វប្បធម៌ខ្មែរបានគ្របដណ្ដប់លើជនជាតិភាគតិចជាច្រើនក្រុមដែលបានរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនសតវត្សកន្លងទៅហើយ។ ឥទ្ធិពលចិនមកលើអរិយធម៌ខ្មែរមានដូចជា សិល្បៈ ម្ហូបអាហារ ម៉ូតសម្លៀកបំពាក់និងភាសា។
ផ្ទុយពីប្រទេសវៀតណាម ដែលទទួលឥទ្ធិពលស្ទើរតែទាំងអស់ពីវប្បធម៌ចិន ឥទ្ធិពលវប្បធម៌ចិនមកលើវប្បធម៌ខ្មែរមានលក្ខណៈជាការខ្ចីគ្នា(បន្ដិចម្ដងៗ)តែប៉ុណ្ណោះ។ លោកហង់រី ម៉ាហ្សាល (Henri Marchal) ដែលធ្លាប់ជាអ្នកអភិរក្សអង្គរអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ បានអះអាងថា ឥទ្ធិពលចិនមកលើសិល្បៈខ្មែរមានតាំងពីសម័យអង្គររហូតមកដល់ដើមសតវត្សទី២០ (ហង់រី ម៉ាហ្សាល ឆ្នាំ១៩៣៦ ទំ.ទី៩-១០)។ លោក ហ្សក ហ្រូ្គលីយ៉េ (George Groslier) ដែលជាអ្នកស្រាវជ្រាវនិងជាមន្ដ្រីរបស់អាណានិគម បានធ្វើចំណាប់អារម្មណ៍លើសារសំខាន់របស់កម្មករចិននៅប្រទេសកម្ពុជានៅក្នុងសម័យកណ្ដាល(មជ្ឈិមសម័យ)។ ហើយលោក វិចទឺ ហ្គូលូបឺវ (Vitor Goloubew) ដែលជាអ្នកធ្វើការនៅសាលាបារាំងចុងបូព៌ា បានសន្និដ្ឋានថា សិល្បករចិនប្រហែល ជាបានឆ្លាក់ក្បាច់ចម្លាក់លេចទាំងឡាយនៅលើជញ្ជាំងដែលបែរមុខមកទិសខាងជើងនៃល្វែងខាងកើតប្រាង្គប្រសាទអង្គរវត្ត (វិចទឺ ហ្គូលូបឺវ ឆ្នាំ១៩២៤ ទំ.ទី៥១៣- ៥១៩)។ លោក វៀល មត់ត៌ អះអាងថា រូបចម្លាក់ទាំងនេះបានឆ្លាក់ឡើងនៅ៤០០ឆ្នាំក្រោយពីការកសាងគ្រឹះអង្គរ ហើយបានភ្ជាប់ចម្លាក់ទាំងនេះទៅនឹងការរីកដុះដាលនៃសហគមន៍ចិននៅភ្នំពេញនាសម័យថ្មី (វៀលមត់ត៌ ឆ្នាំ១៩៦៦ ទំ.ទី២០) ។ពាក្យខ្ចីមកពីភាសាចិនក្នុងភាសាខ្មែរប្រចាំថ្ងៃទាក់ទងនឹងសម្លៀកបំពាក់ គ្រឿងសង្ហារិម និងម្ហូបអាហារ ដែលជាសញ្ញាណបញ្ជាក់ឱ្យឃើញបន្ថែមទៀតអំពីឥទ្ធិពលចិនមកលើប្រទេសខ្មែរ (Saverous & Jenner, 1973 Nepote, 1994) ។សម្លៀកបំពាក់សម្រាប់តួអង្គយក្សនៅក្នុងល្ខោនខ្មែរកាលពីសម័យមុនមានលក្ខណៈជាខ្មែររហូតមកដល់សតវត្ស១៩ ប៉ុន្ដែនៅសតវត្សទី២០ សម្លៀកបំពាក់នេះមានលក្ខណៈជារបៀបចិនច្រើនជាង។
ខណៈពេលដែលចំនួននៃការរៀបអាពាហ៍ពិពាហ៍រវាងជនជាតិចិននិងខ្មែរ ព្រមទាំងការផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមក បានបង្ហាញឱ្យឃើញអំពីចរិតនៃការពេញចិត្ដលើវប្បធម៌ចិននោះ មានសំណេរពាក្យកាព្យនិងរឿងនិទានខ្មែរជាច្រើននៅសតវត្សទី២០ បង្ហាញអំពីជនជាតិចិនថាជាអ្នកគួរឱ្យខ្លាច និងច្រណែន។ តួអង្គចិននៅក្នុងរឿងប្រពៃណីខ្មែរតែងតែតំណាងតួអង្គដែលមានអំណាច មានល្បិចនិងជាអ្នកលោភលន់។លោក ក្រម ង៉ុយ ដែលជាកវីខ្មែរដ៏ល្បីល្បាញម្នាក់នៅដើមសតវត្សទី២០ តែងតែសូត្រកំណាព្យពីភូមិមួយ ទៅភូមិមួយ ដោយដាស់តឿនឱ្យកូនខ្មែររៀនលេខគណិត ចេះធ្វើជំនួញចិញ្ចឹមជីវិតនិងដើម្បីការពារខ្លួនកុំឱ្យមានការកេងប្រវញ្ចពីសំណាក់ឈ្មួញនិងអ្នករកស៊ីចងការប្រាក់ជនជាតិចិន។ លោកក្រម ង៉ុយ បានបន្លឺថា៖
ជនជាតិខ្មែរឥតគំនិត ស៊ីមិនគិតមើលខុសត្រូវ
ជឿចិនរាល់រដូវ កេរម៉ែឳចិនអូសអស់។
ទោះជាយ៉ាងណាក៏ដោយ ការព្រួយបារម្ភរបស់លោកតា ក្រម ង៉ុយ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញផងដែរនូវការកោតសរសើរ របស់គាត់អំពីការឧស្សាហ៍ព្យាយាម និងអំណត់ក្នុងការរកស៊ីចិញ្ចឹមជីវិតរបស់ជនជាតិចិន។ តាមពិត ជនជាតិចិននៅប្រទេស កម្ពុជាមិនមែនកើតមកសុទ្ធតែមានទ្រព្យសម្បត្ដិស្រាប់នោះទេ៖
ចិនមកពីស្រុកនាយ មានសំពាយជារបស់
មិនទាន់ចេះខ្មែរសោះ គ្មានកេរកោះស្រែចម្ការ។
អត្ថបទទាំងនេះត្រូវបោះពុម្ពផ្សាយនៅក្នុងឆ្នាំ១៩៣៧ របស់កាសែតភាសាខ្មែរដំបូងឈ្មោះនគរវត្ដ បានលើកយកនូវគំនិត ប៉ិនប្រសប់និងឧស្សាហ៍របស់ជនជាតិចិនថា មានតួនាទីជាគំរូសម្រាប់អភិវឌ្ឍន៍ប្រទេសខ្មែរ។ អត្ថបទនេះបានកត់សម្គាល់អំពី របៀបដែលប្រជាជនចិនជាច្រើនធ្វើដំណើរមកកម្ពុជាដោយបាតដៃទទេ (គ្មានដើមទុនរកស៊ីឡើយ) ប៉ុន្ដែពួកគេមានតែសម្លៀក បំពាក់មួយចង្កេះ កន្ទេលមួយ និងខ្នើយមួយប៉ុណ្ណោះ។ បន្ទាប់មកមិនយូរប៉ុន្មាន គឺប្រហែលជា១០ ឬ២០ឆ្នាំ ពួកគេបានបង្កើត មុខរបរជំនួញធំៗដោយខ្លួនឯង។ អត្ថបទនោះក៏បានអះអាងផងដែរថា ជនជាតិខ្មែរមានប្រាជ្ញាមិនចាញ់ជនជាតិចិនឡើយ ប៉ុន្ដែអ្វីដែលសំខាន់ គឺការខិតខំធ្វើការងារដោយអំណត់ និងការចេះរៀបចំរបៀបរបបសង្គមដែលខ្លួនរស់នៅ។ អត្ថបទនោះ ក៏បានជំរុញឱ្យជនជាតិខ្មែរយកគំរូតាមជនជាតិចិន(កាសែតនគរវត្ដឆ្នាំ១៩៣៧) ។ អត្ថបទកំណាព្យមួយដែលនិយាយអំពី ប្រពៃណីខ្មែរមានឈ្មោះថា ច្បាប់ប្រុស ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ព.ស ២៥០៩ បានក្រើនរំលឹកដល់ជនជាតិខ្មែរថា៖
ពីព្រឹកស្លៀកហូលជរ ល្ងាចស្លៀកសខ្វះចងក្បិន
ពីព្រឹកត្បកក្បាលចិន ល្ងាចមិនទាន់ចិនដាក់ខ្នោះ។
ជួនកាលវាចងជើង ព្យួរខ្ពស់ឡើងក្បាលដាំចុះ
ភ្នែកស្លឹងតឹងក្រញុះ វាទារប្រាក់ឱ្យបានឆាប់។
មើលមុខល្អតិចអី្វ មិនខ្មាសស្រីផ្សារឈរស្ដាប់
មុខមិញដូចគេស្លាប់ មាត់ស្ញេញស្ញាញពេបដូចក្មេង។
ស្រែកថ្ងូរអះអុយអើយ អាចិកអើយអាណិតលែង
អញរកប្រាក់ឱ្យឯង ឱ្យអាចិកស្អែកនេះបាន។
ដូចមានសុភាសិតមួយបានចែងថា «កុំឈ្លោះជាមួយស្រី ហើយកុំក្ដីជាមួយចិន»។ សុភាសិតនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា ជនជាតិចិនគឺជាអ្នកដែលមានឥទ្ធិពលនិងល្បិចកលច្រើន ដែលតែងតែមានវិធីទប់ទល់ជាមួយនឹងជនជាតិខ្មែរ។ រឿងនិទានខ្មែរដែលមានប្រជាប្រិយមួយឈ្មោះថា រឿងធនញ្ជ័យ បានឆ្លុះបញ្ចាំងឱ្យឃើញពីការផ្ទុយគ្នាខ្លះទៅនឹងខ្លឹមសារ ខាងលើ ដែលថាអ្នកប្រាជ្ញចិន ហោរា និងអធិរាជចិន បានចាញ់ប្រាជ្ញាធនញ្ជ័យម្ដងហើយម្ដងទៀត។ ប៉ុន្ដែរឿងធនញ្ជ័យ ក៏បានបង្ហាញអំពីការផ្លាស់ប្ដូរខាងផ្នែកវប្បធម៌ជាមួយចិន និងនិយាយអំពីភាសាចិនជាលក្ខណៈកំប្លែងដែរ។ នៅក្នុងវគ្គមួយ ធនញ្ជ័យ បានចាប់ក្ដាមជ្រលក់ទៅក្នុងទឹកខ្មៅ រួចដាក់ក្ដាមទាំងនោះឱ្យវារនៅលើក្រដាស ហើយយកក្រដាសនេះឱ្យអ្នកប្រាជ្ញ ចិនអាន។ រហូតដល់សព្វថ្ងៃនេះ ទាំងជនជាតិចិនខ្មែរ និងជនជាតិចិននៅកម្ពុជាមើលឃើញថាអក្សរចិនដូចជើងក្ដាម។ (សូមមើលអត្ថន័យបកប្រែសង្ខេបរឿងក្នុងឧបសម្ព័ន្ធ ចំណុច A)។
មានរឿងនិទានខ្មែរជាច្រើនបានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចុះសម្រុងគ្នាក្នុងការទាក់ទងរវាងចិននិងខ្មែរ ហើយនិងទំនាក់ទំនង រវាងជនជាតិភាគតិចទាំងឡាយនៅកម្ពុជា។ ប្រជាជននិងព្រះសង្ឃ បានប្រាប់យើងអំពីរបៀបដែលបេសកជនចិនសង់ព្រះវិហារ ចិនដ៏ធំមួយនៅលើកំពូលភ្នំអដ្ឋរស្ស(ដែលគេស្គាល់ថាជាភ្នំព្រះរាជទ្រព្យ) នៅឧត្ដុង្គក្នុងរជ្ជកាលព្រះបាទអង្គឌួង ដែលបានអនុញ្ញាតឱ្យសិប្បករចិនមកតាំងលំនៅ និងបង្កើតសហគមន៍ចិននៅឧត្តុង្គ។ តាមប្រវត្តិសាស្ដ្រមានរឿងនិទានពីរ ដែលគេបាននិយាយតៗគ្នាថា ព្រះវិហារនៅក្នុងបរិវេណវត្តនគរនៅខេត្ដកំពង់ចាម ប្រហែលជាបានសាងសង់ឡើងនៅ សតវត្សទី១៣ ហើយមានទំនាក់ទំនងទៅនឹងស្ដេចខ្មែរ គឺព្រះបាទស្រីគន្ធរបទ ឬព្រះបាទជយវរ្ម័នទី៧ ដែលព្រះអង្គបានសង់ប្រាសាទនេះជាសេចក្ដីតបស្នងសងគុណដល់ជនជាតិចិនដែលបានជួយសង្គ្រោះជីវិតព្រះអង្គ(សូមមើលឧបសម្ព័ន្ធចំណុច B&d)។
រឿងនិទានដំបូងៗទាំងឡើយបានបង្ហាញឱ្យឃើញថា ជនជាតិខ្មែរមិនមានការភ័យខ្លាចជនជាតិចិនថាជាកងកម្លាំងពង្រីកទឹកដី របស់រដ្ឋាភិបាលបរទេសឡើយ។ ប៉ុន្ដែសេចក្ដីភ័យខ្លាចបែបនេះ បានកើតមានឡើងបន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមបារាំង ហើយចាប់ផ្ដើមកសាងជាតិឡើងវិញ និងនៅពេលដែលប្រទេសចិនមានការបង្រួបង្រួមគ្នាយ៉ាងរឹងមាំ បន្ទាប់ពីសង្គ្រាមស៊ីវិលបានចប់ទៅ ពិសេសនៅពេលដែលលោកម៉ៅ សេទុង បានទទួលជ័យជម្នះនៅឆ្នាំ១៩៤៩៕
លីសា