ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា អ.ដ.ក. បានដោះស្រាយបញ្ចប់វិវាទដោយជោគជ័យចំនួន ២ ករណី ដែលជាវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់។
វិវាទទី១- គឺជាវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ របស់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទដោយ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោកស្រី ប៉ឹង កល្យាណ, លោក ឡា សាំងថង និងលោកជ្រិន បូឡី។ ចំពោះវិវាទនេះ កន្លងមក គូភាគីបានព្យាយាមរកដំណោះស្រាយផងដែរ ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ ទើបត្រូវបានភាគីម្ខាងបានដាក់ពាក្យស្នើសុំមក អ.ដ.ក. ដើម្បីសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ កាលពីអំឡុងខែសីហា ឆ្នាំ២០២៤ នេះ ហើយក៏ត្រូវបាន អ.ដ.ក. ដោះស្រាយបញ្ចប់ដោយជោគជ័យ។
វិវាទទី២- ជាវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ របស់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទដោយ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក វ៉ាន់ ប៊ុនថន, លោក ណុប គុជ, និងលោកស្រី ណុប ចាន់លក្ខិណា។ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ហេីយបេីគិតមកទល់ថ្ងៃសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទវិវាទនេះ គឺ មានរយៈពេលតែជាង ១០ថ្ងៃ ប៉ុណ្ណោះ អ.ដ.ក. បានដោះស្រាយបញ្ចប់ដោយជោគជ័យ។
សូមគូសបញ្ជាក់ថា ការសម្រុះសម្រួលផ្សះផ្សាវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក. គឺធ្វើឡើងដោយផ្អែកតាមការព្រមព្រៀងដោយការស្ម័គ្រចិត្ត និងដោយសេរីរបស់គូភាគី និងដោយគ្មានការសម្រេចសេចក្តីដោយបង្ខំណាមួយឡើយ។ ផ្អែកតាមច្បាប់ កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដែលធ្វើទ្បើងក្នុងក្របខ័ណ្ឌ អ.ដ.ក. មានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី