រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលប្រកាសដោយអ៊ីស្រាអែល និងលីបង់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
យើងសង្ឃឹមថាកិច្ចព្រមព្រៀងនេះ នឹងនាំទៅដល់ការបញ្ឈប់ជាអចិន្ត្រៃយ៍នៃការប្រយុទ្ធគ្នាឆ្លង ព្រំដែនរវាងអ៊ីស្រាអែល-លីបង់។
គួរឲ្យដឹងផងដែរថា បទឈប់បាញ់មួយរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ បានចូលជាធរមានហើយ នៅម៉ោង៤ព្រឹក នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកានេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ប្រកាសថាភាគីទាំង២ បានយល់ព្រមទទួលយកកិច្ចព្រមព្រៀងមួយក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក និងបារាំង។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បើតាមលោក បៃដិន បទឈប់បាញ់រវាងអ៉ីស្រាអែល និងហេសបូឡា គឺមានរយៈពេល៦០ថ្ងៃ ហើយក្នុងរយៈពេលនេះ អ៉ីស្រាអែលនឹងត្រូវដកកងទ័ពបន្តិចម្ដងៗចេញពីតំបន់ភាគខាងត្បូង នៃប្រទេសលីបង់។ រីឯកងទ័ពលីបង់នឹងត្រូវគ្រប់គ្រងទឹកដីនៅក្បែរព្រំដែនជាមួយអ៉ីស្រាអែល ដើម្បីធានាថាហេសបូឡានឹងមិនអាចកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញនៅទីនោះ បាន។
គួរបញ្ជាក់ថា គណៈរដ្ឋមន្ត្រីសន្តិសុខអ៉ីស្រាអែល កាលពីថ្ងៃអង្គារ បោះឆ្នោតអនុម័តលើបទឈប់បាញ់ ក្នុងសំឡេងគាំទ្រ១០ ទល់នឹង ១សំឡេងជំទាស់។ តែព្រមពេលជាមួយគ្នា នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានព្រមានទុកមុនថាអ៉ីស្រាអែលនឹងចាត់វិធានការឆ្លើយតប ប្រសិនបើហេសបូឡាបំពានលើបទឈប់បាញ់។ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក ជម្លោះរវាងអ៉ីស្រាអែល និងហេសបូឡា បានបង្ខំឱ្យប្រជាជនលីបង់ ១.២លាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ និង មនុស្ស ៣ ៧៦៨នាក់ត្រូវបានសម្លាប់ ក្នុងរយៈពេលត្រឹមតែ២ខែកន្លងមកនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី