ភ្នំពេញ៖ រាជធានីភ្នំពេញទទួលបានជ័យលាភីជារាជធានីបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) លើកទី១ដោយជោគជ័យ ដោយគ្រប់ខ្នងផ្ទះ មានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួននិងមានបង្គន់សាធារណៈប្រើប្រាស់រួមគ្នា។
ពិធីប្រកាសជ័យលាភី ជារាជធានីភ្នំពេញបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) ត្រូវបានធ្វើឡើងនាព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ រ៉េស៊ីដង់សុខា ភ្នំពេញក្រោមអធិបតីភាពឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ឯកឧត្តម ឆាយ ឬទ្ធិសែន បានមានប្រសាសន៍ថា៖ គិតត្រឹមពេលនេះ រាជធានី និងខេត្តចំនួន១១ហើយ ដែលសម្រេចបានជារាជធានី ខេត្ត ដែលបានបញ្ចប់ ការបន្ទោបង់ ពាសវាលពាសកាល រួមមាន៖ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនៈគីរី សៀមរាបនិងខេត្តត្បូងឃ្មុំ ហើយនៅថ្ងៃនេះរាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ពិតជាសគ្គសម ដែលសំរេចបាននូវការបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+)លើកទី១ដោយជោគជ័យ។
ឯកឧត្តម ឆាយ ឬទ្ធិសែន បានបន្តទៀតថា៖ មកដល់ពេលនេះ អត្រាគ្រប់ដណ្តប់ទឹកស្អាត និងអនាម័យនៅទូទាំងប្រទេសបានប្រមាណ៨៨,៨% ពោលគឺអត្រាគ្រប់ដណ្តប់ទឹកស្អាត ស្មើនិង៨៦% និងអត្រាគ្រប់ដណ្តប់អនាម័យនៅទូទាំងប្រទេសមានចំនួន៩១% ហើយនៅក្នុងឆ្នាំ២០៣០ខាងមុខនឹងត្រូវសម្រេចអត្រាគ្រប់ដណ្តប់អោយបាន១០០%។ ការសម្រេចបានរាជធានី ខេត្ត (ODF+)និង (ODF) គិតត្រឹមថ្ងៃនេះ មានចំនួន១២រាជធានី ខេត្ត លើសពីនេះ ក្រសួងបានដាក់ចេញជាផែនការនៅឆ្នាំ២០២៤និងសម្រេចឲ្យបាន២ខេត្តទៀត នោះគឺខេត្តតាកែវនិងខេត្តស្ទឹងត្រែង ដែលនឹងទៅទទួលពានជាខេត្តបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល ដែលនឹងកើនដល់១៤/២៥រាជធានី ខេត្ត នៅទូទាំងប្រទេស។ ថ្ងៃនេះយើងពិតជាមានមោទនៈភាពដែលរាជធានីភ្នំពេញ សំរេចបានជារាជធានីបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) លើទី១ មានន័យថា គ្រប់ខ្នងផ្ទះនីមួយៗមានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន និងមានបង្គន់សាធារណៈប្រើប្រាស់រួមគ្នាផងដែរ។
ឯកឧត្ដមឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៌ជនបទបានថ្លែងទៀតថា ក្នុងនាមធ្លាប់ជាមន្ត្រីនៅសាលារាជធានីភ្នំពេញ សូមអបអរសាទរនិងកោតសរសើរចំពោះរាជធានីភ្នំពេញដែលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ បានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញនិងបានបញ្ជាក់បន្ថែមថា រាជធានីភ្នំពេញបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលយូរឆ្នាំហើយ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីបានបន្តទៀតថា រដ្ឋបាលរាជធានីភ្នំពេញ បានប្តេជ្ញាចិត្តក្នុងផ្តល់នូវសេវាតម្រូវការ និងសេវាសំណូមពរឱ្យទៅដល់គោលដៅអភិវឌ្ឍន៍ដោយចីរភាពនៅឆ្នាំ២០៣០ រួមមានដូចខាងក្រោម៖ទី១ ពង្រឹកសេវាគ្របដណ្តប់ប្រព័ន្ធលូមេ ៨០ទៅ៩០ភាគរយក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទី២ បង្កើនអនាម័យនៅតាមខ្នងផ្ទះប្រជាពលរដ្ឋនិងតភ្ជាប់បណ្តាញលូមេឱ្យបានច្រើន ទី៣ ពង្រឹងការគ្រប់គ្រងអនាម័យនៅតាមខ្នងផ្ទះពិសេសនៅតំបន់ជាយក្រុង ទី៤ បង្កើតស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បន្ថែមទៀត ដើម្បីបង្កើតសមត្ថិភាពប្រព្រឹត្តកម្មទឹកកខ្វក់ មុនបញ្ជូលទៅក្នុងប្រភពទឹកធម្មជាតិ ទី៥ ពង្រីកសេវាប្រមូលសំរាម កាកសំណល់រឹងគ្រប់ដណ្តប់លើរាជធានីភ្នំពេញ ទី៦ ជំរុញការផ្តល់ទឹកស្អាត អគ្គិសនីឱ្យកាន់តែមានស្ថេរភាពនិងទូលំទូលាយថែមទៀត។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ ក៏បានធ្វើការអំពាវនាវឱ្យភាគីពាក់ព័ន្ធ បន្តចូលរួមជាពហុវិស័យ កែលម្អអនាម័យ បរិស្ថាន ដោយត្រូវផ្លាស់ប្តូរទម្លាប់ តាមរយៈការប្រើប្រាស់បង្គន់ឱ្យបានត្រឹមត្រូវនិងការទុកដាក់ ការញែកសំរាម ការបញ្ចេញសំរាមតាមពេលវេលាកំណត់ និងការលាងដៃនិងសាប៊ូឱ្យបានស្អាត ដើម្បីរាជធានីភ្នំពេញមានភាពស្រស់ស្អាត បរិស្ថានល្អនិងដើម្បីសុខភាពរបស់យើងទាំងអស់គ្នា ជៀសវាងពីជម្ងឺឆ្លងផ្សេងៗ ហើយក៏ជាការសន្សំសំចៃសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរថែមទៀតផង៕ រក្សាសិទ្ធដោយ៖សុទ្ធលី