សៀមរាប៖ នៅព្រឹកថ្ងៃអាទិត្យទី១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ នៅរមណីយដ្ឋានអង្គរ។
ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ ចែកចេញជា៤វិញ្ញាសា រួមមាន៖ វិញ្ញាសាចម្ងាយ៣គីឡូម៉ែត្រ វិញ្ញាសា ៥គីឡូម៉ែត្រ វិញ្ញាសា ១០គីឡូម៉ែត្រ និងវិញ្ញាសា ២១គីឡូម៉ែត្រ។
យោងតាមរបាយការណ៍ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ មានអ្នកចូលរួមសរុបប្រមាណ ១៤,៣៧០នាក់ ចំនួននេះ កើនជាង៣០ភាគរយ បើធៀបជាមួយនឹងព្រឹត្តិការណ៍ឆ្នាំ២០២៣។ បើធៀបជាមួយឆ្នាំ១៩៩៦ ដែលជាឆ្នាំចាប់ផ្តើមនៃព្រឹត្តិការណ៍នេះ គឺខុសគ្នារហូតដល់ទៅ២៨ដង។
របាយការណ៍ បានឱ្យដឹងផងដែរថា ចំនួនអ្នកចូលរួមរត់នៅឆ្នាំនេះ មានអត្តពលិកអន្តរជាតិសរុបជាង ៤ពាន់នាក់ មកពី៨៧ប្រទេស។ ក្នុងនោះប្រទេសដែលមានអត្តពលិកចុះឈ្មោះចូលរួមរត់ប្រណាំងច្រើនជាងគេរួមមាន៖ អង់គ្លេស អូស្ត្រាលី បារាំង ជប៉ុន សហរដ្ឋអាមេរិក ចិន ម៉ាឡេស៊ី សឹង្ហបុរី ហុងកុង និងថៃ។
ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩នេះ ក៏មានការចូលរួមពីអត្តពលិកមានពិការភាពផងដែរ។ វិញ្ញាសាសម្រាប់អត្តពលិកមានពិការភាព រួមមាន៖ វិញ្ញាសាប្រណាំងរទេះជនមានពិការភាពចម្ងាយ ២១គីឡូម៉ែត្រ មានចំនួន២៣នាក់,វិញ្ញាសារត់ប្រណាំងជនពិការជើងចម្ងាយ១០គីឡូម៉ែត្រ ចំនួន២៣នាក់, វិញ្ញាសារត់ប្រណាំងជនពិការដៃចម្ងាយ ១០គីឡូម៉ែត្រ ចំនួន២៣នាក់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី