ភ្នំពេញ ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តទីស្ដីការគណៈរដ្ឋមន្រ្តី ២០២៤-២០២៨ និងសេចក្ដីព្រាងផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថលនៃទីស្ដីការគណៈរដ្ឋមន្រ្តី ២០២៤-២០២៨នាថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ដែលបានខិតខំស្វិតស្វាញរៀបចំសេចក្តីព្រាងទាំង ២ខាងលើនេះ។ ឯកឧត្តម វង្សី វិស្សុត បន្តមានប្រសាសន៍ថា ឯកសារទាំង ២ នេះ គឺជាមគ្គុទ្ទេសក៍បង្ហាញផ្លូវ សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការបំពេញការងារប្រកបដោយសមត្ថភាព, គុណភាព និងប្រសិទ្ធភាព ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។ ដោយឡែក ចំពោះផែនការយុទ្ធសាស្រ្ត ក៏អាចជាឯកសារមួយ ដែលជាមូលដ្ឋាន សម្រាប់រៀបចំផែនការយុទ្ធសាស្រ្តថវិកា និងថវិកាប្រចាំឆ្នាំផងដែរ ហើយអង្គភាពក្រោមឱវាទត្រូវរៀបចំផែនការរបស់ខ្លួនទៅតាមផ្នែកនីមួយៗ ដោយមានទាំងផែនការសកម្មភាព មធ្យោបាយ និងសូចនាករសមិទ្ធកម្មគន្លឹះ (KPI)។ រីឯ ផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថល នឹងជួយជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថល និងជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងការបំពេញមុខងារស្នូល ដូចជាការរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី, ការងារបណ្ណសារ និងរាជកិច្ច ក៏ដូចជាការរៀបចំប្រព័ន្ធការងារ និងការលំហូរការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តីផងដែរ។
សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តទីស្ដីការគណៈរដ្ឋមន្រ្តី ២០២៤-២០២៨ មានគោលបំណងបង្កើនគុណភាព ប្រសិទ្ធភាព សក្តិសិទ្ធិភាព និងធានានិរន្តរភាពនៃការបំពេញបេសកកម្មទាំង៤ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ ដើម្បីសម្រេចបាននូវគោលបំណងខាងលើ ផែនការយុទ្ធសាស្រ្តទីស្តីការគណៈរដ្ឋមន្ត្រី កំណត់គោលដៅចំនួន ៤ គឺ (១) កែទម្រង់រចនាសម្ព័ន្ធ និងមុខងារ ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព (២) គ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស ឱ្យកាន់តែមានសមត្ថភាព ភាពម្ចាស់ការ ការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ (៣) ពង្រឹងប្រសិទ្ធភាព សក្តិសិទ្ធិភាព និងគណនេយ្យភាព ក្នុងការគ្រប់គ្រងនិងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និង (៤) ធ្វើបរិវត្តកម្មឌីជីថល។ ជារួម សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តនេះ ត្រូវបានរំពឹងថានឹងសម្រេចផលធំៗជូនទីស្ដីការគណៈរដ្ឋមន្រ្តី រួមមាន៖ មានសមត្ថភាពខ្ពស់ក្នុងការសម្រេច ឱ្យបានលទ្ធផលល្អប្រសើរលើការបំពេញបេសកកម្មរបស់ខ្លួន, មានមូលធនមនុស្សគ្រប់គ្រាន់ ប្រកបដោយសមត្ថភាព ឆន្ទៈ ភាពស្វាហាប់ និងគណនេយ្យភាពខ្ពស់, មានប្រព័ន្ធអភិបាលកិច្ចល្អស្របទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងមានផែនការនិងយន្តការជំរុញការធ្វើបរិវត្តកម្មឌីជីថល។
សេចក្ដីព្រាងផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថលនៃទីស្ដីការគណៈរដ្ឋមន្រ្តី ២០២៤-២០២៨ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលរបស់រាជរដ្ឋាភិបាល និងមានគោលបំណង កសាងប្រព័ន្ធអេកូឡូស៊ីឌីជីថល ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់ និងមូលធនមនុស្ស ដើម្បីគាំទ្រដល់ការបំពេញមុខងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី និងបង្កើតបរិយាកាសឌីជីថលដែលមានអំណោយផលដល់ការលើកកម្ពស់ប្រសិទ្ធភាព ផលិតភាព និងគុណភាពការងារ ក្នុងគោលដៅរួមចំណែកអភិវឌ្ឍរាជរដ្ឋាភិបាល។ ដើម្បីសម្រេចគោលបំណងខាងលើ សេចក្ដីព្រាងផែនទីចង្អុលផ្លូវនេះដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្រ រួមមាន៖ (១). វាយតម្លៃសមត្ថភាព ភាពរួចរាល់ និងតម្រូវការឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី, (២). កសាងមូលដ្ឋានគ្រឹះសម្រាប់ការធ្វើបរិវត្តកម្មឌីជីថល, (៣). ចាប់យកបច្ចេកវិទ្យាឌីជីថល និងធ្វើសមាហរណកម្មមុខងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រីក្នុងប្រព័ន្ធឌីជីថល (៤).ធានានិរន្តរភាពនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល និងនវានុវត្តន៍ជាបន្តបន្ទាប់ និង (៥) ធ្វើបរិវត្តកម្មឌីជីថល។ ជារួម សេចក្ដីព្រាងផែនទីចង្អុលផ្លូវនេះ ត្រូវបានរំពឹងថា នឹងប្រែក្លាយទីស្តីការគណៈរដ្ឋមន្ត្រីជាស្ថាប័នទំនើប ដែលមានសមត្ថភាពឌីជីថលពេញលេញ ក្នុងការគាំទ្រដល់ការបំពេញមុខងារនានារបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងគុណភាព ជាពិសេសគាំទ្រដល់ការបំពេញមុខងារ និងភារកិច្ចរបស់នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី។
នៅចុងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារដែលបានរៀបចំសេចក្ដីព្រាងទាំងពីរនេះឡើង ប្រកបដោយគុណភាព និងគ្រប់ជ្រុងជ្រោយ និងស្នើឱ្យក្រុមការងារបន្តផ្ដល់កិច្ចសហការជាមួយដៃគូពាក់ព័ន្ធទាំងអស់ និងកែសម្រួលឯកសារទាំងពីរនេះតាមស្មារតីនៃអង្គប្រជុំ ដើម្បីឱ្យឯកសារទាំងពីរនេះ ឱ្យកាន់តែមានសង្គតិភាពនិងគ្រប់ជ្រុងជ្រោយ ហើយអាចប្រកាសដាក់ឱ្យអនុវត្តនៅមុនដំណាច់ឆ្នាំ២០២៤នេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី