Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា អាចរងផលប៉ះពាល់សេដ្ឋកិច្ចតិចតួចពីគោល​នយោបាយដំឡើងពន្ធរបស់ប្រធានាធិបតីថ្មីនៃសហរដ្ឋ​អាមេរិក

ភ្នំពេញ៖ ខណៈដែលប្រទេសមួយចំនួន នឹងរងប៉ះពាល់ខ្លាំងទៅដល់សេដ្ឋកិច្ចពិភពលោក នៅពេលដែលលោកប្រធានាធិបតីជាប់ឆ្នោតថ្មីលោក ដូណាល់ ត្រាំ ដែលនឹងឡើងកាន់តំណែងនៅខែមករា នាពេលមុខនេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា លើកឡើងថា កម្ពុជា អាចរងផលប៉ះពាល់សេដ្ឋកិច្ចតិចតួចពីគោលនយោបាយដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ

ក្នុងកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល (GCET) នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម បានលើកឡើងថា វាជាឱកាសរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិន ដើម្បីងាកមកបណ្ដាក់ទុននៅក្នុងប្រទេសកាន់តែច្រើនឡើង ខណៈអារមេរិកប្រកាសដំឡើងពន្ធនាំចូលទៅប្រទេសរបស់ខ្លួន។

ឯកឧត្តម បន្តថា ក្នុងបរិបទដែលប្រធានាធិបតីជាប់ឆ្នោតអាមេរិកថ្មី លោក ដូណាល់ ត្រាំ នឹងចូលកាន់តំណែងក្នុងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ នឹងជំរុញឱ្យមានការដំឡើងពន្ធគយ ក្នុងការនាំចូលលើបណ្ដាប្រទេសមួយចំនួន ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចពិភពលោក។

 ឯកឧត្ដមបណ្ឌិត សុក ស៊ីផាន់ណា បានបញ្ជាក់ថា កម្ពុជាជាប្រទេសតូច តែទីផ្សារកម្ពុជាធំ ដែលជាឱកាសរបស់ប្រទេសកម្ពុជា ក្នុងការទាក់ទាញវិនិយោគិន ដើម្បីងាកមកបណ្ដាក់ទុករកស៊ីនៅកម្ពុជាកាន់តែច្រើន។ ដោយមើលឃើញកត្ដានេះ រាជរដ្ឋាភិបាលត្រៀមលក្ខណៈពិសេសជាច្រើន ដើម្បីតម្រង់ទិសសេដ្ឋកិច្ចរបស់ខ្លួន ឱ្យស្របតាមប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ។ ហើយកត្ដាសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញវិនិយោគិនបរទេសនេះ គឺកត្តាសុខសន្ដិភាព ស្ថិរភាពនយោបាយ ការបើកចំហរសេដ្ឋកិច្ច លើកទឹកចិត្ដ និងទាញអ្នកវិនិយោគមកទស្សនកិច្ច និងស្វែងយល់ពីទិដ្ឋភាពជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើន។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល (GCET)នោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា បានផ្ដល់ភាពជាម្ចាស់អាជីវកម្មបរទេស ១០០ភាគរយ ដោយមិនមានការរឹតបណ្ដឹងលើប្រាស់ចំណេញ និងការផ្ញើរដើមទុនត្រឡប់ទៅវិញនោះទេ ដែលនេះ ជាចំណុចខុសគ្នាជាមួយប្រទេសមួយចំនួននៅក្នុងតំបន់ តាមរយៈការអនុញ្ញាតិឱ្យអ្នកវិនិយោគរក្សាប្រាក់ចំណេញរបស់ពួកគេកាន់តែច្រើន ដើម្បីក្លាយជាគោលដៅដែលមានភាពប្រគួតប្រជែងសម្រាប់វិនិយោគ៕

×