ភ្នំពេញ ៖ គោរួចទើបធ្វើរបង ដល់ពេលប្រឡង ទើបខំរៀន… ករណីបើកគ្លីនិកគ្មានច្បាប់នៅតាមទីប្រជុំជនពាសវាលពាសកាល ជារឿងប្រសើប និងជាការថ្កោលទោសពីមជ្ឈដ្ឋានសាធារណៈនោះ មន្ទីរសុខាភិបាលខេត្តតាកែវ និងអាជ្ញាធរក្រុងដូនកែវ បានរកឃើញគ្លីនិកឯកជនគ្មានច្បាប់អនុញ្ញាតរហូតដល់ ៥ទីតាំងឯណោះ កំពុងដំណើរការ និងបានចេញសេចក្តីជូនដំណឹងឱ្យផ្អាកដំណើរការជាបន្ទាន់។
អ្វីដែលមហាជនហួសចិត្តនោះ គឺមន្ទីរសុខាភិបាលដែលជាសាមី មើលការខុសត្រូវលើសេវាសុខាភិបាលនេះ បែរជាបណ្តែតបណ្តោយមើលមិនឃើញគ្លីនិកអត់ច្បាប់បើកដំណើរការរាប់ឆ្នាំទៅវិញ? តើជាការគប់គិតគ្នារវាងម្ចាស់គ្លីនិកនៅក្រុងដូនកែវ ជាមួយនឹងសមត្ថកិច្ចជំនាញនៃមន្ទីរសុខាភិបាលខេត្តតាកែវ ឬយ៉ាងណា ? ហេតុអ្វី បានជាបណ្ដែតបណ្ដោយឲ្យគ្លីនិកទាំង ៥ ទីតាំងនោះ ដំណើរការដោយអត់ច្បាប់រាប់ឆ្នាំមកយ៉ាងស្រួលដូច្នេះ? បើគ្មានការគប់គិតគ្នាទេ វាមិនអាចទៅរួចឡើយ !!!
លោក ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បាននិយាយខ្លីៗ ក្រោយផ្ទុះរឿងចាក់ថ្នាំខុសបច្ចេកទេស បណ្ដាលឱ្យស្លាប់ស្ត្រីវ័យ ៤១ឆ្នាំម្នាក់ឈ្មោះ ណាំ ចន្ធូ នោះថា រដ្ឋបាលខេត្តតាកែវ បានបង្កើតគណៈកម្មការចម្រុះចុះស្រាវជ្រាវលើគ្លីនិកឯកជនទូទាំងខេត្ត ដែលមាន ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ជាប្រធាន។ ជាលទ្ធផល ក្នុងក្រុងដូនកែវ ត្រូវបានរកឃេីញគ្លីនិកអត់ច្បាប់ ៥ទីតាំង រួមមាន ÷
១- មន្ទីរសម្រាកព្យាបាល និងសម្ពព ឃ្វីន
២- មន្ទីរសម្រាកព្យាបាល និងសម្ពព ដូនកែវ
៣- មន្ទីរសម្រាកព្យាបាល និងសម្ពព ចន្ដារង្សី
៤- មន្ទីរសម្រាកព្យាបាល និងសម្ពព សាំងជិនជូ
៥- មន្ទីរសម្រាកព្យាបាល ប៉ុលសុខា។
ករណីរកឃើញទីតាំងគ្លីនិកបម្រើសេវាសុខាភិបាលអត់ច្បាប់ ៥ កន្លែង ក្នុងក្រុងដូនកែវនេះ ផ្ដើមចេញពី ក្រោយមានរឿងឃាតកម្មអចេតនា ចាក់ថ្នាំខុសបច្ចេកទេសរបស់ម្ចាស់គ្លីនិក សម្រាកព្យាបាល និងសម្ភព សុងហាក់ម៉ារីណា ស្ថិតនៅភូមិបឹងបញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែ បណ្តាលឱ្យស្ត្រីវ័យ៤១ឆ្នាំម្នាក់ស្លាប់បាត់បង់ជីវិត និងបានយកសពទៅប្លុងចោលមិនទទួលខុសត្រូវ ទើបដឹងថា គ្លីនិកខាង លើនេះ បើកបម្រើសេវាសុខាភិបាលដោយគ្មានច្បាប់អនុញ្ញាត, នេះជារឿងគួរឱ្យថ្កោលទោសខ្លាំងណាស់ ទាំងអ្នកប្រព្រឹត្តបើកគ្លីនិកអត់ច្បាប់ និងសមត្ថកិច្ចជំនាញនៃមន្ទីរសុខាភិបាលខេត្តតាកែវ, ហើយនៅពេលដឹងថា មានមនុស្សស្លាប់ក្នុងគ្លីនិកអត់ច្បាប់ខាងលើ ទើបខាងមន្ទីរសុខាភិបាលខេត្តតាកែវ លោតចេញមកស្ទុះស្ទារខំប្រឹងស្វែងរក និងធ្វើការត្រួតពិនិត្យទៅលើគ្លីនិកនីមួយៗ, នេះគេហៅថា គោរួចទើបធ្វើរបង ដល់ពេលប្រឡង ទើបខំរៀន… ប៉ុន្តែទោះជាយ៉ាងណា មនុស្សបានស្លាប់អសារបង់បាត់ទៅហើយ។
មហាជន ក៏ដូចជាមន្ត្រីរាជការក្នុងខេត្តតាកែវ បានសំណូមពរដល់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តតាកែវ មិនត្រឹមតែមានចំណាត់ការ វិធានការ ទៅលើម្ចាស់គ្លីនិកបម្រើសេវាសុខាភិបាលអត់ច្បាប់ទាំងនោះទេ, គួរណាស់តែមានវិធានការទៅលើប្រធានមន្ទីរសុខាភិបាលខេត្តតាកែវផងដែរ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN