ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីបំភ្លឺ៦ចំណុច សោកស្តាយចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកថា សេចក្តីសម្រេចនេះ មានលក្ខណៈបុរេវិនិច្ឆ័យ និងមិនបានផ្អែកលើមូលដ្ឋានជាក់ស្តែងពិតប្រាកដ ដែលអាចបង្កឱ្យមានការភ័ន្តច្រឡំក្នុងចំណោមសាធារណជនទូទៅ។
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានពិនិត្យដោយយកចិត្តទុកដាក់ និង មានការសោកស្តាយជាខ្លាំង ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ដោយមើលឃើញថា ខ្លឹមសារនៃសេចក្តីសម្រេចនេះ មានលក្ខណៈបុរេវិនិច្ឆ័យ និងមិនបានផ្អែកលើមូលដ្ឋាន ជាក់ស្តែងពិតប្រាកដ ដែលអាចបង្កឱ្យមានការភ័ន្តច្រឡំក្នុងចំណោមសាធារណជនទូទៅ ហេតុនេះ អ្នកនាំពាក្យ គ.ស.ម.ក. ចាំបាច់ត្រូវលើកឡើងនូវការពន្យល់លើចំណុចមួយចំនួន ដោយផ្អែកលើបរិបទជាក់ស្តែងក្នុងសង្គម កម្ពុជា ដូចខាងក្រោម៖
១. រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវឆន្ទៈក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សយ៉ាងច្បាស់ តាមរយៈការបញ្ចូលបទប្បញ្ញត្តិសិទ្ធិមនុស្សនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលរបស់កម្ពុជា ការចូលរួមយ៉ាងសកម្ម និងផ្តល់កិច្ចសហការយ៉ាងល្អជាមួយរាល់យន្តការសិទ្ធិមនុស្សនានារបស់អង្គការសហ ប្រជាជាតិ ការផ្តល់សច្ចាប័ននិងការទទួលយកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន ៨ ក្នុងចំណោម ៩ រួមទាំង ការអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) និងអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៣។ ២. ផ្អែកលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ តួយ៉ាងដូចជា មាត្រា២៩ (២) នៃសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស (UDHR) និងមាត្រា១៩ (៣) មាត្រា២០ និងមាត្រា២១ នៃកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ (ICCPR) ជាដើម សុទ្ធតែបានចែងយ៉ាងច្បាស់ថា ការប្រើប្រាស់សិទ្ធិសេរីភាព ទាំងអស់ត្រូវតែភ្ជាប់មកជាមួយនូវករណីយកិច្ចនិងការទទួលខុសត្រូវពិសេស ពោលគឺ ត្រូវស្ថិតនៅក្នុងព្រំដែន ដែលច្បាប់បានកំណត់។ នៅក្នុងសង្គមនីតិរដ្ឋ បុគ្គលទាំងឡាយណាដែលប្រើប្រាស់សិទ្ធិសេរីភាពហួសព្រំដែន ត្រូវតែប្រឈមមុខនឹងការអនុវត្តច្បាប់ ដែលការអនុវត្តនេះតែងតែកើតមានដូចៗគ្នានៅគ្រប់ប្រទេសទាំងអស់។ ជាក់ស្តែង វិធានការច្បាប់លើបុគ្គលមួយចំនួននៅក្នុងប្រទេសកម្ពុជា មិនមែនដោយសារការប្រើប្រាស់សិទ្ធិ សេរីភាព ឬការធ្វើសកម្មភាពក្នុងការការពារសិទ្ធិមនុស្សរបស់ពួកគេនោះទេ តែដោយសារអ្នកទាំងនោះ ត្រូវ បានតុលាការរកឃើញថា បានប្រព្រឹត្តល្មើសច្បាប់ដោយមានមូលដ្ឋានបញ្ជាក់រឹងមាំ ច្បាស់លាស់ និងមិនអាច ប្រកែកបាន។
៣. ការអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចទម្លាក់បទចោទ ឬដោះលែងបុគ្គល សកម្មជន ឬក្រុមណា មួយ មិនបានចូលរួមចំណែកក្នុងការពង្រឹងនីតិរដ្ឋ ដែលជាបំណងប្រាថ្នារបស់មនុស្សជាតិទូទៅនោះទេ។
ផ្ទុយទៅវិញ ទង្វើបែបនេះអាចនឹងជំរុញលើកទឹកចិត្តឱ្យមនុស្សមិនគោរពច្បាប់ ដែលនឹងនាំទៅដល់ការរំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គមជាតិ។ ហេតុដូច្នេះ មានតែការចូលរួមក្នុងដំណើរការនីតិវិធីជាធរមាន ប៉ុណ្ណោះ ទើបជាបុព្វហេតុដ៏ត្រឹមត្រូវ ហើយក៏ជាការបង្ហាញនូវចេតនាពិតប្រាកដក្នុងការការពារសិទ្ធិមនុស្ស មិនមែនការធ្វើបុរេវិនិច្ឆ័យ ឬសន្និដ្ឋានណាមួយ ដោយគ្រាន់តែផ្អែកលើបុគ្គល ឬក្រុមនោះជានរណា តែមិនបាន ផ្អែកលើអ្វីដែលពួកគេបានប្រព្រឹត្ត។ បើផ្អែកលើមាត្រា១១ នៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពី អ្នកការពារសិទ្ធិមនុស្ស ក៏បានចែងតម្រូវឱ្យអ្នកការពារសិទ្ធិមនុស្សទាំងអស់ ត្រូវតែគោរពសិទ្ធិសេរីភាពអ្នកដទៃ គោរពបទដ្ឋានជាតិ និងអន្តរជាតិស្តីពីវិន័យ ឬក្រមសីលធម៌វិជ្ជាជីវៈ ក្នុងពេលបំពេញការងាររបស់ខ្លួន។
៤. ការបារម្ភពីស្ថានភាពសិទ្ធិមនុស្ស តែបែរជាជំរុញឱ្យមានការរឹតត្បិត ឬការដាក់សម្ពាធលើការ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ដោយផ្អែកលើរបៀបវារៈនយោបាយ គឺផ្ទុយស្រឡះពីគោលការណ៍សិទ្ធិមនុស្ស ដែល កំណត់ថា សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ត្រូវដើរទន្ទឹមគ្នាជាមួយនឹងសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាមួយនឹងធានាឱ្យបានជាមុននូវសណ្តាប់ធ្នាប់សង្គម (សន្តិភាព)។ ក្នុងនាមជារដ្ឋសមាជិកអង្គការសហ ប្រជាជាតិ អធិបតេយ្យភាពរបស់កម្ពុជាត្រូវបានការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេស ការហាមចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ ប្រវត្តិសាស្ត្រកម្ពុជា បានបង្ហាញយើងយ៉ាងច្បាស់ ថា ដោយសារតែការអនុញ្ញាតឱ្យបរទេសជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន ទើបកម្ពុជាត្រូវជួបប្រទះ នូវសោកនាដកម្មដែលមិនអាចកាត់ថ្លៃបាននាពេលកន្លងមក។ ហេតុនេះ កម្ពុជាត្រូវតែប្រកាន់ខ្ជាប់តាមស្មារតី នៃធម្មនុញ្ញ អង្គការសហប្រជាជាតិ ហើយប្រទេសដទៃទៀតក៏ត្រូវគោរពតាមគោលការណ៍ទាំងនោះផងដែរ។
៥. ការណ៍ដែលគ្រាន់តែផ្អែកលើសិទ្ធិយោបាយរបស់បុគ្គលល្មើសច្បាប់មួយក្រុមតូច ហើយធ្វើការ វាយតម្លៃបែបអវិជ្ជមានលើលប្អូនយោបាយជាទូទៅក្នុងប្រទេសមួយ មិនបានឆ្លុះបញ្ចាំងពីគោលការណ៍ប្រជា ធិបតេយ្យ ដែលតម្រូវឱ្យការសម្រេចចិត្តត្រូវផ្អែកលើមតិភាពច្រើននោះទេ ហើយក៏ជាការមើលស្រាលដល់ គណបក្សនយោបាយប្រមាណជិត៥០ ដែលបានចុះបញ្ជី និងគណបក្សនយោបាយដែលបានចូលរួមយ៉ាង សកម្មក្នុងការបោះឆ្នោតទាំងសកលនិងអសកលក្រោមបរិយាកាសសេរីនិងយុត្តិធម៌។ ការវាយតម្លៃបែបនេះ ក៏ជាការមើលរំលងចំពោះការលះបង់បំពេញការងារដោយឯករាជ្យរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ រាប់ពាន់នាក់ រួមទាំងឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលបានចេញទៅប្រើប្រាស់សិទ្ធិសេរីភាពរបស់ ខ្លួន ក្នុងការជ្រើសរើសគណបក្សនយោបាយដែលខ្លួនស្រឡាញ់ពេញចិត្តដោយសេរី។
៦. លម្អអង្គការសង្គមស៊ីវិល ក៏ដូចជាលម្អរបស់សហជីព ក៏មានលក្ខណៈទូលំទូលាយ ដែលគេអាច មើលឃើញតាមរយៈវត្តមានចម្រុះនិងតួនាទីដ៏រស់រវើករបស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិប្រមាណ ជាង៦ពាន់ អង្គការវិជ្ជាជីវៈក៏មានជាង៦ពាន់ និងអង្គភាពសារព័ត៌មានប្រមាណ២ពាន់ ដែលកំពុងប្រតិបត្តិការ ដោយគ្មានការរឹតត្បិតនិងការត្រួតពិនិត្យជាមុន។ ទន្ទឹមនឹងនេះ ក្រុមការងាររាជរដ្ឋាភិបាលបានបន្តពិភាក្សាជាមួយ តំណាងអង្គការសង្គមស៊ីវិល ដើម្បីពិនិត្យមើលខ្លឹមសារវិសោធនកម្មលើមាត្រាចំនួន១៦ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយក្នុងនោះភាគីទាំងពីរបានឯកភាពគ្នាលើខ្លឹមសារវិសោធនកម្មចំនួន៩ មាត្រា ហើយបាននិងកំពុងបន្តពិនិត្យពិភាក្សាលើខ្លឹមសារនៃមាត្រាចំនួន៧ទៀត។
អ្នកនាំពាក្យ គ.ស.ម.ក. មានជំនឿយ៉ាងមុតមាំថា គណៈកម្មការអឺរ៉ុប និងសហភាពអឺរ៉ុប នឹងធ្វើការ វិនិច្ឆ័យប្រកបដោយការយោគយល់ និងផ្តល់យុត្តិធម៌ដល់ប្រទេសកម្ពុជា ដោយផ្អែកលើស្ថានភាពនិងបរិបទ ជាក់ស្តែងនៅក្នុងប្រទេស ព្រមទាំងផ្តល់តម្លៃដល់កិច្ចខិតខំរបស់អាជ្ញាធរកម្ពុជា ក្នុងការថែរក្សាសន្តិភាពដែល រកបានដោយលំបាក និងការចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការទាំងតំបន់និងអន្តរជាតិ។ ជាក់ស្តែង នៅក្នុង ពិភពលោកនេះ មិនធ្លាប់មានការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សណាមួយធ្វើឡើងតាមរយៈការដាក់ ទណ្ឌកម្មនោះទេ ពោលគឺ មានតែការជួយជ្រោមជ្រែងក្នុងការថែរក្សាសន្តិភាព និងការជួយជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចប៉ុណ្ណោះ ទើបជាការយកចិត្តទុកដាក់ចំពោះសិទ្ធិមនុស្សពិតប្រាកដ។ ទោះបីជាយ៉ាងណា កម្ពុជា ត្រូវតែប្រកាន់ខ្ជាប់តាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយមិនដោះដូរអធិបតេយ្យភាព ជាតិរបស់ខ្លួនជាមួយនឹងការអនុគ្រោះណាមួយឡើយ។ ការណ៍នេះ សូមសហគមន៍អន្តរជាតិ និងប្រជាជាតិ ខ្មែរទាំងអស់មានការយោគយល់ ព្រោះថា ការដោះដូរអធិបតេយ្យភាពជាតិជាមួយនឹងការអនុគ្រោះណាមួយ មិនប្រាកដថា យើងនឹងមានឱកាសទទួលបានផលពីការអនុគ្រោះទាំងនោះនោះទេ ដូចដែលយើងបានឃើញ ស្រាប់បញ្ហាដែលកំពុងកើតមានក្នុងប្រទេសមួយចំនួននាពេលបច្ចុប្បន្ននេះ ដោយសារការជ្រៀតជ្រែករបស់ បរទេសចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសទាំងនោះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី