោះដូចគ្នា ដូច្នេះការបន្តរួមគ្នាដោះស្រាយបញ្ហា គឺជាការចាំបាច់។

សម្តេចបន្ថែមថា ដើម្បីរក្សាវិស័យអចលនទ្រព្យ រដ្ឋត្រូវជួយអ្នកវិនិយោគ ដែលជាម្ចាស់បុរីដែលធ្វើពិតប្រាកដ មានឆន្ទះដោះស្រាយពិតប្រាកដ រកដំណោះស្រាយជូនអតិថិជនដែលជាប់បញ្ហា ចំពោះអ្នកដែលមិនទទួលខុសត្រូវ ត្រូវប្រឈមចំពោះច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×