ភ្នំពេញ ៖ នៅថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា អ.ដ.ក. បានដោះស្រាយបញ្ចប់វិវាទដោយជោគជ័យចំនួន ៤ ករណី ដែលជាវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ និងវិវាទដីធ្លីរ៉ាំរ៉ៃ។
វិវាទទី១- គឺជាវិវាទដីធ្លីរ៉ាំរ៉ៃ ដែលអូសបន្លាយអស់រយៈពេល ១៦ ឆ្នាំ ដោយភាគីទាំងពីរបានអះអាងពីសិទ្ធិរៀងៗខ្លួនលើដីវិវាទមួយកន្លែង ស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ វិវាទដីធ្លីដ៏រ៉ាំរ៉ៃនេះ ធ្លាប់ត្រូវបានគូភាគីព្យាយាមរកដំណោះស្រាយ នៅស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នតុលាការតែមិនទទួលបានជោគជ័យ។ ក្រោយមក នៅអំឡុងខែកក្កដា ឆ្នាំ២០២៤ នេះ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ ហេីយត្រូវបានមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក សេក សុវណ្ណ,លោក សុក ហៃ, និងលោក ឡាយ អូន ធ្វើការសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃនេះ បានដោយជោគជ័យ។
វិវាទទី២- គឺជាវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ របស់ប្រជាពលរដ្ឋរស់នៅស្រុកបាទី ខេត្តតាកែវ។ វិវាទកិច្ចសន្យាខ្ចីប្រាក់នេះ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យា តាំងពីឆ្នាំ២០២៣ ដោយកន្លងមក គូភាគីបានព្យាយាមរកដំណោះស្រាយវិវាទ ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ។ ក្រោយមក នៅអំឡុងខែសីហា ឆ្នាំ២០២៤ នេះ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ ហេីយត្រូវបានមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ហង់ ហ៊ីដ្រា និងលោក ទិត ឡាយ ធ្វើការសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទកិច្ចសន្យាខ្ចីប្រាក់នេះ បានដោយជោគជ័យ។
វិវាទទី៣- គឺជាវិវាទដីធ្លីរ៉ាំរ៉ៃមួយទៀត ដែលអូសបន្លាយអស់រយៈពេល ២៧ ឆ្នាំ ដោយភាគីទាំងពីរបានអះអាងពីសិទ្ធិរៀងៗខ្លួនលើដីវិវាទមួយកន្លែង ស្ថិតនៅភូមិជ្រៃ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។ វិវាទដីធ្លីនេះ ធ្លាប់ត្រូវបានគូភាគីព្យាយាមរកដំណោះស្រាយ នៅថ្នាក់ភូមិ ថ្នាក់ឃុំ ថ្នាក់ស្រុក និងបានដាក់ពាក្យអន្តរាគមន៍ទៅស្ថាប័នមានសមត្ថកិច្ច ប៉ុន្តែភាគីវិវាទនៅតែមិនអាចបញ្ចប់វិវាទជាមួយគ្នាបាន។ ក្រោយមក នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នេះ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ ហេីយត្រូវបានមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោកស្រី ពេជ ចរិយា, លោក ហួរ សុវឌ្ឍនា, និងលោក សៅ ព្រឿង ធ្វើការសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃនេះ បានដោយជោគជ័យ។
វិវាទទី៤- គឺជាវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ របស់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ។ វិវាទកិច្ចសន្យាខ្ចីប្រាក់នេះ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យា តាំងពីឆ្នាំ២០២៣ ដោយកន្លងមក គូភាគីបានព្យាយាមរកដំណោះស្រាយវិវាទ ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ។ ក្រោយមក នៅអំឡុងខែឧសភា ឆ្នាំ២០២៤ នេះ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ ហេីយត្រូវបានមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ម៉ែន វណ្ណរិទ្ធ, លោក ង៉ាក់ ប៊ុនធី និងលោក លី សុភាព ធ្វើការសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទកិច្ចសន្យាខ្ចីប្រាក់នេះ បានដោយជោគជ័យ។
សូមគូសបញ្ជាក់ថា ការសម្រុះសម្រួលផ្សះផ្សាវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក. គឺធ្វើឡើងដោយផ្អែកតាមការព្រមព្រៀងដោយការស្ម័គ្រចិត្ត និងដោយសេរីរបស់គូភាគី និងដោយគ្មានការសម្រេចសេចក្តីដោយបង្ខំណាមួយឡើយ។ ផ្អែកតាមច្បាប់ កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដែលធ្វើទ្បើងក្នុងក្របខ័ណ្ឌ អ.ដ.ក. មានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការផងដែរ។
ចំណែកនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ឌី បូរីម៉ា, លោក ស៊ូ ណារ៉ាត និងលោកស្រី ណុំ សុខហ៊ុន បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងការទាមទារការទទួលខុសត្រូវលើការបង្កឱ្យខូចខាតទ្រព្យសម្បត្តិ បានដោយជោគជ័យ។
សំណុំរឿងវិវាទនេះ កើតចេញពីការទាមទារសំណងលើការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិមួយចំនួន ដោយការធ្វេសប្រហែសរបស់ភាគីម្ខាង ដោយកន្លងមក គូភាគីបានព្យាយាមរកដំណោះស្រាយវិវាទ ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ។ ក្រោយមក នៅអំឡុងខែតុលា ឆ្នាំ២០២៤ នេះ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។
អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី