Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ា ឆ្ពោះទៅបញ្ចប់អេដស៍”

ភ្នំពេញ ៖ សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៤ ។

ទិវានេះត្រូវបានប្រារព្ធឡើង ដើម្បីឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តជារួមរបស់ពិភពលោក ក៏ដូចជារាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ក្នុងការចូលរួមចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធក្នុងការប្រយុទ្ធទប់ស្កាត់ការរាលដាល នៃមេរោគអេដស៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីការគាំទ្រដល់អ្នកផ្ទុកមេរោគអេដស៍ និងអ្នករងផល ប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍ឱ្យទទួលបានសេវាថែទាំ ព្យាបាល និងសេវាគាំពារសង្គម ឆ្ពោះទៅ បញ្ចប់អេដស៍ឱ្យបានឆាប់បំផុត។

សម្តេចមហាបវរធិបតី បានថ្លែងថា វឌ្ឍនភាពដ៏ច្រើននៃការឆ្លើយតបនឹងមេរោគអេដស៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ ជាមួយនឹងវឌ្ឍនភាពនៃការការពារសិទ្ធិមនុស្ស។ បន្ថែមលើនេះ វឌ្ឍនភាពដែលសម្រេចបានក្នុងការឆ្លើយតបនឹងមេរោគ អេដស៍ និងជំងឺអេដស៍ ក៏បានធ្វើឱ្យមានវឌ្ឍនភាពកាន់តែប្រសើរក្នុងការអនុវត្តសិទ្ធិនៃការទទួលបានការថែទាំសុខភាព របស់ប្រជាជន និងការពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេស។

ឆ្លៀតក្នុងឱកាសនេះ សម្តេចបានថ្លែងអបអរសាទរចំពោះសមិទ្ធផល ដែលយើងសម្រេចបាន ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ដែលមានចំណុចសំខាន់ៗដូចខាងក្រោម៖ ១- នៅឆ្នាំ២០២៣កន្លងទៅនេះ ប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ថាមានអត្រាគ្របដណ្តប់សេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍រហូតដល់ចំនួន ៩៨% នៃអ្នកដែលបានធ្វើរោគវិនិច្ឆ័យ ដែលអត្រានេះខ្ពស់ជាងគេនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

២- ចំនួននៃការឆ្លងថ្មីបានធ្លាក់ចុះពី ១ ៤០០នាក់ ក្នុងឆ្នាំ២០២២ មកនៅត្រឹម ១ ២០០នាក់ នៅឆ្នាំ២០២៣។

៣- អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាដែលត្រូវបានរាប់បញ្ចូលក្នុងចំណោមប្រជាជនក្រីក្រ កំពុងទទួលបាននូវ ផលប្រយោជន៍នៃកម្មវិធីគាំពារសង្គមកាន់តែទូលំទូលាយ។ គិតពីពេលចាប់ផ្តើមអនុវត្តកម្មវិធីក្នុងត្រីមាស ទី១ ឆ្នាំ២០២២ រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៤ មានអ្នកផ្ទុកមេរោគអេដស៍សកម្មកំពុងទទួលបាន ការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ចំនួន ៤៦ ២០២នាក់ (ស្មើនឹង ៦៧%) នៃ ៦៩ ៤១៣នាក់ បានទទួលបណ្ណសមធម៌។

៤- ប្រទេសកម្ពុជា ជាប្រទេសឈានមុខមួយ ដែលកំពុងរៀបចំកម្មវិធីអេដស៍ប្រកបដោយភាពធន់ និងចីរភាព។

៥- ប្រទេសកម្ពុជាកំពុងពង្រឹងប្រព័ន្ធជាតិឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ សំដៅជំរុញចរន្តជាតិមួយ ដ៏មុតស្រួច ដោយបង្កលក្ខណៈឱ្យគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដំណើរការ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់លំដាប់ថ្នាក់ ជាមួយនឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ដៃគូអភិវឌ្ឍ អង្គការអន្តរជាតិ រួមទាំងអង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ។ ជាមួយនឹងសមិទ្ធផលខាងលើ យើងទាំងអស់គ្នាត្រូវខិតខំបន្ថែមទៀត ក្នុងការស្វែងរកអ្នកផ្ទុកមេរោគអេដស៍ ចំនួនប្រមាណជិត ៧ ០០០នាក់ ដែលមិនទាន់បានមកទទួលសេវាព្យាបាល និងខិតខំបញ្ចៀសកុំឱ្យមានការបោះបង់ ការព្យាបាលរបស់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ដែលកំពុងទទួលសេវាព្យាបាលថែទាំ។ ជាមួយគ្នានេះ ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវដើរតួនាទីនាំមុខ និងជាអ្នកសម្របសម្រួលកម្មវិធីបង្ការ ទប់ស្កាត់ ការរីករាលដាលនៃមេរោគអេដស៍ ដោយគ្មានការរើសអើងមាក់ងាយ និងផ្តោតការយកចិត្តទុកដាក់ ជាពិសេសចំពោះ ប្រជាជនគន្លឹះ រួមមានក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកបម្រើសេវាកម្សាន្តសប្បាយ អ្នកប្រើប្រាស់ គ្រឿងញៀន និងក្រុមយុវវ័យ ដែលត្រូវទាក់ទាញឱ្យមកធ្វើតេស្តរកមេរោគអេដស៍ ឱ្យបានច្រើនជាទីបំផុត។ ដើម្បីឈានទៅ សម្រេចជោគជ័យនៃការបង្ការ និងទប់ស្កាត់ការរីករាលដាលនេះ គ្រប់ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយប្រតិបត្តិករ ព្រមទាំងជាមួយសហគមន៍នៃប្រជាជនគន្លឹះទាំងអស់ ក្នុងការផ្តល់ មធ្យោបាយបង្ការ និងផ្សព្វផ្សាយសារសុវត្ថិភាពនៃការរួមភេទ ដូចជាការប្រើប្រាស់ស្រោមអនាម័យ ការប្រើឱសថបង្ការ មុនការប្រឈម (PrEP) ការប្រើឱសថបង្ការក្រោយការប្រឈម (PEP) និងការធ្វើតេស្តកមេរោគអេដស៍ជាដើម។ ទន្ទឹមនឹងនេះ យើងត្រូវរួមគ្នាធ្វើយ៉ាងណាបញ្ចប់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូនតាមមាគ៌ារបស់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។

“សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍” ទាមទារឱ្យប្រទេសជាសមាជិក ជាពិសេសប្រទេសកម្ពុជា ធ្វើសកម្មភាពកាន់តែមានប្រសិទ្ធភាពខ្ពស់ឆ្ពោះទៅសម្រេចគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ ដោយត្រូវលើក កម្ពស់គុណភាព និងស័ក្តិសិទ្ធភាពនៃសេវាព្យាបាល ថែទាំ ការធ្វើតេស្ត និងការបង្ការមេរោគអេដស៍។

ដើម្បីសម្រេចបាននូវការបញ្ចប់អេដស៍ ដែលកំពុងបន្តការគំរាមកំហែងដល់សុខភាពសាធារណៈ សម្តេចនាយករដ្ឋមន្ដ្រី បានលើកឡើងនូវចំណុចមួយចំនួនដូចខាងក្រោម៖

ទី១- អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ត្រូវបន្តដឹកនាំសម្របសម្រួល និងអនុវត្តគោលនយោបាយជាតិ បញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល ក្នុងស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់។

ទី២- គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ឃុំ សង្កាត់ ត្រូវចូលរួមគាំទ្រ និងអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល ឱ្យបានសកម្មជាទីបំផុត។

ទី៣- ក្រសួងសុខាភិបាលត្រូវពង្រីក ពង្រឹង និងពន្លឿនកម្មវិធីបង្ការ ក្នុងនោះរួមមានការជំរុញការប្រើប្រាស់ ស្រោមអនាម័យ កម្មវិធីប្រើឱសថបង្ការមុនការប្រឈម (PrEP) និងកម្មវិធីប្រើឱសថបង្ការក្រោយ ការប្រឈម (PEP) ជាដើម។

ទី៤- ក្រសួងសុខាភិបាលត្រូវខិតខំបញ្ចូលសេវាថែទាំព្យាបាលអ្នកផ្ទុកមេរោគអេដស៍ក្នុងប្រព័ន្ធសុខាភិបាល ដោយបង្កើនទីតាំងធ្វើតេស្ត យ៉ាងឆាប់រហ័ស។ និងទីតាំងផ្តល់សេវាថែទាំព្យាបាលជំងឺអេដស៍ឱ្យបានទូលំទូលាយ ។

ទី៥- ក្រសួងសុខាភិបាលត្រូវពង្រីក ពង្រឹង និងពន្លឿនកម្មវិធីថែទាំ និងព្យាបាលឱ្យសម្រេចបាននូវស្ថានភាពរក មេរោគមិនឃើញ (Undetectable) ចំពោះអ្នកផ្ទុកមេរោគអេដស៍ ដើម្បីកាត់បន្ថយការចម្លងមេរោគអេដស៍។

ទី៦- ក្រសួងសុខាភិបាលត្រូវសិក្សា និងចាត់វិធានការ ដើម្បីកាត់បន្ថយអត្រាចម្លងមេរោគអេដស៍ពីម្តាយទៅកូន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវដល់អង្គការដៃគូជាតិ និងអន្តរជាតិ សូមជួយគាំទ្រ ការពង្រឹងប្រព័ន្ធជាតិ តាមរយៈការបន្តផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងការងារឆ្លើយតបមេរោគអេដស៍ និង ជំងឺអេដស៍ក្នុងប្រទេស ក្រោមការដឹកនាំសម្របសម្រួលរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

សម្តេចក៏សូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវធ្វើការរួមគ្នាជាពហុវិស័យ សហការជិតស្និទ្ធជាមួយកាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល អង្គការ សង្គមស៊ីវិល វិស័យឯកជន ក្រុមអ្នកផ្ទុកមេរោគអេដស៍ ក្រុមប្រជាជនគន្លឹះ និងសហគមន៍ ដើម្បីលុបបំបាត់ការចម្លង មេរោគអេដស៍ និងយកជ័យជម្នះលើមេរោគអេដស៍ និងជំងឺអេដស៍។

ជាថ្មីម្តងទៀត សម្តេចក៏សូមឧទ្ទិសខ្លឹមសារ និងអត្ថន័យនៃទិវាពិភពលោកប្រយុទ្ធនី អេដស៍ ១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍” ឆ្ពោះទៅសម្រេចគោលដៅ ទាំងបី ដែលបានកំណត់ គឺគោលដៅទី១. កាត់បន្ថយករណីឆ្លងថ្មីនៃមេរោគអេដស៍ក្នុងរង្វង់ចំនួនជាង ២០០នាក់ ក្នុងមួយឆ្នាំ គោលដៅទី២. កាត់បន្ថយអ្នកស្លាប់ដោយសារជំងឺអេដស៍មកតិចជាងចំនួន ២០០នាក់ ក្នុងមួយឆ្នាំ និង គោលដៅទី៣. គ្មានការមាក់ងាយ រើសអើងអ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនគន្លឹះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×